តៃវ៉ាន់ទទូច​ឱ្យ​ចិន​បញ្ឈប់​ការគំរាមកំហែង​កម្លាំងយោធា​ ហើយចាប់ផ្តើមកិច្ចពិភាក្សាវិញ

តៃវ៉ាន់៖ ប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោក​របស់តៃវ៉ាន់​ បាននិយាយនៅថ្ងៃសុក្រ​ ទី២៨តុលានេះ​ថា ចិនគួរតែបញ្ឈប់ការបង្ហាញ​ឬការគំរាមកំហែងផ្នែកកម្លាំងយោធា​របស់ខ្លួន​ ប្រឆាំងនឹងតៃវ៉ាន់ទៀតទៅ​ ហើយគួរតែ​រក្សាសន្តិភាព​ និងស្ថិរភាពវិញ​។ ការលើកឡើងរបស់មន្ត្រីក្រុងតៃប៉ិនេះ​ ធ្លាក់មក​នៅខណៈ​ដែល​​ប៉េកាំង​បង្កើន​សម្ពាធ​ផ្នែក​នយោបាយ និង​យោធា​លើ​តៃវ៉ាន់​ដែល​ចិន​បាន​អះអាង​ថា​ជា​ផ្នែកមួយ​របស់ខ្លួន​។

ចិន​ បានធ្វើសមយុទ្ធយោធា​នៅជុំវិញកោះតៃវ៉ាន់ក្នុងខែសីហា​ ដើម្បីបង្ហាញការខឹងសម្បា​របស់ខ្លួន​ចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិរបស់​ប្រធានសភាសហរដ្ឋអាមេរិក​លោក ស្រីណាន់ស៊ី ប៉េឡូស៊ី​។ ចាប់តាំងពីពេលនោះមក​ ចិន​បានរក្សាសកម្មភាពយោធារបស់ខ្លួន​ បើទោះបីជាមាន​កម្រិតថមថយក៏ដោយចុះ​។

រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​កិច្ចការចិន​ដីគោករបស់តៃវ៉ាន់​លោក ឈីវ តៃសាន (Chiu Tai-san) បាន​និយាយក្នុង​វេទិកា​មួយឯទីក្រុង​តៃប៉ិថា​៖ «ប៉េកាំង គួរតែបញ្ឈប់ការគំរាមអំពីការ​ឈានទៅប្រើប្រាស់​កម្លាំងយោធា​ ព្រោះវាគ្មានបានអ្វីមកវិញក្រៅតែពីធ្វើឱ្យមានគម្លាតកាន់តែឆ្ងាយរវាងភាគីទាំងពីរ​ និងបង្កើនភាពតានតឹងនៅក្នុងតំបន់​តែប៉ុណ្ណោះ»​។

មន្ត្រីតៃវ៉ាន់រូបនេះ​ បានបន្ថែមទៀតថា​ តៃវ៉ាន់ ជំរុញឱ្យចិនដីគោក​ឈប់គិតពីរឿង​ប្រើកម្លាំង​ ប្រើអាវុធ​ទៀត និង​ត្រូវងាកមករក្សាសន្តិភាព​ និងស្ថិរភាពវិញ​។ គន្លឹះឆ្ពោះទៅសន្តិភាព​ គឺត្រូវបង្វែរផ្នត់គំនិតនៃការដោះស្រាយបញ្ហាដោយប្រើកម្លាំង​ ហើយប៉េកាំងគួរតែដោះស្រាយការខ្វែងគំនិតជាមួយតៃប៉ិតាមរយៈ​ «កិច្ចសន្ទនា​ដោយគ្មានដាក់លក្ខខណ្ឌជាមុន»។

ទន្ទឹមគ្នានេះ​ តៃវ៉ាន់ក៏សង្ឃឹមដែរថា​ ចិនអាចនឹងបន្ធូរបន្ថយលើវិធានការរឹតត្បិតក្នុងការធ្វើដំណើរ​ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ​ ដែលការធ្វើដូច្នោះនឹងបើកផ្លូវ​ឲ្យភាគីទាំងពីរ​អាចបន្តការផ្លាស់ប្តូរយោបល់​និងបង្កើតទំនាក់ទំនងវិជ្ជមានជាមួយគ្នា​។

គួរជ្រាបថា​ ប្រទេសចិនបានបដិសេធម្តងហើយម្តងទៀតនូវការចរចាជាមួយតៃវ៉ាន់ ដែលគ្រប់គ្រង​ដោយ​លោកស្រីប្រធានាធិបតី ឆៃ អ៊ីងវេន ដែលទីក្រុងប៉េកាំងចាត់ទុកជាអ្នកផ្តាច់ខ្លួននិយម​។

សម្រាប់ចិន​ តៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន​។ មេដឹកនាំចិន​លោក ស៊ី ជីនពីន បានថ្លែងនាឱកាសបើកសមាជលើកទី២០​របស់​បក្សកុម្មុយនីស្តនៅទីក្រុងប៉េកាំងថា​ការដោះស្រាយ​បញ្ហា​តៃវ៉ាន់​គឺ​អាស្រ័យ​លើ​ប្រជាជនចិន​ ហើយថាចិន​ត្រូវ​បង្រួបបង្រួម​តៃវ៉ាន់​តាម​ផ្លូវ​សន្តិវិធី ឬ​មួយ​ដោយប្រើ​កម្លាំងបើសិន​ចាំ​បាច់។

ចំណែកតៃវ៉ាន់វិញ​និយាយថា មានតែប្រជាជន ២៣ លាននាក់របស់កោះនេះប៉ុណ្ណោះ​ ដែលអាចសម្រេចជោគវាសនា​អនាគតរបស់ពួកគេបាន​ និងថាតៃវ៉ាន់មិនដែលធ្លាប់ត្រូវបានគ្រប់គ្រងដោយសាធារណរដ្ឋប្រជាមានិតចិនទេ​។ ទន្ទឹមនេះ​ តៃប៉ិសង្កត់ធ្ងន់ទៀតថា​ការអះអាងដែលថា តៃវ៉ាន់​ជាខេត្ត​មួយ​របស់ចិន​ជារឿងមិនត្រឹមត្រូវឡើយ​៕ ដោយ៖ លី លីយ៉ា

ads banner