ប្រជាពលរដ្ឋនិងយុវជនមួយចំនួន នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រកាសថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្សុី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រខ្មែរ
(ស្វាយរៀង)៖ ប្រជាពលរដ្ឋក៏ដូចជាយុវជននៅស្រុកស្វាយជ្រុំខេត្តស្វាយរៀងបាន ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តាព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរទូទាំងនគរ ថា «មិនមានមនសិការជាតិ» និង «ក្បត់ជាតិ»។ ការប្រតិកម្មប្រកាសថ្កោលទោសលោកសម រង្ស៊ីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២២។
ក្រុមយុវជនបានលើកឡើងថា ការប្រមាថរបស់ទណ្ឌិតជាប់ទោសក្បត់ជាតិ ៣ជំនាន់ខាងលើនេះ ចំពោះអង្គ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា «ក្បត់ជាតិ» គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ និង អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំពោះប្រជាជាតិខ្មែរទាំងមូល។
ជាមួយគ្នានេះ ប្រជាពលរដ្ឋនិងយុវជននៅក្នុងស្រុកស្វាយជ្រុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើទណ្ឌិតជាប់ទោសក្បត់ជាតិ៣ជំនាន់ សម រង្សុី ព្រមទាំងបក្សពួក ដែលហ៊ានប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដែលប្រជារាស្ត្រខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។
បន្ថែមលើសនេះក្រុមយុវជននិងប្រជាពលរដ្ឋមួយចំនួននៅស្រុកជ្រំ ខេត្តស្វាយរៀង សូមប្ដេជ្ញា និងប្រកាសជាឱឡារិកថា នឹងបន្តគោរពគាំទ្រ និងដង្ហែតាមអង្គ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំទាំងអស់គ្នាដែលជាប្រជានុរាស្ត្រខ្មែរ។
ហើយយើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយរាជរដ្ឋាភិបាល កម្ពុជាក្នុងការកម្ចាត់ចោលអ្នកនយោបាយជ្រុលនិយម ទណ្ឌិតជាប់ទោសក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី ព្រមទាំងបក្សពួកឱ្យអស់ពីកម្ពុជាដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ ៕ ដោយ នុត នាង




