លោកជំទាវ ម៉ែន សំអន អញ្ជើញសំណេះសំណាល និងពិសារអាហារស្និទ្ធស្នាលជាមួយនាយទាហានកំពុងបម្រើការងារនៅក្រសួងការពារជាតិ ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង និងខេត្តកំពង់ចាម ចំនួនជិត ៥០០នាក់

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសារអាហារស្និទ្ធស្នាលជាមួយនាយទាហានកំពុងបម្រើការងារនៅក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន យោធិនសោធននិវត្តន៍ យោធិនប្រភេទ២ អតីតយុទ្ធជន ដែលបានចូលបម្រើកងទ័ព នៅឆ្នាំ១៩៧៧-១៩៧៨ ចំនួនជិត ៥០០នាក់ ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង និងខេត្តកំពង់ចាម ។ ពិធីនេះបានរៀបចំនៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ។

លោកជំទាវបានមានប្រសាសន៍ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាអតីតអ្នកប្រយុទ្ធដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ដែលកំពុងមានវត្តមាននាពេលនេះ គឺជាសាក្សីរស់ដែលបានបញ្ជាក់យ៉ាងពិតប្រាកដថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំការតស៊ូររំដោះជាតិ និងប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងការបំផ្លាញតទីតាំងនយោបាយ និងយោធាខ្មែរក្រហម ហើយបានកសាងប្រទេសជាតិពីគំនរផេះផង់ដែលបន្សល់ទុកពីសង្គ្រាម ។

ឯកឧត្តម អស់លោក លោកស្រី ដែលមានវត្តមាននៅទីនេះ គឺសុទ្ធសឹងជាប្រតិបត្តិករបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជានាំមកនូវសន្តិភាព រហូតក្លាយជាប្រទេសមានសន្តិភាពពេញបរិបូរណ៍រំដោះប្រជាជាតិកម្ពុជាចេញពីភាពក្រីក្រហើយបាននិងកំពុងបន្តការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃនេះ ជាពិសេស សមិទ្ធផលថ្មីៗលើសមរភូមិប្រយុទ្ធជំងឺកូវីដ-១៩ ដែលជាមូលដ្ឋានគ្រឹះក្នុងការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យនិងការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មីនាពេលនេះ ។

នៅក្នុងអង្គពិធីនោះផងដែរ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានគំនិតដ៏វិសេសវិសាលក្នុងការផ្តួចផ្តើម និងរៀបចំពិធីសំណេះសំណាលជាប្រវត្តិសាស្ត្រនេះឡើងបន្ទាប់ពីឆ្លងកាត់រយៈពេល ៤៥ឆ្នាំ នៃការបំពេញភារកិច្ចបម្រើជាតិមាតុភូមិដ៏ឧត្តុង្គឧត្តម សំដៅរំលឹកឡើងវិញនូវប្រវត្តិតស៊ូ និងស្នាដៃ ក៏ដូចជាការធ្វើបច្ចុប្បន្នភាព កម្មាភិបាលនិងអតីតយុទ្ធជន មានអតីតភាពបានចូលបម្រើកងទ័ពកាលពីឆ្នាំ ១៩៧៧-៧៨ ដែលបានចូលរួមក្នុងបេសកកម្មបម្រើជាតិមាតុភូមិនារយៈពេលកន្លងមក ៕ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner