ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា ណែត ៖ ការហ្វឹកហ្វឺន គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ ទាំងការកសាងសមត្ថភាពធនធានមនុស្ស ការថែរក្សា និងការបង្កើនសមត្ថភាព ដើម្បីបន្តធានានិរន្តរភាពការងារ
ខេត្តកំពង់ស្ពឺ ៖ ឯកឧត្ដម ឧត្ដម សេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការហ្វឹកហ្វឺន គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ ទាំងការកសាងសមត្ថភាពធនធានមនុស្ស ការថែរក្សា និងការបង្កើនសមត្ថភាព ដើម្បីបន្តធានានិរន្តរភាពការងារ។ ក្នុងន័យនេះ ការធ្វើទំនើបកម្មលើការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាពដែលមានសារៈសំខាន់ ដោយក្នុងនេះ ចាំបាច់ត្រូវផ្តោតលើទំនើបកម្មផ្នែកឯកសារ និងការស្រាវជ្រាវ, ទំនើបកម្មវិធីសិក្សា និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់សាលា។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា ណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកតំណាងដ៍ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតរជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រៈរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិតវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៧ និងបើកវគ្គបន្តជំនាន់ទី២៨ និងសម្ពោធអគារបណ្ណាល័យ ១ខ្នងនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស(ភ្នំស្រង់)ខេត្តកំពង់ស្ពឺព្រឹកថ្ងៃទី២៨តុលា។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា ណែត បានថ្លែងបន្តថា កងទ័ព គឺជាអាជីពដែលថ្លៃថ្នូរ ព្រោះជាអាជីពប្រកបដោយការលះបង់គ្រប់បែបយ៉ាង រួមទាំងអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ហើយក៏ជាអាជីព ដែលមានតួនាទីការពាររដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ព្រមជាមួយនឹងភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសុខសន្តិភាព ស្ថិរភាពជូនប្រជាជន។ មួយវិញទៀត អាជីពនេះក៏ទាមទារផងដែរឱ្យយោធិនម្នាក់ៗ មានការហ្វឹកហ្វឺនរៀនសូត្រ និងហាត់ពត់លត់ដំទាំងផ្នែកស្មារតី និងកាយសម្បទា ដើម្បីឱ្យមានភាពជាអ្នកដឹកនាំ, ការគោរពវិន័យ, ការទទួលខុសត្រូវ និងជំនាញច្បាស់លាស់ សំដៅធានាប្រសិទ្ធភាពខ្ពស់បំផុតនៃការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន នៅក្នុងគ្រប់កាលៈទេសៈ ។
ឯកឧត្ដម ឧត្ដម សេនីយ៍ឯក ហ៊ុន ម៉ា ណែត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានអង្គរក្ស, មជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមអបអរសាទរ ព្រមជាមួយនឹងការកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ ហើយក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និង ចំណេះធ្វើទទួលបានពីវគ្គហ្វឹកហ្វឺន សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាព ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង។ ចំពោះសិក្ខាកាមវគ្គថ្មី សូមព្យាយាមបន្តនូវសកម្មភាព និងស្មារតីរបស់សិក្ខាកាមជំនាន់មុនៗ ដែលបានទទួលជោគជ័យរួចមកហើយ ដោយត្រូវយកចិត្តទុកដាក់រៀនសូត្រក្រេបជញ្ជក់យកទាំងចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងល្អៗពីយោធាចារ្យសម្រាប់ការកសាង និងអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងពេលចំពោះមុខ និងតទៅអនាគត។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ណុប រត្ន័និមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្សទទួលបន្ទុកកិច្ចការមជ្ឈមណ្ឌល បានមានប្រសាសន៍ថា ដោយអនុវត្តតាមការនែនាំរបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ហ៊ីង ប៊ុនហៀងអគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សនិងអគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ បញ្ជាការដ្ឋានអង្គរក្សបានបើកវគ្គបណ្ដុះបណ្ដាលជំនាញអង្គរក្សពិសេសដល់យោធិនរហូតមកដល់ពេលនេះបាន២៧ជំនាន់មានសិក្ខាកាមមកពីបញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានការពារកោះឆ្នេរ នាយកដ្ឋានស្រាវជ្រាវចារកម្ម ។ គោលបំណងនៃការបណ្ដុះបណ្ដាលគឺ ធ្វើឱ្យយោធិនគ្រប់រូបមានសមត្ថភាពគ្រប់គ្រាន់ឱ្យទាន់និងបច្ចេកវិទ្យាទំនើបក្នុងតំបន់និងពិភពលោកក្នុងការបំពេញការងារ កិច្ចការការពារបូរណៈភាពទឹកដី ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិដែលមកទស្សនៈកិច្ចជាផ្លូវការនៅក្នុងព្រៈរាជាណាចក្រកម្ពុជា ៕ ដោយ-រ៉ាវុធ










