រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមអះអាងថាវៀតណាមនឹងមិនប្រឈមការខ្វះខាតប្រេងឥន្ធនៈ​ឡើយ

វៀតណាម៖រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានអះអាងកាលពីថ្ងៃសុក្រ ទី២៨ ខែតុលាថាប្រទេសវៀតណាមនឹងមិនប្រឈមបញ្ហាខ្វះខាតប្រេងប្រេងឥន្ធនៈឡើយ។ សេចក្តីប្រកាស​នេះធ្វើឡើង​ក្នុងបំណងបន្ធូរបន្ថយក្តីព្រួយបារម្ភ បន្ទាប់ពីស្ថានីយប្រេងឥន្ធនៈមួយចំនួននៅក្នុងទីក្រុងភាគខាងត្បូងបានកាត់បន្ថយ ឬកំណត់កម្រិតលក់ ដោយលើកឡើងពីទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ។

ចរន្តនៃការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់មានការប្រែប្រួលចំពោះអាត្រាប្តូរប្រាក់នៃរូបិយវត្ថុបរទេស និងដោយសារអ្នកនាំចូលប្រេងឥន្ធនៈខ្លះ ប្រឈមនឹងការផលលំបាកជុំវិញការទទួលបានកម្ចីឥណទានពីធនាគារ។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រី ង្វៀន ហ៊ុង ចៀន(Nguyen Hong Dien) ប្រាប់ដល់អង្គសភា។

រដ្ឋមន្ត្រីរូបនេះបន្តថា៖ «ទីផ្សារសេដ្ឋកិច្ចប្រេងឥន្ធនៈនៅក្នុងស្រុកគឺមានស្ថិរភាពល្អ ដោយមិនមានកង្វះខាតអ្វីឡើយ ខណៈតម្លៃឥន្ធនៈមានសភាពទាបជាងនៅទីកន្លែងផ្សេងៗទៀតក្នុងតំបន់ផង»។

លោក ចៀន បានបន្ថែមថា ការស្តុកទុកប្រេងឥន្ធនៈរបស់វៀតណាមចំនួនដល់ទៅ​ ៣លានម៉ែត្រគូបគឺគ្រប់គ្រាន់ហើយសម្រាប់ការបំពេញតម្រូវការក្នុងស្រុក រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។ ដោយឡែក រោងចក្រចម្រាញ់ប្រេងក្នុងស្រុកខ្លួនដែលផ្គត់ផ្គង់តម្រូវការថាមពលប្រេងឥន្ធនៈចន្លោះពី ៧០ភាគរយ ទៅ ៨០ភាគរយ នោះ កំពុងដំណើរការផ្គត់ផ្គង់ទីផ្សារបានពេញលេញ។

កាលពីសប្តាហ៍មុន ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបញ្ជាក់ថា ខ្លួនបានស្នើទៅកាន់ធនាគារកណ្តាលវៀតណាម ពិចារណាដើម្បីជួយដល់ពាណិជ្ជករវិស័យថាមពេលប្រេងឥន្ធនៈក្នុងស្រុក អាចយករូបិយប័ណ្ណបរទេស ក្នុងការទូទាត់ថ្លៃចំណាយលើការនាំចូលប្រេងឥន្ធនៈបាន។

នៅថ្ងៃសុក្រ ទី២៧ ខែតុលា ទេសាភិបាលធនាគារវៀតណាមលោក ង្វៀន ធីហ៊ុង(Nguyen Thi Hong) បានថ្លែងថា ប្រព័ន្ធធនាគារបានផ្តល់ប្រាក់កម្ចីប្រមាណ ១០៣ទ្រីលានដុង (៤,១៥ ពាន់លានដុល្លារ) សម្រាប់ឲ្យក្រុមហ៊ុនពាណិជ្ជកម្មវិស័យប្រេងឥន្ធនៈ។ ប៉ុន្តែក្រុមពាណិជ្ជករទាំងនោះបានយកត្រឹមតែ ៥៨ទ្រីលានដុងប៉ុណ្ណោះ។

លោក Nguyen Thi Hong បន្ថែមថា ធនាគារកណ្តាលវៀតណាមបានលក់រូបបិយប័ណ្ណបរទេសដែលមានតម្លៃរង្វង់ ១០ពាន់លានដុល្លារទៅដល់ក្រុមហ៊ុនប្រេងឥន្ធនៈនានា រួមទាំងរោងចក្រចម្រាញ់ប្រេងចំនួន ២ របស់វៀតណាមផង ក្នុងរយៈពេល​ ៩ខែដំបូង នៃឆ្នាំ២០២២ នេះ។

ពាណិជ្ជករប្រចាំសិង្ហបុរី ២រូប បានលើកឡើងថា តម្រូវការដឹកនាំចូលប្រេងរបស់វៀតណាមចន្លោះពី ១០ppm sulphur និង ៥០០​ ppm sulphur នៅតែមានកម្រិតខ្ពស់។ ក្រុមហ៊ុនប្រេងសាំង  Petrolimex របស់វៀតណាម នៅតែស្វះស្វែងរកទិញប្រេងបន្ថែមសម្រាប់ខែវិច្ឆិកា។

ក្រុមហ៊ុនចែកចាយដែលមានមូលដ្ឋាននៅសិង្ហបុរីមួយបាននិយាយថា៖«គួរតែមានការស្តុកទុកប្រេងមួយចំនួនទុក ព្រោះមានការរំពឹងថាតម្រួវការនឹងកើនឡើងនៅវៀតណាមខាងជើងដែលកំពុងឈានជិតដល់រដូវរងា»។

ទិន្នន័យសង្កេតនាវាចរណ៍ បង្ហាញថា យ៉ាងហោចណាស់ទំនិញប្រេងឥន្ធនៈប្រមាណ ៣៥ ០០០តោននៃចំនួនឥន្ធនៈប្រមាណ ៥០០ ppm​ sulphur  ត្រូវបាននាំយកទៅផ្គត់ផ្គង់នាតំបន់ភាគខាងជើងប្រទេសវៀតណាមពីប្រទេសកូរ៉េខាងត្បូងនៅតុលា ឆ្នាំ២០២២ នេះ។

ក្នុងសប្តាហ៍នេះ រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយរបស់វៀតណាមគឺក្រុមហ៊ុន Nghi Son បានឲ្យដឹងថា ខ្លួននឹងដាក់ឲ្យដំណើរការនូវមធ្យោបាយពេញលេញក្នុងត្រីមាសទី៤ នេះ ដើម្បីធានាបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលប្រេងនៅក្នុងស្រុករបស់វៀតណាម៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner