រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ កម្ពុជានាពេលបច្ចុប្បន្ន មានអគ្គិសនីគ្របដណ្តប់ដល់ភូមិចំនួន ៩៨,៥ភាគរយ
ភ្នំពេញ៖ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានអគ្គិសនីគ្របដណ្តប់ដល់ភូមិចំនួន ៩៨,៥ភាគរយ ដោយនៅសល់តែខ្នងផ្ទះដែលនៅរាយប៉ាយដាច់ៗឆ្ងាយៗខ្លះតែប៉ុណ្ណោះ។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនៃមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលរំឭកថា ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសខ្វះថាមពលអគ្គិសនី មកជាប្រទេសសល់អគ្គិសនីពោលគឺ កម្ពុជាផលិតនិងនាំចូលថាមពលអគ្គិសនីបានជាង៤.០០០ មេហ្កាវ៉ាត់ ខណៈកាប្រើប្រាស់នាបច្ចុប្បន្ននេះ មានបរិមាណតែជាង ២.០០០ មេហ្កាវ៉ាត់។ ទោះយ៉ាងណា បើតាមការពន្យល់របស់ឯកឧត្តម ស៊ុយ សែម បរិមាណសល់នេះ គឺដោយសារកម្ពុជានៅបន្តរងឥទ្ធិពលពីវិបត្តិកូវីដ១៩ ដែលដំណើរការវិនិយោគមួយចំនួន កំពុងស្ថិតនៅទ្រឹង ឬមិនទាន់ដំណើរការឡើងវិញ ហេតុនេះសេចក្តីត្រូវការអគ្គិសនី ក៏មិនទាន់មានច្រើនដែរ។
នៅក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្ត សហការជាមួយអគ្គិសនីកម្ពុជានិងសេវាករ បានខិតខំពង្រីកបណ្ដាញរបស់ខ្លួន ស្ទើរគ្រប់ភូមិឃុំសង្កាត់ ស្រុក ក្រុង ខណៈភូមិចំនួន៦ទៀត កំពុងតែស្ថិតនៅក្នុងដំណាក់កាលតបណ្ដាញ។
នៅក្នុងវិស័យរ៉ែ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម មានប្រសាសន៍ថា ប្រទេសកម្ពុជាបានដំណើរការយ៉ាងសកម្ម ទាំងអាជីវកម្មរ៉ែ សម្ភារសំណង់ ទាំងរ៉ែលោហៈ។ ចំពោះរ៉ែប្រភេទសម្ភារសំណង់ ដូចជាថ្ម ខ្សាច់ ដី ។ល។ ក្រសួងបានឱ្យបង្កើតមូលនិធិរ៉ែ នៅតាមមូលដ្ឋាន ដែលមានការដ្ឋានអាជីវកម្មរ៉ែ។ ក្នុងនោះ បើអាជ្ញាធរឃុំសង្កាត់ណាមួយ ចង់បានថវិកាយកទៅអភិវឌ្ឍន៍មូលដ្ឋាន គឺលោកមេឃុំ ចៅសង្កាត់ អាចសរសេរលិខិតត្រង់ទៅក្រសួងរ៉ែ និងថាមពលតែម្តង។ ហើយក្រសួងនឹងចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ វាយតម្លៃ ហើយនឹងផ្តល់ថវិកាជូន សម្រាប់គម្រោងអភិវឌ្ឍន៍ផ្នែកសាធារណៈ នៅមូលដ្ឋាន។ ប៉ុន្តែ ការអភិវឌ្ឍនោះត្រូវដាក់ឱ្យក្រុមហ៊ុនដែលទទួលសិទ្ធិម៉ៅការសាងសង់ ឬអនុវត្តគម្រោងដេញថ្លៃ ជាសាធារណៈ។
ទន្ទឹមគ្នានោះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលឯកឧត្តម ស៊ុយ សែម ក៏បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបន្តប្រឹងប្រែងបំពេញភារកិច្ចឱ្យបានល្អប្រសើរថែមទៀតលើវិស័យរ៉ែនិងថាមពល ដូចជាការគ្រប់គ្រងធ្វើអាជីវកម្មរ៉ែនិងថាមពល ជំរុញការបន្តអាជ្ញាប័ណ្ណការដ្ឋានអស់សុពលភាព បន្តចុះពិនិត្យការធ្វើអាជីវកម្មសិប្បកម្មធនធានរ៉ែ និងចុះពិនិត្យទីតាំងការដ្ឋានថ្មសំណង់ជាដើម៕ ដោយ៖ កែវ កិរិយា