យុទ្ធសាស្ត្រថ្មី នៃមន្ទីរបញ្ចកោណបន្តចាត់ទុកចិន និងរុស្ស៊ីជាអ្នកបង្កបញ្ហាប្រឈមខ្លាំង សម្រាប់អាមេរិក
អាមេរិក៖ ៨ ខែ បន្ទាប់ ពី រុស្ស៊ី ចូល លុក លុយ អ៊ុយក្រែន និង ស្រប ពេល ដែល ចិន ជំរុញ ការ បង្កើន លើ វិស័យ អវកាស អ៊ិនធឺណិត និង នុយក្លេអ៊ែរ មន្ទីរ បញ្ចកោណ អាមេរិក បាន គូស បញ្ជាក់ អំពី យុទ្ធសាស្ត្រសន្តិសុខ ថ្មី ដ៏ ធំ ទូលាយ មួយ កាល ពី ថ្ងៃ ព្រហស្បតិ៍ ដោយ ចាត់ ទុក ប្រទេស កុម្មុយនីស្ត ទាំង ២ ថា ជា បញ្ហា ប្រឈម ខ្លាំង សម្រាប់ ក្រុង វ៉ាស៊ីនតោន ហើយ ស្វែង រក ការ ទប់ ទល់ បន្ថែម ។
យុទ្ធសាស្ត្រ ការពារ ជាតិ ឆ្នាំ ២០២២ ត្រូវ បាន ចេញ ផ្សាយ ជាមួយ គ្នា នឹង របាយការណ៍ស្ដី ពី ការ ត្រួត ពិនិត្យ ស្ថានភាព នុយក្លេអ៊ែរ និង ការ ពិនិត្យ ប្រព័ន្ធ ការពារ មីស៊ីល បន្ទាប់ ពី ប្រគល់ ជូន ទៅ ឱ្យ សភា ពិនិត្យ មើល ក្នុង ទម្រង់ ជា ឯកសារ សម្ងាត់ កាល ពី ខែ មីនា ។ វា មិន មែន ជា យុទ្ធសាស្រ្ត ការពារ ជាតិ លើក ទី ១ បើ រាប់ ចាប់ តាំង ពី សង្រ្គាម ត្រជាក់ នោះ ទេ ព្រោះ ក្នុង ឆ្នាំ ២០១៨ រដ្ឋ បាល របស់ លោក អតីត ប្រធានាធិបតី ដូ ណាល់ ត្រាំ បាន ចេញ ផ្សាយ យុទ្ធសាស្រ្ត ដូច គ្នា នេះ ម្ដង រួច មក ហើយ ។ កាល ពី នោះ រដ្ឋ បាល ត្រាំ បាន ចាត់ ទុក ចិន និង រុស្ស៊ី ថា ជា ប្រទេស បង្ក ការ គំរាម កំហែង ដែល ដឹក នាំ ប្រទេស តាម បែប ផ្ដាច់ ការ និយម ។
យុទ្ធ សាស្រ្ត ការពារ ជាតិថ្មី ក្រោម ការ គ្រប់ គ្រង របស់ រដ្ឋ បាល ចូ បៃដិន នៅ តែ បន្ត ផ្ដោត លើ ការ គំរាម កំហែង ពី ប្រទេស ទាំង ២ ប៉ុន្តែ បាន បែង ចែក ការ ពិពណ៌នា ថា ចិន ថា ជា ដៃគូ ប្រកួត ប្រជែង ខាង បច្ចេក វិទ្យា និង យោធា ដែល ជា អ្នក បង្ក ការ បញ្ហា ប្រឈម ខ្លាំង របស់ ក្រុង វ៉ាស៊ិនតោន ខណៈ រុស្ស៊ី ជាអ្នក គំរាម កំហែង ស្រួច ស្រាវ ប៉ុន្តែ កំពុង ធ្លាក់ ចុះ អំណាច ។
តាមរយៈ នេះ ផង ដែរ រដ្ឋ មន្ត្រី ការពារ ជាតិ អាមេរិក លោក Lloyd Austin បាន លើក ឡើង ពី បញ្ហា ប្រឈម ផ្សេង ៗ គ្នា ដែល បង្ក ឡើង ដោយ ចិន និង រុស្ស៊ី ដោយ ថ្លែង ថា ៖ « ចិន គឺ ជា ដៃគូ ប្រកួត ប្រជែង តែ មួយ គត់ ទាំង លើ ចេតនា ក្នុង ការ រៀប ចំ សណ្តាប់ ធ្នាប់ អន្តរជាតិ ឡើង វិញ និង ការ បង្កើន អំណាច កាន់ តែ ខ្លាំង ដើម្បី សម្រេច ផែន ការ នោះ »។ លោក បន្ថែម ថា ខុស ពី ចិន រុស្ស៊ី មិន អាច ប្រកួត ប្រជែង ជា ប្រព័ន្ធ ជាមួយ សហរដ្ឋ អាមេរិក ក្នុង រយៈ ពេល យូរ នោះ ទេ ប៉ុន្តែ ការ ឈ្លាន ពាន របស់ រុស្ស៊ី បង្ក ការ គំរាម កំហែង ភ្លាម ៗ និង ធ្ងន់ ធ្ងរ ។
យុទ្ធ សាស្រ្ត ដដែល ផ្ដោត ជា អាទិភាព លើ ការ គម្រាម កំហែង ដល់ អាមេរិក រៀប ចំ ផែនការ ឆ្លើយ តប រ យោធា ក្នុង ន័យ ទូលំ ទូលាយ និង ណែនាំ គោល នយោបាយ និង ដាក់ ថវិកា សម្រាប់ ការ សម្រេច ចិត្ត របស់ មន្ទីរ បញ្ចកោណ លើ បញ្ហា ជា ច្រើន ។
ជាមួយ គ្នា នេះ ផង ដែរ ឯកសារ យុទ្ធ សាស្រ្ត ថ្មី បាន លើក ឡើង ទៀត ថា ទីក្រុង ប៉េកាំង កំពុង ស្វែង រក ការ ផ្លាស់ ប្ដូរ តំបន់ ឥណ្ឌូប៉ាស៊ីហ្វិក និង អន្តរជាតិ ដើម្បី ឱ្យ ត្រូវ តាម ផល ប្រយោជន៍ និង ចំណង់ ចំណូល ចិត្ត ផ្តាច់ ការ របស់ ខ្លួន ហើយ វា ជា បញ្ហា ប្រឈម ដ៏ ទូលំ ទូលាយ និង ធ្ងន់ ធ្ងរ បំផុត ចំពោះ សន្តិសុខ ជាតិ របស់ សហរដ្ឋ អាមេរិក ។ យុទ្ធសាស្រ្ត បន្ត ថា ជាក់ ស្ដែង វោហា សាស្ត្រ រ បស់ ចិន អំពី ការ បង្ខិតបង្ខំ ឱ្យ តៃវ៉ាន់ ស្ថិត ក្រោម ការ គ្រង របស់ ខ្លួន រួម ទាំង ការ គំរាម ប្រើ ទ័ព ប្រសិន បើ ចាំ បាច់ គឺ ជា ការ ប្រថុយ នឹង ការ គណនា ខុស និង គំរាម កំហែង ដល់ សន្តិភាព ក្នុង តំបន់ ។
អ្វី ដែល គួរ ឱ្យ កត់ សម្គាល់ នោះ គឺ ថា យុទ្ធ សាស្រ្ត របស់ រដ្ឋបាល បៃដិន ខុស ពី យុទ្ធ សាស្រ្ត ដែល ចេញ ក្រោម ការ គ្រប់ គ្រង របស់ អតីត ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុង ឆ្នាំ ២០១០ ដែល មាន គោល បំណង កាត់ បន្ថយ តួនាទី របស់ អាវុធ នុយក្លេអ៊ែរ ទ្រង់ ទ្រាយ ធំ នៅ ក្នុង វិស័យ ការពារ របស់ អាមេរិក ហើយ ផ្តោត លើ ការ យក ចិត្ត ទុក ដាក់ លើ ការ បញ្ចៀស កុំ ឱ្យ ក្រុម ភេរវករ កាន់ កាប់ អាវុធ នុយក្លេអ៊ែរ ។ នា ពេល នោះ ចិន និង រុស្ស៊ី គឺ ជា ដៃគូ ពេញ លេញ ក្នុង កិច្ច ខិត ខំ ប្រឹង ប្រែង ដើម្បី ទប់ ស្កាត់ ឃ្លាំង អាវុធ នុយក្លេអ៊ែរ របស់ កូរ៉េ ខាង ជើង និង រារាំង អ៊ីរ៉ង់ ពី ការ ផលិត អាវុធ នុយក្លេអ៊ែរ ។ បើ បើ យោង តាម ការ ចុះ ផ្សាយ របស់ កាសែត ញូវយ៉កថែមស៍។
ប៉ុន្តែ ឯកសារ យុទ្ធ សាស្រ្ត ថ្មី មិន បាន បង្ហាញ ពី ភាព ជាក់ លាក់ ច្រើន អំពី របៀប ដែល មន្ទីរ បញ្ចកោណ នឹង ផ្លាស់ ប្តូរ អាវុធ និង បុគ្គលិក របស់ ខ្លួន ឱ្យ ស៊ី នឹង យុគសម័យ ថ្មី នៃ ការ ប្រកួត ប្រជែង មហា អំណាច នោះ ទេ ។ ផ្ទុយ ទៅ វិញ ឯកសារ ថ្មី ពិពណ៌នា អំពី ប្រទេស រុស្ស៊ី ដែល ប្រដាប់ ដោយ អាវុធ នុយក្លេអ៊ែរ យុទ្ធសាស្ត្រ ចំនួន ២០០០ គ្រាប់ ដោយ លើក ឡើង ពី លទ្ធភាព ដែល ប្រទេស នេះ នឹង ប្រើ ប្រាស់ កម្លាំង នុយក្លេអ៊ែរ ដើម្បី ព្យាយាម ឈ្នះ ឬ ជៀសវាង ការ ចាញ់ សង្រ្គាម ។
អ្វី ដែល មាន ចែក ក្នុង ឯកសារ នេះ គឺ ជា អ្វី ដែល មេដឹក នាំ រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់ បាន គំរាម កំហែង កាល ពី ចុង ខែ កញ្ញា ។ លោក ពូទីន ថ្លែង នា ពេល នោះ ក្នុង អំឡុង ពេល ប្រកាស ពី ការ កេណ្ឌ ទ័ព ៣ សែន នាក់ បន្ថែម ដើម្បី យក ទៅ ច្បាំង នឹង អ៊ុយក្រែន ថា ៖ « ប្រសិន បើ បូរណភាព ទឹក ដី នៃ ប្រទេស របស់ យើង រង ការ គំរាម កំហែង យើង ប្រើ គ្រប់ មធ្យោបាយ ទាំង អស់ ដើម្បី ការពាររុស្ស៊ី និង ប្រជាជន របស់ យើង ហើយ នេះ មិន មែន ជា ការ កម្លា បន្លាច នោះ ទេ »។
ការ ថ្លែង យ៉ាង ដូច្នេះ របស់ លោក ពូទីន ត្រូវ បាន គេ មើល ឃើញ ថា ជា ការ គំរាម កំហែង ប្រើ ប្រាស់ នុយក្លេអ៊ែរ សុទ្ធ សាធ ហើយ រង នូវ ការ ថ្កោល ទោស ពី សហគមន៍ អន្តរជាតិ រួម ទាំង សហរដ្ឋ អាមេរិក ដែល ជា ប្រទេស មហាអំណាច នុយក្លេអ៊ែរ កំពូល ដូច គ្នា ។ ហើយ ការ ព្រួយ បារម្ភ ចំពោះ រុស្ស៊ី មួយ រយៈ ពេល ចុង ក្រោយ នេះ បាន ឆ្លុះ បញ្ចាំង ពី អ្វី ដែល យុទ្ធសាស្ត្រ ការពារ ជាតិ អាមេរិក ហៅ ថា « ការ គំរាម កំហែង ធ្ងន់ ធ្ងរ ដែល បង្ក ឡើង ដោយ រុស្ស៊ី ដោយ ការ ឈ្លាន ពាន លើ អ៊ុយក្រែន » ។
សម្រាប់ ចិន ដែល ជា អំណាច នុយក្លេអ៊ែរ មួយ ទៀតឯណោះ វិញ ត្រូវ បាន យុទ្ធ សាស្រ្ត ការពារ ជាតិ ថ្មី របស់ មន្ទីរបញ្ជកោល ចាត់ ទុក ក្រុង ប៉េកាំង ថា ជា បញ្ហា ប្រឈម ចម្បង ។ ឯកសារ អះ អាង ថា ចិន បាន ខិត ខំ ប្រឹង ប្រែង ពង្រីក ឃ្លាំង អាវុធ នុយក្លេអ៊ែរ របស់ ខ្លួន ដល់ ប្រហែល ១ ០០០ ក្នុង រយៈ ពេល ប៉ុន្មាន ឆ្នាំ ខាង មុខ នេះ ។ ឯកសារ គូស បញ្ជាក់ ថា ៖ « ភាព រឹង មាំ នៃ អាវុធ នុយក្លេអ៊ែរ នា ពេល បច្ចុប្បន្ន ទាំង ក្នុង យុទ្ធសាស្ត្រ និងយោធា របស់ ដៃគូ ប្រកួត ប្រជែង យើង បាន បង្កើន ហានិភ័យ » ។
គួរ រំឭក ថា ទំនាក់ ទំនង រវាង ទីក្រុង ប៉េកាំង និង ទីក្រុង វ៉ាស៊ីនតោន កាន់ តែ ជូរ ចត់ ទៅ ៗ ជុំ វិញ ភាព តាន តឹង ជាច្រើន ក្នុង ប៉ុន្មាន ឆ្នាំ ថ្មី ៗ នេះ រួម ទាំង បញ្ហា ពាណិជ្ជកម្ម ការ ទាម ទារ តៃវ៉ាន់ និង សមុទ្រ ចិន ខាង ត្បូង របស់ ចិន និង ការ ជំរុញ បន្ត របស់ សហរដ្ឋ អាមេរិក ប្រឆាំង នឹង កំណើន នៃ ឥទ្ធិពល របស់ ចិន នៅ ក្នុង ឥណ្ឌូ ប៉ាស៊ីហ្វិក ។
កាល ពី ពាក់ កណ្ដាល ខែ នេះ ទីក្រុង ប៉េកាំង បាន ថ្កោល ទោស ចំពោះ យុទ្ធ សាស្រ្ត ទំនាក់ ទំនង របស់ សហរដ្ឋ អាមេរិ ក ចំពោះ ចិន ដោយ អំពាវ នាវ ឱ្យ ទីក្រុង វ៉ាស៊ីនតោន បន្ត នូវ អ្វី ដែល ខ្លួន ហៅ ថា « កិច្ច សហប្រតិបត្តិការ ឈ្នះ ឈ្នះ» ។
អ្នក នាំ ពាក្យ ក្រសួង ការ បរទេស ចិន លោក ស្រី Mao Ning បាន ថ្លែង នៅ ថ្ងៃ ទី ១៣ ខែ តុលា ថា ៖ « វា មិន មាន ប្រជា ប្រិយ ភាព ឬ ស្ថាបនា ទេ ក្នុង ការ ប្រកាន់ ខ្ជាប់ នូវ សតិ អារម្មណ៍ បែប សង្គ្រាម ត្រជាក់ ហើយ បង្កើត ជម្លោះ ភូមិ សាស្ត្រ នយោបាយ និង ការ ប្រកួត ប្រជែង អំណាច ធំ » ។
សូម បញ្ជាក់ ថា ការ គំរាម កំហែង ពី ប្រទេស អ៊ីរ៉ង់ កូរ៉េ ខាង ជើង និង ក្រុម ភេរវករ ដូច ជា អាល់កៃដា និង រដ្ឋ អ៊ីស្លាម នៅ តែ បន្ត ហើយ បញ្ហា ប្រឈម ថ្មី ៗ ដូច ជា ការ ប្រែ ប្រួល អាកាសធាតុ ពិភព លោក កំពុង ហក់ ឡើង ។ យ៉ាង ណា ក៏ ដោយ ឯកសារ យុទ្ធសាស្ត្រ ការពារ ជាតិអាមេរិក ថ្មី នៅ តែ ផ្តោត ខ្លាំង លើ ចិន និង រុស្ស៊ី ។ ឯកសារ កត់ សម្គាល់ ថា គូ ប្រជែង ទាំង ២ បាន ដាក់ ពង្រាយ អាវុធ អវកាស ដែល អាច រំខាន ដល់ ប្រព័ន្ធផ្កាយ រណប GPS និង សមត្ថភាពដែល ផ្អែក លើ អវកាស ផ្សេង ទៀត ដែល បម្រើ ឱ្យ វិស័យ យោធា និង ជីវិត ស៊ីវិល ប្រចាំ ថ្ងៃ» ។
ជាមួយ គ្នា នេះ ផងដែរ ឯកសារ របស់ មន្ទីរបញ្ចកោណ ដដែល បាន លើក ឡើង ពី បញ្ហា ប្រឈម ថ្មី ៗ ជា ច្រើន ចំពោះ ស្ថិរភាព យុទ្ធសាស្ត្រ រួម ទាំង អាវុធ ល្បឿន លឿន អាវុធ គីមី និង ជីវសាស្រ្ត កម្រិត ខ្ពស់ ប្រព័ន្ធ ក្បាល គ្រាប់ផ្សេង និង អាវុធ នុយក្លេអ៊ែរ តាក់ទិក ជា ដើម ៕ ដោយ:ហួន ឌីណា