សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ជួយគ្នាទៅវិញទៅមកទាំងលើបញ្ហាប្រចាំថ្ងៃនិងពាណិជ្ជកម្ម

ថៃ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ បន្តថែរក្សាមរតកប្រពៃណីល្អពីដូនតា ក្នុងការជួយយកអាសារគ្នា ជួយគ្នាក្នុងគ្រាអាសន្ន ការឈឺថ្កាត់ តម្រូវការសេវាសុខាភិបាលបន្ទាន់ រួមនិងការដោះដូរទំនិញបម្រើឱ្យជីវភាពប្រចាំថ្ងៃ ធ្វើយ៉ាងណាបង្កភាពងាយស្រួលទំាងសងខាង ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ និងជាប្រធាន APPF លើកទី៣០ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២នេះ នៅរដ្ឋសភាប្រទេសថៃ ខណៈសម្តេចដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាប្រទេសថៃធ្វើជាម្ចាស់។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជនថៃ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាជនចំណាកស្រុកកម្ពុជា កំពុងស្នាក់នៅប្រកបការងារនៅក្នុង ព្រះរាជាណាចក្រថៃ និងទទួលឱកាសបានរៀនសូត្រផងដែរ។

ឯកឧត្តម ឈួន លីកផៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំប្រចំាឆ្នាំAPPF លើកទី៣០ នាឱកាសនេះ។ ឯកឧត្តមបានគំាទ្រចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា ក្នុងនាមប្រធានរដ្ឋសភាថៃ ឯកឧត្តមតែងតែយកចិត្តទុកចំពោះទំនាក់ទំនងប្រទេសទំាងពីរ ពិសេសនៅក្នុងអំឡុង ពេលជំងឺកូវីដ១៩នេះ រដ្ឋសភាថៃបានស្នើដល់រដ្ឋបាលឱ្យយកចិត្តទុកដាក់ដល់ពលករបរទេសទំាងអស់ ដែលកំពុងធ្វើការនៅក្នុងប្រទេស នៅក្នុងនោះមានពលករកម្ពុជាផងដែរ។

ឯកឧត្តមប្រធានរដ្ឋសភាបានជម្រាបសម្តេចថា ឯកឧត្តមនឹងដឹកគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំទល់មុខរវាងអាស៊ាន និងAIPA និងមហាសន្និបាតAIPA លើកទី៤៣នៅកម្ពុជាក្នុងខែវិច្ឆិកា ខាងមុខនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម ឈួន លីកផៃ បានបង្ហាញក្តីរីករាយ ចំពោះសមិទ្ធផលទាំងឡាយ ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរ កម្ពុជា-ថៃ ក៏ដូចជារវាងរដ្ឋសភាទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាជាតិទំាងសងខាង និងបានរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោកផងដែរ។

ជាចុងបញ្ចប់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងអបអរសាទរដល់រដ្ឋសភាថៃ ដែលបានរៀបចំកិច្ចប្រជុំ APPF លើកទី៣០ នេះយ៉ាងល្អ និងអធិកអធម និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner