ក្រុមការងាររាជរដ្ឋាភិបាល បានណែនាំ ក្រុមប្រឹក្សា ឃុំ ភូមិទាំង១០ ក្នុងឃុំរមេញ ពង្រឹងប្រសិទ្ធិភាពការងារការជួយដោះស្រាយទុក្ខលំបាក បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
ខេត្តតាកែវ ៖ ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមការងាររាជរដ្ឋាភិបាល គណៈបក្សមូលដ្ឋានចុះជួយ ឃុំ រមេញ បានណែនាំប្រធានក្រុមប្រឹក្សា ឃុំ ភូមិទាំង១០ ក្នុង ឃុំរមេញ គឺដើម្បីពង្រឹងប្រសិទ្ធិភាពការងារការជួយដោះស្រាយទុក្ខលំបាកបញ្ហាប្រឈមនានានៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ឯកឧត្តម សុខ ប្រសិទ្ធិ បានណែនាំបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ ប្រធានអនុប្រធានភូមិទាំង១០នៃឃុំរមេញ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

ឯកឧត្តម សុខ ប្រសិទ្ធិ បានសំណូមពរដល់ក្រុមការងារបន្តចុះតាមមូលដ្ឋានជាប្រចាំដើម្បីស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនិងស្តាប់សំណូមពរបញ្ហាប្រឈមនានា ដូចជាសេវាសាធារណៈ សេវាតម្រូវការ ដោះស្រាយឱ្យទាន់ពេលវេលា ដើម្បីបង្កើនជំនឿទុកចិត្តមកលើគណៈបក្សប្រជាជនកម្ពុជា។
ត្រូវបន្តការងាររបស់ខ្លួនឱ្យបានសកម្ម ក្នុងស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងឆន្ទះមុតដ្រួចធ្វើជាស្នូលចលនាប្រជាជនដើម្បីសម្រេចបាននូវសមិទ្ធផលធំៗថែមទៀតជូនជាតិនិងប្រជាជនដើម្បីឆ្ពោះទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និតិកាលទី៧ ឆ្នា២០២៣ ។

ឯកឧត្តម សុខ ប្រសិទ្ធ ក៏បានអញ្ជើញទៅពិនិត្យមើលដំណើរការចុះឈ្មោះបោះឆ្នោតរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំរមេញ ហើយឯកឧត្តមបានអំពាវនាវដល់ ប្រជាពលរដ្ឋមានកូនចៅគ្រប់អាយុមកចុះឈ្មោះឱ្យបានគ្រប់ៗគ្នាដើម្បីមានសិទ្ធិពេញលេញបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះ ៕ ដោយ-រ៉ាវុធ


