លោក​ស្រី ភឿង សកុណា៖ ការ​ទាក់ទាញ​ផលិតករ​បរទេស​ឱ្យ​មក​ថត​កុន​នៅ​ស្រុក​ខ្មែរ គឺ​ជា​គោលនយោបាយ​មួយ​របស់​ក្រសួង​វប្បធម៌

អត្ថបទដោយ៖
CPA

ភ្នំពេញ៖លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ព្រមទាំង​តំណាង​ពីក្រសួង​បរិស្ថាននា​រាត្រី​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​សម្ពោធ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​រឿង «ONODA 10 000 Nights in the Jungle ឬ​ជា​ភាសា​ខ្មែរ អូណូដា-មួយ​ម៉ឺន​រាត្រី​នៅ​ក្នុងព្រៃ» ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​រោងភាពយន្ត លេជេន ព្រីមៀ អូឡាំព្យា។

ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ ក៏​មានការ​ចូល​រួម​ទស្សនា​ផងដែរ ពី​សំណាក់​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សាក់កេស ប៉ែលឡេត(Jacques PELLET) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ផាទ្រិច មូរផៃ(Patrick Murphy) ​អ្នក​ដឹក​នាំ​ខ្សែ​ភាពយន្ត​នេះ គឺលោក Arthur Harari ក៏​ដូច​ជា​តារាសម្ដែង​ដែល​ជា​ជនជាតិ​ជប៉ុន ព្រម​ទាំង​ក្រុមការងារ​ផលិត​ជា​ច្រើន​រូប​ទៀត​។

ខ្សែភាពយន្តខ្នាតធំរឿង អូណូដា-មួយម៉ឺនរាត្រីនៅក្នុងព្រៃ ជាខ្សែភាពយន្តដែលផ្អែកទៅលើរឿងពិត របស់ទាហានជនជាតិជប៉ុនម្នាក់ឈ្មោះ ហ៊ីរ៉ូ អូណូដា កំឡុងពេលសង្គ្រាមលោកលើកទី២ គាត់បានលាក់ខ្លួននៅក្នុងព្រៃនៅលើកោះមួយក្នុងប្រទេសហ្វីលីពីន អស់ពេលជាង៣០ឆ្នាំ។

ខ្សែភាពយន្តនេះ ដឹកនាំរឿងដោយលោក Arthur Harari បានចាប់​ផ្ដើម​ថតនៅប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០១៨ នៅតាមតំបន់មួយចំនួន ក្នុងខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ដោយមានក្រុមការងារខ្មែរដែលមានជំនាញ និងទេពកោសល្យ ប្រមាណជាង៦០នាក់ រួមជាមួយក្រុមការងារផ្សេងៗទៀតមកពីប្រទេសជប៉ុន បារាំង ប៊ែលហ្សិក ថៃ និងហ្វីលីពីន។

លោកជំទាវ ភឿង សកុណា បាន​សម្ដែង​សេចក្ដី​រីករាយដែល​បាន​ទស្សនា​ខ្សែភាពយន្ត​នេះ បន្ទាប់​ពី​រង់​ចាំ​អស់​រយៈ​ពេល​ជាង​បី​ឆ្នាំ​។ សម្រាប់​លោកជំទាវរដ្ឋមន្រ្តី នេះ​គឺជា​ជោគជ័យ​ថ្មី​មួយ​ទៀតនៃ​ការ​រួម​គ្នា​រវាង​ផលិតកម្ម​កម្ពុជា និង​ផលិតកម្ម​បារាំង ហើយ​ក៏​ដូច​ជា​ជោគជ័យរបស់​ប្រទេស​កម្ពុជា​ដែរ ដែលទាក់ទាញ​ផលិតកម្ម​បរទេស​ឱ្យ​មក​ថត​ខ្សែ​ភាពយន្ត​នៅ​កម្ពុជា​។

បើ​តាម​លោក​ជំទាវ ភឿង សកុណា ការ​ទាក់ទាញផលិតករ​ភាពយន្ត​បរទេស​មក​ថត​ខ្សែ​ភាពយន្ត​នៅ​កម្ពុជា គឺ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយរបស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន។ តាម​រយៈទេសភាព​ដ៏​សម្បូរ​បែប​របស់​កម្ពុជាដែល​មាន​បង្ហាញ​នៅ​ក្នុង​​ខ្សែ​ភាពយន្ត​នេះ លោក​ជំទាវ​រដ្ឋមន្ដ្រី​សង្ឃឹម​ថា នឹង​មាន​ផលិតកម្មក៏​ដូច​ផលិតករ​​បរទេស​ជា​ច្រើន​ទៀត​ ​ចាប់​អារម្មណ៍​មក​ថតខ្សែ​ភាពយន្ត​នៅ​កម្ពុជា​។​

ដោយ​ឡែក លោក ជូ ដេវី ដែល​ជា​ផលិតករ​នៃ​ខ្សែភាពយន្ត​នេះ បាន​រៀបរាប់​ឱ្យ​ដឹង​អំពី​ដំណើរ​ដើម​ទង​នៃ​ខ្សែ​ភាពយន្ត​នេះ​ថា ផលិតករភាពយន្ត Nicolas Anthomé បានទាក់ទងមកលោក​កាល​ពី​ឆ្នាំ​២០១៧ ដើម្បីសួរអំពីចំណាប់អារម្មណ៍លោកថា ចង់ទទួលរាប់រងផលិតរឿងមួយនេះដែរ ឬទេ។ សម្រាប់​លោក ជូ ដេវី វាគឺជាសាច់រឿងមួយដែលមានភាពអស្ចារ្យ និងមានមហិច្ឆតាធំ ហើយបើគេចង់យករឿងនេះមកថតនៅប្រទេសកម្ពុជា លោក​ក៏ចង់ចូលរួមជាផ្នែកមួយដែរ។

ហេតុផលមួយទៀតនោះ លោកគិតថា វាគឺជាឱកាសដ៏ពិសេសមួយ ដែលអាចនាំយកបទពិសោធន៍ថ្មីៗមួយចំនួន ដែលមាននៅក្នុងការផលិតខ្នាតភាពយន្តធំបែបនេះ ទៅកាន់អ្នកដែលលោកធ្លាប់ធ្វើការជាមួយ ដែលមុខងារទាំងអស់នេះទាមទារការសហការការងារជាមួយ ក្រុមជនជាតិបារាំង និងប៊ែលហ្ស៊ិក​​។

លោក ជូ ដេវី៖ «ខ្ញុំសឹងតែមិនជឿថាយើងសម្រេចវាបានជោគជ័យ ទោះបីមានឧបសគ្គច្រើន មិនបានគិតមុនក៏ដោយ ដូចជាការចុះថតនៅក្នុងព្រៃភ្នំបូកគោ និងទីកន្លែងអភិរក្សព្រៃផ្សេងៗទៀត។ ភាពលំបាកខ្ញុំចងចាំបាននោះគឺ ការសាងសង់ភូមិសិប្បនិមិត្ត ឱ្យដូចទសវត្សរ៍៤០ នៅប្រទេសហ្វីលីពីន ប្រវែង ១០០ ម៉ែត្រនៅតាមក្បែរផ្លូវជាតិខេត្តកែប ហើយត្រូវរក្សាភូមិនោះក្រោមភ្លៀងវស្សា អស់ជាង ៨ខែ»។

លោក ជូ ដេវី បន្ត៖ «ខ្ញុំមានមោទកភាពជាខ្លាំងចំពោះក្រុមការងារខ្មែរយើង ដែលភាគច្រើននៅក្មេង និងមិនមានបទពិសោធន៍ច្រើនពីមុនមក។ យ៉ាងណាមិញ ពួកគាត់នាំយកនូវស្មារតីមាំមួន មកកាន់ទីកន្លែងថត និងដល់ក្រុមការងារទាំងមូល រួមមានជនជាតិ បារាំង ប៊ែលហ្ស៊ិក និងជប៉ុន។ តាមពិតទៅ ក្រុមការងារខ្មែរយើង ក៏មានអ្នកជំនាញ និងមានបទពិសោធន៍ច្រើនដែរ ហើយអ្វីៗដែលពួកគាត់បាននាំភ្ជាប់មកជាមួយ ដូចជា ចំណេះដឹង ការងារបច្ចេកទេស និងការចែករំលែកទេពកោសល្យ គឺមិនអាចកាត់ថ្លៃបានឡើយ»។

បើ​តាម​ផលិតករ​កូន​កាត់​បារាំង​ខ្មែរ​រូប​នេះ ខ្សែភាពយន្ត «អូណូដា-មួយម៉ឺនរាត្រីនៅក្នុងព្រៃ» អាចផលិតទៅបានជោគជ័យដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមមាន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:  ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: Cambodia Cinema Department មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា Film Commission សាលាភាពយន្ដនៃអង្គការ ដើម្បីភាពញញឹមនៃកុមារ (PSE) សហគមន៍ជនជាតិជប៉ុន និងសហគមន៍ជនជាតិហ្វីលីពីននៅប្រទេសកម្ពុជា។ លោក ជូ ដេវី បាន​សម្ដែងសេចក្ដី​រំភើប​និង​​មោទកភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលខ្សែ​ភាពយន្ត​នេះ និង​​អ្នកដឹកនាំរឿងលោក Arthur Harari ព្រមទាំង​ក្រុមការងារទាំងអស់។

សូម​បញ្ជាក់ «ONODA 10 000 Nights in the Jungle ឬ​ជា​ភាសា​ខ្មែរ អូណូដា-មួយ​ម៉ឺន​រាត្រី​នៅ​ក្នុងព្រៃ» មានចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែតុលា តទៅ។ កាលពីឆ្នាំ២០២១ភាពយន្តនេះត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែងផ្នែក Un Certain Regard  ដែលជាពានរង្វាន់ធំលំដាប់ទីពីរក្នុងកម្មវិធីមហស្រពភាពយន្តទីក្រុងកាន។ ពានរង្វាន់នេះផ្តោតលើផលិតកម្មតូចៗដែលផ្តល់ឱកាសដល់អ្នកដឹកនាំវ័យក្មេងបានបញ្ចេញស្នាដៃរបស់ខ្លួន៕ ដោយ៖ កែវ កិរិយា

ads banner