ក្រុមគ្រូពេទ្យ បន្តធ្វើតេសរហ័សរកមេរោគកូវីដ-១៩ ជូនយោធិនចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចាត់តាំងក្រុមគ្រូពេទ្យធ្វើតេសរហ័សរកអង្គទីហ្សែនមេរោគកូវីដ-១៩ ជូនកងកម្លាំងចំណុះអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា មកដល់ពេលនេះមេរោគកូវីដ-១៩ មិនទាន់ផុតរលត់ពីលើពិភពលោកយើងនេះនៅឡើយទេ ។ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជាថ្មី យើងទាំងអស់គ្នាត្រូវចូលរួមធ្វើតេស្តរហ័សដើម្បីបញ្ជាក់ថាយោធិនយើងម្នាក់ៗមាន ឬពុំមានអ្នកឆ្លងជំងឺកូវីដ-១៩ ។ ក្នុងករណីមានយោធិនណាម្នាក់បានឆ្លងឬវិជ្ជមានជំងឺកូវីដ-១៩ យើងត្រូវចាត់ចែងព្យាបាលឲ្យទាន់ពេលវេលាផងដែរ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន ក៏បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ដើម្បីការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបានពិភពលោកទទួលស្គាល់និងកោតសរសើរថា ប្រទេសកម្ពុជាឈានមុខក្នុងការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ទទួលបានជោគ ជ័យ ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានសំណូមពរដល់យោធិនទាំងអស់ និងក្រុមគ្រួសារត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារនិង៣កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ ប៊ុន រដ្ឋា


