ឯកឧត្តម ណុប រ័ត្ននិមល ៖ សិស្សានុសិស្ស គឺជាគ្រាប់ពូជមួយដ៏មានសារៈសំខាន់ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រេីនជាបន្តទៀត ក្រោមម្លប់សន្តិភាពរបស់ កម្ពុជា
ខេត្តកណ្តាល ៖ ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង មានប្រសាសន៍ក្នុងឱកាសប្រឡងសាកល្បងកំរិតទុតិយភូមិសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងស្រុកកណ្តាលស្ទឹង នៅវិទ្យាល័យសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនដើមឬស ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ។
ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងថាការប្រឡងសាកល្បងនេះ គឺជាការជួយពង្រឹងសមត្ថភាព និងជំនួយស្មារតីដល់ប្អូនៗឱ្យកាន់តែកាន់តែព្យាយាមសិក្សារៀនសូត្រ ដេីម្បីប្រឡងនាពេលខាងមុខទទួលបាននិទ្ទេសល្អ ដូចជារៀមច្បងឆ្នាំមុន គឺទទួលបាននិទ្ទេសល្អ ចំនួន ៣នាក់ទូទាំងស្រុកកណ្តាលស្ទឹង។ ហើយឯកឧត្តមបានបញ្ជាក់ថា ការរីកចម្រើននូវលើគ្រប់វិស័យទៅបាន ជាពិសេសវិស័យអប់រំនាពេលនេះ គឺដោយសារកត្តាសុខសន្តិភាព បេីគ្មានសន្តិភាព គឺពុំបានរៀនសូត្រនោះទេ សុខសន្តិភាពប្រៀបបានទៅនឹងអ៊ុកស៊ីសែន ព្រោះថាបើគ្មានអ៊ុកស៊ីសែននោះទេ ជីវិតមនុស្ស សត្វលោកយើងនេះ ក៏មិនអាចរស់រានមានជីវិតទៅបានផងដែរ។ ជាពិសេសនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងភាពឈ្លាស់វៃប្រកបដោយកិត្តិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រមុខរាជរដ្ឋាភិបាល បានធ្វេីឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
ក្នុងឱកាសនោះផងដែរឯកឧត្តម ណុប រ័ត្ននិមល ក៏បានសំណូមពរដល់សិស្សានុសិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ឱ្យខិតខំសិក្សារៀនសូត្រឱ្យក្លាយខ្លួនជាមនុស្សល្អ ជាទំពាំងស្នងឬស្សី ដេីម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រេីនជាបន្តទៀត និងបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង បន្តការចូលរួមថែរក្សាសុខសន្តិភាព ដេីម្បីសុភមង្គលគ្រប់ក្រុមគ្រួសារ និងការអនុវត្តវិធានការសុខាភិបាល គឺ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩នៅក្នុងសង្គមជាតិកម្ពុជា ៕ ដោយ-រ៉ាវុធ


