ក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធ គ្រោងចុះកិច្ចព្រមព្រៀងបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបនៅចុងខែវិច្ឆិកា
ភ្នំពេញ៖បើគ្មានការប្រែប្រួលណាមួយទេ «បណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប ឬ Tonlesap Eco-Tourism Network» នឹងត្រូវបង្កើតឡើងនាឱកាសវេទិកាជាតិអេកូទេសចរណ៍លើកទី៣នៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការគូសបញ្ជាក់ពីរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន កាលពីថ្ងៃទី២៧ ខែតុលា ក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ការបង្កើតបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប» ដែលប្រារព្ធធ្វើនៅទីស្ដីការក្រសួង។

សិក្ខាសាលានេះរៀបចំឡើងដោយមានការចូលរួមពី លោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន ជាអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ លោកអភិបាលរងនៃគណៈអភិបាលខេត្ត រដ្ឋបាលស្រុក និងមន្ទីរពាក់ព័ន្ធនៃបណ្តាខេត្តជុំវិញបឹងទន្លេសាបទាំងប្រាំមួយ, លោកស្រី Jane Wilding នាយកប្រតិបត្តិសភាពាណិជ្ជកម្មអង់គ្លេស, លោក យក់ សេងឡុង នាយកប្រតិបត្តិអង្គការ FACT រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
បើតាមការគូសបញ្ជាក់ពីលោករដ្ឋមន្ដ្រី ថោង ខុន បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្ដោយប្រមាណ ១១៦ គ.ម ទទឹងប្រមាណពី ៣ គ.ម ទៅ ៣៣ គ.ម និងមានឆ្នេរប្រវែងប្រមាណ ៤៨២ គ.ម នៅរដូវប្រាំង។ បឹងទន្លេសាបគឺជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបានទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។ លក្ខណៈពិសេសទោលរបស់បឹងទន្លេសាប គឺការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការបញ្ចេញទឹកទៅឱ្យទន្លេមេគង្គវិញនារដូវប្រាំង ដែលបានក្លាយទៅជាបាតុភូតជលសាស្ដ្រធម្មជាតិមួយដែលគេកម្រនឹងជួបប្រទះ។

លោក ថោង ខុន បានបន្ថែមទៀតថា៖ «បាតុភូតនេះបានបង្កើតឡើងនូវតំបន់ដីសើម និងព្រៃលិចទឹកដ៏ធំល្វឹងល្វើយ ដែលផ្ដល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែបដូចជា មច្ឆជាតិ បក្សី ល្មូន ថនិកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ។ កត្តាសត្យានុម័តទាំងនេះ បានបង្កើតជាកាលានុវត្តភាពជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាការធ្វើសុខដុមនីយកម្មការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ប្រកបដោយចីរភាព និងបរិយាប័ន្ន»។
តាមរយៈសក្ដានុពលនេះ និងដើម្បីឈានទៅបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបឱ្យបានសម្រេច លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានបន្តដាក់ចេញនូវទិសដៅការងារបន្ថែមចំនួន ៥ចំណុចបន្ថែមទៀត ដល់លេខាធិការដ្ឋានគណៈកម្មាធិការជាតិ និងដៃគូពាក់ព័ន្ធ ត្រូវរៀបចំសម្រាប់ការងារចំពោះមុខ និងទៅអនាគត សំដៅធ្វើយ៉ាងណាជំរុញការបង្កើតឱ្យបានចេញជារូបរាងនូវបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប។
ការងារបន្ថែមទាំង៥ចំណុចនោះរួមមាន៖ ទី១ គាំទ្រចំពោះការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ដែលនឹងក្លាយជាយន្តការស្ថាប័នមួយ ចំណុះឲ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ហើយដែលកិច្ចប្រតិបត្តិការរបស់បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ដែលហៅកាត់ថាបណ្តាញ TEN នេះ នឹងស្ថិតក្រោមការដឹកនាំរបស់ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ, ទី២ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ត្រូវសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំអនុស្សរណៈយោគយល់ (MoU) សម្រាប់ចុះហត្ថលេខាបង្កើតបណ្តាញ TEN នេះជាផ្លូវការ នាឱកាសវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នាថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទី៣ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ត្រូវរៀបចំយន្តការការងារឲ្យបានរបស់បណ្តាញនេះឲ្យបានច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាព ពិសេសត្រូវរៀបចំផែនការសកម្មភាពការងារគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា យន្តការអនុវត្ត និងការតាមដានសម្មទិកម្មឲ្យបានច្បាស់លាស់ ដើម្បីជាមូលដ្ឋានកែតម្រូវ និងតម្រង់ទិសសម្រាប់ការអនុវត្តជំហានបន្ទាប់។ ចំណែកការងារទី៤ លោករដ្ឋមន្ដ្រីស្នើឲ្យស្ថាប័នដៃគូអភិវឌ្ឍដែលមានមកពីអង្គការជាតិ និងអន្តរជាតិនានា ដែលនឹងជាស្ថាបនិក ឬសមាជិកបណ្តាញនេះ សូមផ្តល់ការគាំទ្រដល់កិច្ចប្រតិបត្តិការបណ្តាញនេះ ទាំងលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពិសេសការអនុវត្តផែនការសកម្មភាព ដែលនឹងត្រូវដាក់ចេញនាពេលបន្ទាប់ និងទី៥ អំពាវនាវឲ្យបណ្តាដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិនានា ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនានាដល់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍។
ចំណែកលោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងប្រកាសថា លោកនឹងផ្តល់ការគាំទ្រ និងសម្របសម្រួលពេញទំហឹង លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍ ហើយនឹងផ្តល់ឱ្យលោក ជុក ជំនោរ ដែលជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ជួយសម្របសម្រួលលើគ្រប់ដំណើរការបច្ចេកទេសក្នុងការរៀបចំគម្រោងសកម្មភាពនានា។
សម្រាប់លោក ថោង ខុន រដ្ឋមន្ដ្រីនៃក្រសួងទេសចរណ៍ ការបង្កើត «បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ឬ TEN» នឹងក្លាយជាយន្តការស្ថាប័នដ៏មានប្រសិទ្ធភាពមួយ ក្នុងការកៀរគរគ្រប់ភាគីពាក់ព័ន្ធមកពីស្ថាប័នសាធារណៈ អង្គការដៃគូជាតិ និងអន្តរជាតិ និងដៃគូពាក់ព័ន្ធ វិស័យឯកជន ដើម្បីចែករំលែកព័ត៌មានបច្ចុប្បន្នភាពនៃវិស័យអេកូទេសចរណ៍ និងសហគមន៍ បញ្ហាប្រឈម ចែករំលែកមេរៀននៃការអនុវត្តល្អៗ ការកសាងសមត្ថភាព ការជំរុញសហគ្រិនភាព ឆ្ពោះទៅពង្រីកវិសាលភាពនៃវិស័យអេកូទេសចរណ៍ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទក្នុងមូលដ្ឋាន និងអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាព នៅតំបន់បឹងទន្លេសាបផងដែរ៕ ដោយ៖ កែវ កិរិយា