រាជធានី – ខេត្ត ២៥ទូទាំងប្រទេស ទទួលបានថាបប្លែត (Tablet) ពីរដ្ឋាភិបាលអាឡឺម៉ង់ តាមរយៈអង្គការ GIZ

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ ៖ ថាបប្លែត (Tablet) ចំនួន ៥១៥គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជន អាឡឺម៉ង់ តាមរយៈអង្គការ GIZ គាំទ្រដោយគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ហៅកាត់ថា ម៉ូសេហ្វូ (MUSEFO) ត្រូវបានប្រគល់ជូនក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបបត្ថម្ភថ្នាក់រាជធានី ខេត្ត ទាំង២៥ ទូទាំងប្រទេស និងមន្រ្តីបង្គោលថ្នាក់ស្រុក ប្រើប្រាស់ប្រមូលទិន្នន័យសន្តិសុខស្បៀងថ្នាក់ក្រោមជាតិ ដើម្បីបង្កើតប្រព័ន្ធប្រុងប្រយ័ត្ន និងមានវិធានការឆ្លើយតប ដោះស្រាយឱ្យចំគោលដៅ និងទាន់ពេលវេលា។ ពិធីប្រគល់ទទួលនេះ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ តុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ឯកឧត្តម ស្ទេហ្វាន មេសេរឺ (Stefan Messerer) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា រួមនឹង ឯកឧត្ដម លោកជំទាវ តំណាងក្រសួងពាក់ព័ន្ធ និងលោក លោកស្រី តំណាងអង្គការដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលចូលរួមផងដែរ។

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានសហការជាមួយអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍បានបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់ រាជធានី -ខេត្ត ស្ទើរគ្រប់រាជធានី ខេត្ត ហើយបានចុះបណ្តុះបណ្តាលដល់បណ្តាស្រុកនានាទូទាំងប្រទេសដើម្បីបញ្ចៀបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទៅក្នុងផែនការអភិវឌ្ឍន៏ឃុំ សង្កាត់។

ឯកឧត្តម ស្ទេហ្វាន មេសេរឺ (Stefan Messerer) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា និងលោក ហ្គាន់ថឺ រីកម៉ាឆឺ (Gunter Riethmacher) នាយកអង្គការ GIZ ប្រចាំកម្ពុជា បាន បញ្ជាក់ថា ការផ្តល់ ថាបប្លែត ដល់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់រាជធានី ខេត្ត គឺដើម្បីប្រមូលទិន្នន័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិ ដើម្បីជាជំនួយដល់ការរៀបចំផែនការអភិវឌ្ឍន៍ ការវិនិយោគឃុំ សង្កាត់ ប្រកបដោយភាពជាក់លាក់ និងនិរន្តរភាព។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹមឆៃលី បានថ្លែងអំណរគុណដល់អង្គការ GIZ ដែលបានគាំទ្រគម្រោង ម៉ូសេហ្វូ (MUSEFO) ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធជួយដល់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា រួមទាំងគម្រោងការពង្រឹងភាពធន់នឹងអាកាសធាតុក្រោមគំនិតផ្តួចផ្តើមពិសេសស្តីពីពិភពលោកមួយគ្មានភាពស្រេកឃ្លានរបស់ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសហព័ន្ធអាល្លឺម៉ង់។
ទន្ទឹមនេះ គម្រោង ម៉ូសេហ្វូ (MUSEFO) បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងភាពអត់ឃ្លាននៅកម្ពុជា ជាពិសេសផ្តោតការយកចិត្តទុកដាក់ ទៅលើការលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភរបស់កុមារ និងស្រ្តីក្នុងវ័យបន្តពូជ ការបណ្តុះបណ្តាលតាមស្រុកនានានៅទូទាំងប្រទេស ដើម្បីបញ្ជ្រាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទៅក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ ការអនុវត្តផែនការសកម្មភាពនានា នៅក្នុងយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅកម្ពុជាឆ្នាំ២០៣០៕ (ប្រភព៖គណរដ្ឋមន្រី្ត)

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner