គ្រូឧទ្ទេសឧត្តមសិក្សានៃ​វិទ្យាស្ថានជាតិអប់រំ​បង្កើតស្នាដៃជាមរតកពិសេស​សម្រាប់គ្រូបង្រៀនកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ស្នាដៃជាច្រើនដែលនិពន្ធនិងរៀបរៀងដោយលោក ឃិន វណ្ឌី បានចេញផ្សាយជាបន្តបន្ទាប់ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ​។ មជ្ឈដ្ឋានអ្នកសិក្សា​ អ្នកអានភាគច្រើនប្រហែលជាធ្លាប់អានស្នាដៃរបស់លោករួចមកហើយ ជាពិសេសអ្នកអប់រំតែម្តង​។

ក្នុងនាមជាគ្រូឧទ្ទេសឧត្តមសិក្សានៃវិទ្យាស្ថានជាតិអប់រំ​ (NIE) ដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ទស្សនវិជ្ជា​ លោកមានទស្សនវិស័យក្នុងការបង្កើតឯកសារសំខាន់ៗ​សម្រាប់បម្រើឱ្យការសិក្សាស្វែងយល់បន្ថែមរបស់អ្នកអប់រំទាំងឡាយ​ ផ្តោតសំខាន់លើគ្រូបង្រៀន​ ដែលជាអ្នកផលិត​ធនធានមនុស្សដ៏មានសក្កានុពលជូនជាតិមាតុភូមិ​។

លោកបាននិយាយឱ្យដឹងថា៖ «យើងមានឯកសារមួយចំនួន ប៉ុន្តែនៅរាត់រាយ​ មិនមានការប្រមូលផ្តុំ អីចឹងហើយខ្ញុំប្រមូលវាមកម្តុំ ចង់ឱ្យគរុនិស្សិត ក៏ដូចជាលោកគ្រូ អ្នកគ្រូងាយស្រួលអាន អានចំទិសដៅ និងគ្រប់ជ្រុងជ្រោយ»។ បន្ថែមពីលើនេះ ឆន្ទៈពិតរបស់លោក គឺ៖ «ចង់ឱ្យអ្នកអប់រំរៀនយល់ចិត្តអ្នកសិក្សា កុំឱ្យងាកឡើងបន្ទោសសិស្ស បន្ទោសម៉ែឪសិស្ស តែភ្លេចបន្ទោសខ្លួនឯង»។ ចំណុចនេះស្តែងឱ្យឃើញថា ទស្សនៈ «ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឱ្យយក» លែងមានប្រសិទ្ធភាពក្នុងការការពារកំហុសរបស់គ្រូតទៅហើយ ព្រោះគ្រូត្រូវតែជាគំរូដល់សិស្សទាំងឡាយ។

លោក ឃិន វណ្ឌី ចាប់ផ្ដើមសរសេរសៀវភៅដំបូងមានចំណងជើងថា «វិធីសាស្ត្របង្រៀន» ដែលបោះពុម្ពផ្សាយក្នុងឆ្នាំ២០១៩ ហើយចុះបញ្ជីស្នាដៃលេខ No : ® ន.ស.ស ៣១២/១៩ និងលិខិតអនុញ្ញាតឱ្យបោះពុម្ពផ្សាយលេខ ៨៩ ដោយនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សៀវភៅនេះមានខ្នាត ១៧ គុណនឹង ២៤ សង់ទីម៉ែត្រ កម្រាស់ ៣៥២ ទំព័រ។

សៀវភៅ «វិធីសាស្ត្របង្រៀន»ដែលរៀបរៀងចងក្រងដោយគ្រូឧទ្ទេសឧត្តមសិក្សានៃវិទ្យាស្ថានជាតិអប់រំ ជាឯកសារសម្រាប់បង្រៀនបែបថ្មីដោយបញ្ចូលវិធីសាស្ត្រថ្មីៗសម្រាប់ការអប់រំនៅសតវត្សទី២១ ដែលអាចជួយសម្រួលដល់ដំណើរការបង្រៀន និងរៀន ការទទួលយកពុទ្ធិប្រកបដោយប្រសិទ្ធភាព។

តាមរយៈឯកសារនេះអ្នកនិពន្ធបង្ហាញចំណាប់អារម្មណ៍ដូច្នេះថា៖ «លោកគ្រូ អ្នកគ្រូនឹងយល់ដឹងអំពីធាតុចាំបាច់ទាំងឡាយដើម្បីឱ្យដំណើរការនៃការបង្រៀន និងរៀនមានប្រសិទ្ធភាព ការគ្រប់គ្រងថ្នាក់រៀន វិធីសាស្ត្រល្អៗដូចជា ការបង្កើតសំណួរ ការបង្រៀនតាមបែបវិធីពិភាក្សា វិធីសាស្ត្របង្រៀនតាមបែបសហការ វិធីសាស្ត្របង្រៀន និងរៀនតាមបែបតុក្កតាគំនិត វិធីសាស្រ្តបង្រៀនតាមបែបរិះរក ការវាយតម្លៃ និងការសិក្សាស្រាវជ្រាវប្រតិបត្តិជាដើម»។

ស្នាដៃទី២របស់លោកមានចំណងជើងថា «ការគ្រប់គ្រងថ្នាក់រៀន» ដែលសៀវភៅនេះបានប្រើដើម្បី ជាជំនួយក្នុងការឈ្វេងយល់ពីការរៀននិងបង្រៀន ជាពិសេសការបង្កើត និងគ្រប់គ្រងថ្នាក់រៀនវិជ្ជមាន។ បោះពុម្ពលើកទី១ ថ្ងៃទី១២ ខែសីហា គ.ស.២០២០ ខ្នាត ១៧ គុណនឹង ២៤ សង់ទីម៉ែត្រ កម្រាស់ ៣៤១ ទំព័រ ចុះបញ្ជីស្នាដៃលេខ : ® ន.ស.ស ៥៧២/២០ និងលិខិតអនុញ្ញាតឱ្យបោះពុម្ពផ្សាយ លេខ : ១៨៤ ដោយនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ក្រៅពីផ្ដល់ជាឯកសារសម្រាប់គ្រូបង្រៀន សៀវភៅនេះក៏សម្រាប់សិស្សាននុសិស្ស និងអាណាព្យាបាល ដើម្បីយល់ដឹងអំពីការគ្រប់គ្រងអាកប្បកិរិយាខ្លួនឯង និងអាកប្បកិរិយាកូនរបស់ខ្លួនក្នុងការរួមចំណែក និងលើកកម្ពស់ការរៀននិងបង្រៀនឱ្យបានជោគជ័យ។ អ្នកនិពន្ធចងក្រងបានបង្ហាញគុណតម្លៃនៃសៀវភៅថា៖ «ការរៀបចំចងក្រងចេញជាភាសាខ្មែរនេះជាជំនួយស្មារតីដោយមានគោលបំណងបំពេញបន្ថែមលើវិធីសាស្រ្តគ្រប់គ្រងថ្នាក់រៀនសម្រាប់លោកគ្រូ អ្នកគ្រូ ដើម្បីឱ្យការរៀននិងការបង្រៀនកាន់តែមានប្រសិទ្ធភាពក៏ដូចជាគុណភាពអប់រំកាន់តែប្រសើរ។ មួយវិញទៀត ឯកសារនេះខ្ញុំបានដកស្រង់ចេញពីបរិបទបរទេស រាល់សំណេរក្នុងសៀវភៅនេះមិនបានសំដៅលើថ្នាក់រៀនណាមួយ ឬប្រទេសមួយណានោះទេ»។

ស្នាដៃទី៣ដែលអ្នកអានជាច្រើនបានអាន និងយកទៅសិក្សាមានចំណងជើងថា «ទស្សនវិជ្ជាអប់រំ» បោះពុម្ពគ្រាទី១ ថ្ងៃទី១៨ ខែសីហា គ.ស.២០២១ នៅរាជធានីភ្នំពេញ។ សៀវភៅមានខ្នាត ១៧ គុណនឹង ២៤ សង់ទីម៉ែត្រ កម្រាស់ ៣៧៤ ទំព័រ ចុះបញ្ជីស្នាដៃលេខ : ® ន.ស.ស. ៦៧៦/២១ និងលិខិតអនុញ្ញាតឱ្យបោះពុម្ពផ្សាយដោយនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ស្នាដៃមួយនេះផ្ដោតសំខាន់លើការអប់រំស្តីអំពីវិធីសាស្ត្រនៃការផ្ទេរចំណេះដឹង និងទទួលបានពុទ្ធិស្របតាមកម្លាំងបញ្ញា ក៏ដូចជាការអភិវឌ្ឍខួរក្បាលរបស់អ្នកសិក្សាប្រកបដោយប្រសិទ្ធភាព។ សៀវភៅនេះក៏បានបង្ហាញថា «តើចំណេះដឹង និងជំនាញអ្វីខ្លះដែលត្រូវរៀន? តើអ្វីជាគោលដៅនៃការអប់រំ? តើពុទ្ធិគឺជាអ្វី? តើពុទ្ធិខុសគ្នាយ៉ាងណាពីជំនឿ? តើមនុស្សជាអ្វី? តើមនុស្សខុសគ្នាពីប្រភេទសត្វដទៃទៀតយ៉ាងដូចម្តេច? តើអ្វីខ្លះជាអ្នកកម្រិតសក្តានុពលរបស់មនុស្ស? តើការរៀនសូត្រគឺជាអ្វី? តើបំណិន និងចំណេះដឹងត្រូវទទួលបានយ៉ាងដូចម្តេច? តើអ្នកណាត្រូវបង្រៀន? តើបង្រៀនដោយវិធីណា? តើកម្មវិធីសិក្សាជាអ្វី? តើសង្គមគឺជាអ្វី? តើស្ថាប័នអ្វីខ្លះដែលចូលរួមក្នុងដំណើរការអប់រំ? តើអ្នកណាដែលត្រូវទទួលការអប់រំ? តើអ្នកណាខ្លះដែលត្រូវទៅសាលារៀន? ហេតុអ្វីបានជាមនុស្សមិនយល់ស្រប? តើការរួមមតិគ្នាទទួលផលយ៉ាងដូចម្តេច? តើយោបល់របស់អ្នកណាខ្លះមានអាទិភាព»?

ចំពោះស្នាដៃបន្ទាប់ដែលលោកគ្រោងនឹងចេញផ្សាយនៅខែធ្នូ ឆ្នាំ២០២២ នេះ គ្រូឧទ្ទេសឧត្តមសិក្សានៃវិទ្យាស្ថានជាតិអប់រំ លោក ឃិន វណ្ឌី នឹងបោះពុម្ពផ្សាយសៀវភៅដែលមានចំណងជើងថា «យុទ្ធសាស្ត្របង្រៀន»។ លោកបានបង្ហើបអំពីខ្លឹមសារសំខាន់សៀវភៅថា «ជាជំនួយស្មារតីក្នុងការបំពេញបន្ថែមលើរបៀបបង្រៀននិងរៀនដែលលោកគ្រូ អ្នកគ្រូបានសិក្សានាពេលកន្លងមក ដើម្បីឱ្យការបង្រៀននិងការរៀនកាន់តែមានប្រសិទ្ធភាពក៏ដូចជាគុណភាពអប់រំរបស់យើងកាន់តែប្រសើរឡើង»។

សូមរម្លឹកថា លោក ឃិន វណ្ឌី គ្រូឧទ្ទេសឧត្តមសិក្សានៃវិទ្យាស្ថានជាតិអប់រំ ឯកទេសសីលធម៌ពលរដ្ឋវិជ្ជា កើតនៅភូមិគរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញទស្សនវិជ្ជា និងបរិញ្ញាបត្រជាន់ខ្ពស់ទស្សនវិទ្យា។ លោកបានចាប់អាជីពជាគ្រូបង្រៀនចាប់តាំងពីឆ្នាំ២០១៥រហូត​ដល់​មកដល់បច្ចុប្បន្ន។

ចំពោះការនិពន្ធរៀបរៀងឯកសារជាសៀវភៅនេះឡើង លោកមានគំនិតនិងទស្សនៈចំពោះគ្រូបង្រៀនយ៉ាងដូច្នេះថា៖ «លោកគ្រូ អ្នកគ្រូ គួរគប្បីមកអាន និងស្រាវជ្រាវពីសៀវភៅដែលទាក់ទងនឹងអាជីពអប់រំវិញ ដើម្បីពង្រឹងវិជ្ជាជីវៈរបស់ខ្លួន ពីព្រោះយើងជាអ្នកអប់រំ ហើយបើទៅស្រាវជ្រាវរឿងផ្សេង តើធ្វើម៉េចបណ្តុះសិស្សបានល្អ»?៕ ដោយ៖ ហួន ស៊ីឡូន

ads banner