ម្ចាស់សិប្បកម្មក្នុងស្រុកទទួលបានការជួយជ្រោមជ្រែងច្រើន ក្រោយចូលរួមក្នុងវេទិកា «ភូមិមួយផលិតមួយ»
ភ្នំពេញ៖វេទិកា «ភូមិមួយផលិតផលមួយ» ដែលជាវេទិកាផ្គូរផ្គងរវាងអ្នកលក់ និងអ្នកទិញ បាននិងកំពុងធ្វើឡើងជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តនានា ដើម្បីផ្សព្វផ្សាយ និងស្វែងរកទីផ្សារជូនផលិតផលដែលផលិតបានក្នុងស្រុក។ ដោយឡែកកាលពីថ្ងៃទី ២៧ខែតុលាកន្លងទៅ វេទិកានេះបានប្រារព្ធឡើងនៅរាជធានីភ្នំពេញផ្ទាល់ដោយមានការចូលរួមយ៉ាងច្រើនកុះករ។
ម្ចាស់សិប្បកម្មមួយរូបដែលបានចូលរួមតាំងផលិតផលរបស់ខ្លួនក្នុងវេទិកានេះផងដែរ បានបង្ហាញសេចក្ដីរីករាយ ព្រោះលោកយល់ថាអាជីវកម្មរបស់ខ្លួនទទួលបានការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធនៅក្នុងស្រុក ដែលធ្វើឱ្យលោកមានការកក់ក្ដៅក្នុងចិត្ត។
លោក ម៉ៅ ចន្ទ័តារា ដែលជាម្ចាស់សិប្បកម្មតារាហ្វូតបានរៀបរាប់ថាខ្លួនតែងតែឆ្លៀតចូលរួមយកផលិតផលទៅដាក់តាំងនៅពេលមានវេទិកា«ភូមិមួយផលិតផលមួយ» ម្ដងៗ។ ប៉ុន្តែលើកនេះ ដោយធ្វើនៅក្រុងភ្នំពេញស្រាប់ ការចំណាយលើការធ្វើដំណើរត្រូវបានកាត់បន្ថយ ហើយផលិតផលរបស់លោកទៀតសោតក៏ទទួលបានការចាប់អារម្មណ៍ច្រើនគួរសម។
សិប្បកម្មដែលផ្ដោតលើការផលិតប្រេងដូង ប្រេងល្ងខ្មៅ ប្រេងសណ្ដែកដី ប្រេងសណ្ដែកផ្កាយ មិនសូវមានអ្នកស្គាល់ច្រើនប៉ុន្មានទេ ដោយហេតុថាជាផលិតផលថ្មី ប៉ុន្តែតាមរយៈការចូលរួមពិព៍ណ៍ប៉ុន្មានលើកមកនេះ លោកសង្កេតឃើញមានការស្គាល់កាន់តែច្រើនពីសំណាក់ប្រជាជនទូទៅ និងអ្នកលក់ដូចគ្នា។
លោក ម៉ៅ ច័ន្ទតារា រៀបរាប់ថា៖ «ដាក់តាំងម្សិលមិញនេះ មានអ្នកសួររកច្រើន ដោយសារមានអ្នកស្គាល់គួរសម ក្រៅពីនោះមានអ្នកភ្លក់ផលិតផល តែខ្ងី ផ្សេងៗទៀតដែរ សរុបទៅអាចលក់ដាច់ល្មម»។
លោកបញ្ជាក់ផងដែរ អំពីស្ថានភាពអាជីវកម្មរបស់លោកដោយបច្ចុប្បន្ននេះមានការជួយជ្រោមជ្រែងច្រើនពីសំណាក់គណៈកម្មការភូមិមួយផលិតផលមួយ និងសាលាបច្ចេកទេសមួយចំនួនទៀតដែលធ្វើការពាក់ព័ន្ធនឹងការច្នៃផលិតផលកសិកម្ម ខណៈពេលដែលពីមុនលោកធ្វើទៅតាមអ្វីដែលដឹងពីការស្រាវជ្រាវបន្តិចបន្តួចប៉ុណ្ណោះ។
តាមរយៈការជួយជ្រោមជ្រែងពីអ្នកពាក់ព័ន្ធក្នុងស្រុកនេះ ធ្វើឱ្យលោកបានយល់ដឹងកាន់តែច្រើនពីអាជីវកម្មរបស់ខ្លួន ពិសេសលើដំណើរការនៃការផលិតដែលមានស្តង់ដារ។ ហើយខ្លួនលោកផ្ទាល់ក៏គ្រោងនឹងពង្រីកអាជីវកម្មនេះបន្ថែមទៀត ក្រោយបានសិក្សាច្បាស់ពីវត្ថុធាតុដើមក្នុងការផលិត ដើម្បីធានាការផ្គត់ផ្គង់ទៅថ្ងៃក្រោយ។
ទន្ទឹមគ្នានេះ លោកបណ្ឌិតសួង ណយ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានលើកឡើងថា វេទិកានេះធ្វើឱ្យលោកមានក្ដីសង្ឃឹម និងជឿជាក់ថាសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជានឹងកាន់តែល្អប្រសើរថែមទៀតនៅថ្ងៃអនាគត។
លោកបណ្ឌិត ក៏បានគូសបញ្ជាក់ដែរថា៖ «តាមរយៈការងារនេះ បង្ហាញឱ្យឃើញនូវការអភិរក្ស អភិវឌ្ឍន៍ លើកស្ទួយដែលជាស្នាដៃកូនខ្មែរ ហើយបន្តបង្ហាត់បង្រៀនដែលជាផ្នែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលដល់កូនចៅក្នុងគ្រួសារ និងក្នុងសហគមន៍។»
ជាមួយគ្នានេះ លោកបានជំរុញចលនាភូមិមួយផលិតផលមួយ និងបានស្នើដល់សមាជិកក្រុមការងារ «ភូមិមួយផលិតផលមួយ» ពិសេសប្រជាពលរដ្ឋអ្នកផលិត ទាំងអ្នកបានចុះបញ្ជីរួច និងអ្នកកំពុងដាក់ពាក្យស្នើសុំចុះបញ្ជី ត្រូវបន្តចូលរួមសហការគ្នាឱ្យបានល្អ និងត្រូវមានភាពស្មោះត្រង់ ព្រមទាំងហ៊ានទទួលខុសត្រូវចំពោះផលិតរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាជំរុញគុណភាព និងទីផ្សារផលិតខ្មែរ ឱ្យកាន់តែប្រសើរ។
លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានីភ្នំពេញ បានកោតសរសើរខ្ពស់ចំពោះវេទិកានេះ ព្រមទាំងជំរុញបន្តឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត។
លោកស្រីក៏បានជំរុញឱ្យអាជីករលក់ដូរផលិតផលប្រកបដោយសុចរិតភាព មានទំនួលខុសត្រូវ ខិតខំកៀរគរ ប្រមែប្រមូលនូវធនធានមនុស្សដែលមានចំណេះ ជំនាញក្នុងការបង្កើតផលិតផល និងគ្រប់គ្រងអាជីវកម្មនានា។ ម្យ៉ាងទៀត វាជាមោទកភាពដែលកម្ពុជាយើងបានបង្ហាញពីសង្វាក់នៃការផលិត បង្ហាញពីគុណភាពផលិតផលដែលជាស្នាដៃកូនខ្មែរសុទ្ធសាធបង្ហាញទៅដល់ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសឱ្យបានដឹង។
គួរបញ្ជាក់ថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញបាន និងកំពុងធ្វើឡើងនៅគ្រប់ខេត្តទូទាំងប្រទេសតែម្ដង ដើម្បីបញ្ជ្រាបការគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំង។ កន្លងមកវេទិកានេះធ្លាប់បានធ្វើនៅខេត្តក្រុងចំនួន៧រួចហើយគឺ ខេត្តកំពង់ចាម (៥ សីហា) ខេត្តកំពត (១៨ សីហា) ខេត្តស្វាយរៀង (២៦ សីហា) ខេត្តសៀមរាប (៣១ សីហា) ខេត្តឧត្តរមានជ័យ (១៣ និង១៤ កញ្ញា) ខេត្តបន្ទាយមានជ័យ (១៦ កញ្ញា) និងរាជធានីភ្នំពេញ (២៧តុលា)៕ ដោយ៖ កែវ បុស្បា




