ផែនទីបង្ហាញផ្លូវសម្រាប់ការកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មានធនធានមនុស្ស ៤.០ ត្រូវបាន ក្រសួងមុខងារសាធារណៈ ត្រៀមដាក់អោយដំណើរការ
ភ្នំពេញ៖ កិច្ចប្រជុំក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យារបស់ក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំផែនទីបង្ហាញផ្លូវ (Roadmap) សម្រាប់ការកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មានធនធានមនុស្ស (HRMIS) ដោយប្រព្រឹត្តទៅ ក្រោមអធិបតី ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រសៀលថ្ងៃទី២៧ ខែតុលា។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា រយៈពេលជិតមួយឆ្នាំកន្លងមកនេះ ក្រសួងបានខិតខំរួមគ្នាកសាងអភិវឌ្ឍសំដៅធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិលនៅទូទាំងប្រទេសធានាបាននូវសុវត្ថិភាព និងបច្ចុប្បន្នភាពទិន្នន័យ បម្រើឱ្យការគ្រប់គ្រងមន្រ្តីរាជការ និងការបើកប្រាក់បៀវត្សប្រចាំខែរបស់មន្រ្តីរាជការស៊ីវិលទូទាំងប្រទេសជាង២០ម៉ឺននាក់ ឱ្យបានគ្រប់គ្រាន់ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

បច្ចុប្បន្ន ក្រសួងកំពុងកសាងអភិវឌ្ឍមជ្ឈមណ្ឌលប្រព័ន្ធទិន្នន័យគ្រប់គ្រងមន្រ្តីរាជការ និងបៀវត្សតាមព័ត៌មានវិទ្យាដែលមានស្រាប់ តាមរយៈការអភិវឌ្ឍផ្នែកសូហ្វវែរ (Software) ថ្មី ទន្ទឹមនឹងដំណើរការប្រើប្រាស់ម៉ាស៊ីនហាតវែរ (Hardware) ទំនើបថ្មី ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ នេះជាសកម្មភាពការងារអាទិភាពចាំបាច់ ដែលអាចជួយឱ្យយើងអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាទំនើបមួយសម្រាប់គ្រប់គ្រងទិន្នន័យចាំបាច់នៃធនធានមនុស្សជាមន្រ្តីរាជការស៊ីវិល និងបុគ្គលិកបម្រើការងាររដ្ឋតាមប្រព័ន្ធនិយោជន៍ ដែលអនុលោមតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល (Digital) របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា លើកទឹកចិត្តដល់ក្រុមការងារបចេ្ចកទេសព័ត៌មានវិទ្យា ឱ្យបន្តកិច្ចការ និងពុះពារសំរេចតាមពេលវេលាកំណត់ ជាពិសេសដៃគូអភិវឌ្ឍនានា ដើម្បីពន្លឿនការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មានធនធានមនុស្សនេះឱ្យបានឆាប់ ដែលដើរទាន់យុគសម័យឌីជីថលនៃឧស្សាហកម្ម៤.០ ដើម្បីរួមចំណែកជំរុញអនុវត្តជោគជ័យគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គុទេសក៍ដឹកនាំថ្លៃថ្លាខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

