ចិនស្វាគមន៍ចំពោះឆន្ទៈរបស់រុស្ស៊ី ក្នុងការបន្តការចរចាជាមួយអ៊ុយក្រែន និងសហរដ្ឋអាមេរិក
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយក្នុងថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសចិនស្វាគមន៍ចំពោះឆន្ទៈរបស់រុស្ស៊ីក្នុងការរៀបចំកិច្ចសន្ទនា ក៏ដូចជាបន្តការចរចាជាមួយអ៊ុយក្រែន និងសហរដ្ឋអាមេរិក។
លោក Wang បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃព្រហស្បតិ៍ ហើយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីសង្គ្រាមអ៊ុយក្រែន។ នាឱកាសនោះដែរ ភាគីរុស្ស៊ីបានបង្ហាញពីឆន្ទៈក្នុងការរៀបចំកិច្ចសន្ទនា ក៏ដូចជាបន្តការចរចាជាមួយអ៊ុយក្រែន និងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យបន្តថា ប្រទេសចិនស្វាគមន៍ចំពោះរឿងនេះ ហើយសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបន្ធូរបន្ថយភាពតានតឹង ហើយដោះស្រាយស្ថានការណ៍ឱ្យបានឆាប់តាមដែលអាចធ្វើបាន តាមរយៈការចរចា និងបណ្តាញនយោបាយផ្សេងទៀត។
អ្នកនាំពាក្យដដែលបន្ថែមទៀតថា ប្រមុខការទូតទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីបញ្ហានៃការមិនអនុញ្ញាតឱ្យប្រើប្រាស់អាវុធប្រល័យលោកក្នុងសង្គ្រាមអ៊ុយក្រែន ដោយបន្ថែមថា ប្រទេសចិនជឿជាក់ថា ការកើនឡើងនៃស្ថានការណ៍តានតឹង គួរតែត្រូវបានជៀសវាង ដើម្បីទប់ស្កាត់ការបង្កគ្រោះមហន្តរាយដល់មនុស្សជាតិទាំងមូល៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា




