មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំងមមាញឹកក្នុងការធ្វើក្លែងឯកចំនួន ១០០ខ្លែង សម្រាប់បង្ហើរក្នុងព្រឹត្តិការណ៍វប្បធម៌ រដូវរំហើយខាងមុខ
ខេត្តកំពង់ឆ្នាំង ៖ ដើម្បីថែរក្សាមរតកអរូបីយ៍ និងមរតកប្រពៃណីវប្បធម៌ គឺការធ្វើក្លែងឯក ឬ ខ្លែងព្នង បន្តវេនសម្រាប់កូនចៅជំនាន់ក្រោយ ផងនោះ មន្ទីវប្បធម៌និងវិចិត្រសិល្បៈបាននិងកំពុងផលិតក្លែងឯកចំនួន ១០០ សម្រាប់បង្ហើរ ក្នុងព្រឹត្តិការណ៍ វប្បធម៌រដូវរំហើយ ខាងមុខនេះ។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅថ្ងៃទី២៨ ខែតុលានេះថា៖ ដើម្បីថែរក្សាប្រពៃណីវប្បធម៌ គឺការបង្ហើរខ្លែងឯក ឬ ខ្លែងព្នង ដែលជាមរតកវប្បធម៌អរូបីយ៍ផងនោះលោកបានអញ្ជើញ លោក
គ្រូ ឱម សឿន អាយុ៧៩ឆ្នាំ មានទីនៅឃុំពានី ស្រុកកំពុងតែឡាច ដែលគាត់មានទឹកដៃក្នុងការធ្វើក្លែងឯក និងធ្លាប់ទទួលចំណាត់លេខមួយ ទូទាំងប្រទេសក្នុងការផលិតខ្លែង ដែលអាចថាៈ លោកគឺជាមរតកមនុស្សរស់ផងនោះ ឲ្យមកជួយបង្ហាត់បង្ហាញនិងតម្លើងខ្លែងឯក នៅមន្ទីរវប្បធម៌ ចំនួន ១០០ខ្លែងសម្រាប់ គ្រោងបង្ហើរ ក្នុងព្រឹត្តិការណ៍វប្បធម៌ រដូវកាលរំហើយខាងមុខនេះគឺក្នុងអំឡុងថ្ងៃ១៤និង១៥កើត ខែមិគសិរ ត្រូវនឹងដើមខែធ្នូ ចុងឆ្នាំ២០២២នេះ។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តកំពង់ឆ្នាំង បានបន្ថែមថា៖ បើយោងតាមកម្រងឯកសារប្រពៃណី និងទំនៀមទម្លាប់ រៀបរៀងដោយព្រឹទ្ធាចារ្យ មាច ប៉ុន បានលើកឡើងថាប្រពៃណីនៃការបង្ហើរ ខ្លែងបានឆ្លុះបញ្ចាំងនូវ ចរិតរបស់សង្គមខ្មែរ ដែលរស់នៅផ្សារភ្ជាប់និងធម្មជាតិ ទទួលឥទ្ធិពលពីធម្មជាតិ និងប្រើប្រាស់ថាមពលធម្មជាតិ សម្រាប់បម្រើការរស់នៅ និងការកម្សាន្ត ម្យ៉ាងទៀតប្រពៃណីនៃការបង្ហើរខ្លែង មិនត្រឹមតែសម្រាប់ការកំសាន្តសប្បាយប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាពិធីមួយសម្រាប់បូជាដល់សាសនាទាំងពីរ ផងដែរ គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាហើយពិធីបង្ហើរខ្លែងនេះ ក៍ ដើម្បីឧទ្ទិសដល់ព្រះពាយ ដែលមានគុណ បានផ្គត់ផ្គង់ដល់ជីវិតមនុស្សគ្រប់រូបផងដែរ។

ចំពោះឧបករណ៍ ដែលយកមកធ្វើខ្លែងឯក ឬ ខ្លែងព្នងនេះមាន ដូចជា ខ្សែនីឡុង ក្រមួនសុទ្ធ ស្លឹកត្នោត ឬស្លឹកត្រាំង ក្រដាស់ស៊ីម៉ង់ដ៍ ដើមឬស្សី ល័ក្ត កាំបិត រណាជាដើម ។ បើគិតក្នុងការចំណាយទាំងថ្លៃពលកម្មផងខ្លែង១ ត្រូវចំណាយអស់ទឹកប្រាក់ប៉ុន្មានពី១២ ទៅ១៥ម៉ឺនរៀល តាមតូចតាមធំដែលការចំណាយទាំងនេះបានការឧបត្ថម្ភពីមូលនិធិ អ៊ឹង ហ្វុនតាសិន ។

ទោះយ៉ាងណាលោក សុខ ធួកមិនប្រាកដថាៈ តើខ្លែងឯក ឬខ្លែងព្នងនេះមានដើមកំណើតពីពេលណានោះទេ តែតាមលោកបានដឹង គេឃើញនៅក្នុងគ្រឿងដង្វាយរបស់ព្រះបាទនរោត្តម មានខ្លែងនៅក្នុងនេះផងដែរ៕ សុខ គឹមសៀន
