ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រគល់សម្ភារៈប្រើប្រាស់ចាំបាច់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានចាត់តាំងក្រុមការងារ នាំយកអំណោយសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនមកប្រគល់ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

លោកអនុសេនីយ៍ទោ លេន ណាលិ បានបញ្ជាក់ថា សម្ភារៈ ដែលបានប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងការបម្រើអង្គភាពនិងបម្រើប្រជាជន រួមមាន ៖ ម៉ាស៊ីនគោយន្តនិងរ៉ឺម៉កចំនួន ៦គ្រឿង ម៉ូតូចំនួន ២៤គ្រឿង កាណូតចំនួន ៤គ្រឿង វិទ្យុទាក់ទងលើតុចំនួន ១៥គ្រឿង វិទ្យុទាក់ទងដៃចំនួន ៧៥គ្រឿង បន្ទះសូឡាសម្រាប់បញ្ជូលអាគុយចំនួន ១២គ្រឿង បន្ទះសូឡាសម្រាប់ប្រើប្រាស់បំភ្លឺភ្លើងចំនួន ១០គ្រឿង ម៉ាស៊ីនហ្វូតូកូពីខ្នាតធំចំនួន ១គ្រឿង ស៊ីម៉ងត៍ចំនួន ៣០តោន និងស័ង្កសីចំនួន ២.៥០០សន្លឹក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាករបស់កងទ័ព និងគ្រួសារកងទ័ពនៅគ្រប់ទីកន្លែង ហើយថ្ងៃនេះអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលនូវសម្ភារៈប្រើប្រាស់ជាច្រើន សម្រាប់បម្រើការក្នុងអង្គភាពក៏ដូចជាបម្រើប្រជាជន ៕
ដោយ ប៊ុន រដ្ឋា

ads banner