ហេតុអ្វីតម្លៃប្រាក់យ៉េនជប៉ុនធ្លាក់ចុះខ្លាំង?

ជប៉ុន៖នៅចុងសតវត្សទី២០ មហាអំណាចសេដ្ឋកិច្ចជប៉ុនជាប្រទេសដំបូងគេដែលបានកាត់បន្ថយអត្រាការប្រាក់រហូតដល់សូន្យ។ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ប្រទេសជាច្រើនបានយកគំរូតាមយុទ្ធសាស្ត្រប្រទេសជប៉ុន​ដើម្បីអាចស្រោចស្រង់សេដ្ឋកិច្ចរបស់ប្រទេសខ្លួន។

ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន បណ្ដាប្រទេសទាំងនោះបានធ្វើការដំឡើងអត្រាការប្រាក់ឡើងវិញ ចំណែកធនាគារកណ្ដាលជប៉ុន (BOJ) នៅតែបន្តរក្សាអត្រាការប្រាក់ស្ថិតក្រោមសូន្យនៅឡើយ។ ជាទូទៅ ប្រាក់យ៉េនត្រូវបានគេមើលឃើញថាជារូបិយប័ណ្ណដែលសុវត្ថិភាព និងដែលមានអ្នកវិនិយោគតែងតែទិញទុកនៅពេលមានវិបត្តិអ្វីមួយ។ ប៉ុន្តែ នៅពេលនេះស្ថិរភាពនៃតម្លៃប្រាក់យ៉េនបានរង្គោះរង្គើ ដោយក្នុងឆ្នាំនេះ រូបិយប័ណ្ណនេះបានធ្លាក់ថ្លៃជាង ១/៥ ធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលនេះជាការធ្លាក់ចុះខ្លាំងបំផុតគិតចាប់តាំងពីឆ្នាំ១៩៩០។

អ្វីជាហេតុផលបណ្ដាលឱ្យបញ្ហានេះកើតមានឡើង?

ការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េនគឺដោយសារតែមកពីភាពខុសគ្នារវាងអត្រាការប្រាក់នៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ ចាប់តាំងពីខែមីនា ធនាគារកណ្ដាលអាមេរិកបានដំឡើងការប្រាក់យ៉ាងកំហុក ចាប់ពី ០,២៥ភាគរយ ទៅ ៣,២៥ភាគរយ ដែលនេះជាមធ្យោបាយដោះស្រាយការកើនឡើងតម្លៃទំនិញនៅសហរដ្ឋអាមេរិក។ បើកាលណាអត្រាការប្រាក់កើនឡើងខ្ពស់ រូបិយប័ណ្ណមានទំនោរកាន់តែទាក់ទាញដល់អ្នកវិនិយោគ។ ជាលទ្ធផល តម្រូវការរូបិយប័ណ្ណនឹងធ្លាក់ចុះក្នុងប្រទេសដែលមានអត្រាការប្រាក់ទាបជាង។ ដូច្នេះហើយរូបិយប័ណ្ណទាំងនោះនឹងធ្លាក់តម្លៃក្នុងរយៈពេលដ៏ខ្លី។

ការជាប់គាំងសេដ្ឋកិច្ច

យ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួនជឿថា ប្រាក់យ៉េនធ្លាក់ថ្លៃអាចឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសមួយនេះផ្ទាល់។ ជាក់ស្ដែង សេដ្ឋកិច្ចជប៉ុន​មិន​សូវ​មាន​ការ​រីកចម្រើន​ទេ​ក្នុង​រយៈពេល​បី​ទសវត្សរ៍​ចុង​ក្រោយ​នេះ ហើយក៏ជាប្រទេសដែលជំពាក់បំណុលគេច្រើនជាងគេលើពិភពលោកផងដែរ។ ប្រទេសជប៉ុនក៏បាននឹងកំពុងប្រឈមមុខនឹងអត្រាកំណើតធ្លាក់ចុះ និងចំនួនប្រជាជនដែលមានវ័យចាស់ខ្ពស់បំផុតនៅលើពិភពលោក។ យ៉ាងណាមិញ រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឱ្យពលករបរទេសមួយចំនួនចំណាកស្រុកចូលមកធ្វើការដើម្បីអាចជួយដោះស្រាយបញ្ហានេះ ប៉ុន្តែនៅតែមានការប្រឆាំងកើតមានឡើងចំពោះគោលនយោបាយអន្តោប្រវេសន៍។

លោក Takeshi Fujimaki អតីតទីប្រឹក្សាវិនិយោគិនមហាសេដ្ឋី លោក George Soros បានមានប្រសាសន៍ថា៖ «គ្មានហេតុផលណាមួយដែលអាចជួយឱ្យតម្លៃប្រាក់យ៉េនកើនឡើងនោះទេ»។ គួរដឹងដែរថា លោកធ្លាប់បានព្រមានថា​រូបិយប័ណ្ណជប៉ុននឹងកើនឡើងរហូតដល់ ១៨០ យ៉េនស្មើនឹង ១ ដុល្លារអាមេរិក។

តើជប៉ុននឹងដំឡើងអត្រាការប្រាក់ដែរឬទេ?

អភិបាលធនាគាកណ្ដាលជប៉ុន លោក Haruhiko Kuroda បានលើកឡើងម្តងហើយម្តងទៀតថា សេដ្ឋកិច្ចជប៉ុនខ្សោយខ្លាំងពេក ដែលពិបាកក្នុងការដំឡើងអត្រាការប្រាក់ឱ្យខ្ពស់ជាងនេះ។

ដូចគ្នាទៅនឹង​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក​ដែរ ពលរដ្ឋជប៉ុន​កំពុង​តស៊ូ​ជាមួយ​នឹង​ការ​កើនឡើង​អតិផរណាខ្ពស់ ប៉ុន្តែ​ហាក់បីដូចជារឿងល្អសម្រាប់​អ្នក​បង្កើត​គោលនយោបាយ ដែល​ចង់​ឱ្យ​តម្លៃ​ឡើង​ថ្លៃ​ជា​យូរ​មក​ហើយនោះ។

លោក Kuroda បាននិយាយថា គោលនយោបាយបច្ចុប្បន្នរបស់ធនាគារគឺចាំបាច់ដើម្បីជួយឱ្យឈានដល់គោលដៅអតិផរណា ២ភាគរយ។

នេះក៏ដោយសារតែជាច្រើនឆ្នាំមកនេះ ប្រទេសជប៉ុនបានប្រឈមមុខនឹងបរិត្តផរណា ឬតម្លៃធ្លាក់ចុះ ដែលជះផលអាក្រក់ដល់សេដ្ឋកិច្ចប្រទេសទាំងមូល ព្រោះនៅពេលដែលតម្លៃបន្តធ្លាក់ចុះ អ្នកប្រើប្រាស់ហាក់មិនចង់ទិញទំនិញធំៗ ដោយសារតែពួកគេរំពឹងថាតម្លៃនឹងកាន់តែចុះថោកនាពេលអនាគត។

តើជប៉ុនអាចធ្វើអ្វីបាន?

​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មកនេះ ប្រទេស​ជប៉ុន​មិន​ទាន់បានប៉ះពាល់​ទីផ្សារ​រូបិយប័ណ្ណ​ពិភពលោក​ដើម្បី​បង្កើន​តម្លៃប្រាក់​យ៉េននោះទេ។ កាល​ពី​ខែ​មុន ខណៈ​រូបិយ​ប័ណ្ណ​យ៉េនកំពុងធ្លាក់​ចុះ រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់ ២១ ប៊ីលាន​ដុល្លារអាមេរិកក្នុងការជួយទទ្រទ្រង់សេដ្ឋកិច្ចប្រទេសឱ្យនៅនឹង ប៉ុន្តែក៏ត្រូវបានធ្លាក់ចុះម្ដងទៀត។ បន្ទាប់មកទៀត ទឹកប្រាក់ចំនួនប្រមាណ ៣៧ ប៊ីលានដុល្លារ ត្រូវបានដាក់ចេញដើម្បីជួយលំនឹងសេដ្ឋកិច្ចបន្ថែមទៀត ហើយសប្តាហ៍នេះ រដ្ឋាភិបាលជប៉ុនបានបដិសេធការឈានជើងចូលជួយម្ដងទៀត បើទោះបីជាត្រូវបានគេឃើញមានសញ្ញានៃការអន្តរាគមន៍ជួយបន្ថែមទៀតក៏ដោយ។

អ្នកជំនាញបានព្រមានថា ការប៉ុនប៉ងជួយជំរុញប្រាក់យ៉េនទាំងអស់នេះនឹងមានឥទ្ធិពលក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ លោក Eisuke Sakakibara អតីតមន្ត្រីជាន់ខ្ពស់នៅក្រសួងហិរញ្ញវត្ថុជប៉ុនបាននិយាយថា៖ «នេះគឺដើម្បីបង្ហាញពីជំហររបស់រដ្ឋាភិបាលជប៉ុន ដែលមិនចង់ឱ្យមានការចុះខ្សោយបន្ថែមទៀតនៃតម្លៃប្រាក់យ៉េន»។

តើវាមានន័យយ៉ាងណាចំពោះអ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្ម?

តម្លៃប្រាក់​យ៉េន​ធ្លាក់ចុះ​បានធ្វើ​ឱ្យ​តម្លៃនៃទំនិញទាំងអស់ឡើង​ថ្លៃ​ខ្ពស់។ ប្រទេសជប៉ុនបានពឹងផ្អែកខ្លាំងលើការនាំចូលប្រេង និងឧស្ម័ន។ ដោយសារតែអត្រាប្តូរប្រាក់ និងតម្លៃថាមពលកើនឡើង ចំនួនទឹកប្រាក់ដែលចំណាយលើការនាំចូលកាលពីខែមុនបានកើនឡើង ៤៦ភាគរយ។

ប៉ុន្តែ​វា​មិនមែន​ជា​ដំណឹង​អាក្រក់​ទាំងអស់​នោះទេសម្រាប់​ម្ចាស់អាជីវកម្ម​។ ប្រាក់ចំណូលអ្នកដែលរកបាននៅ​ក្រៅ​ប្រទេស នឹងមានតម្លៃខ្ពស់នៅពេលដែលនាំចូលក្នុងស្រុក។ ដោយសារការនាំចេញមានប្រមាណ ១៥ភាគរយ នៃទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសជប៉ុន វាគឺជាកត្តាមួយដែលជួយដល់សេដ្ឋកិច្ចជប៉ុនដ៏សំខាន់។

ទោះជាយ៉ាងណា អ្នកប្រើប្រាស់ក្នុងប្រទេសជប៉ុនបានឃើញ អំណាចទិញ របស់ពួកគេបានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ កាលពី ១០ ឆ្នាំមុន មួយម៉ឺនយ៉េននឹងទិញរបស់ដែលមានតម្លៃ ១៣២ ដុល្លារអាមេរិក ប៉ុន្តែឥឡូវនេះយើងអាចទិញរបស់ដែលមានតម្លៃត្រឹមតែ ៦៧ ដុល្លារអាមេរិកប៉ុណ្ណោះ។

នេះគឺ​ជា​បញ្ហា​ដ៏ចម្បង​មួយ ព្រោះ​ប្រាក់​ខែ​ជា​មធ្យម​ក្នុង​ប្រទេស​ជប៉ុន​ស្ទើរតែ​មិន​បាន​កើន​ឡើងសោះឡើយ​ក្នុង​រយៈ​ពេល​ជាង​បី​ទសវត្សរ៍មកនេះ។ បញ្ហានេះនឹងកាន់តែធ្ងន់ធ្ងរនៅពេលដែលមនុស្សត្រូវប្រើប្រាក់យ៉េនដើម្បីចំណាយលើរបស់របរនៅបរទេស ដូចជាការធ្វើដំណើរ ឬបញ្ជូនកូនៗរបស់ពួកគេទៅសិក្សានៅបរទេស។

តើ​នេះ​រឿង​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែរទេ?

អំឡុងពេលដែលប្រាក់យ៉េនចាប់ផ្តើមធ្លាក់ថ្លៃ ព្រំដែនរបស់ប្រទេសជប៉ុនកំពុងត្រូវបានបិទ ដូច្នេះប្រជាជនជប៉ុនមិនសូវមានអារម្មណ៍ថាទទួលផលប៉ះពាល់អ្វីច្រើននោះទេ។

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះប្រទេសជប៉ុនបានចាប់ផ្តើមអនុញ្ញាតឱ្យភ្ញៀវទេសចរធ្វើដំណើរចូលក្នុងប្រទេសហើយ។

ក្នុងឆ្នាំ២០១៩ ប្រទេសជប៉ុនទទួលបានភ្ញៀវបរទេសចូលទស្សនាប្រមាណ ៣២ លាននាក់ ដែលពួកគេបានចំណាយប្រហែល ៥ទ្រីលានយ៉េន ដែលស្មើនឹង ៣៣,៦ ប៊ីលានដុល្លារអាមេរិក។

ខណៈពេលដែលចំនួនអ្នកទេសចរនៅតែមានចំនួនតិចនៅឡើយនោះ ធនាគារវិនិយោគ Goldman Sachs បានព្យាករថាការចំណាយរបស់ភ្ញៀវទេសចរណ៍បរទេសអាចឈានដល់ ៦,៦ ទ្រីលានយ៉េនក្នុងរយៈពេលមួយឆ្នាំនៅពេលដែលប្រទេសជប៉ុនបើកឡើងវិញ៕ ដោយ៖ ធា សុខណា

ads banner