សាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ ផ្តល់ជូនកម្មវិធីសិក្សាដែលទទួលបានសញ្ញាបត្រ បាក់ឌុបអន្តរជាតិពីរក្នុងពេលតែមួយ
ភ្នំពេញ៖ ស្ថិតក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក៏ដូចជាផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សរបស់ខ្លួនផងនោះ សាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ និងវិទ្យាសា្ថន Maine Central Institute បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកម្មវិធីសិក្សា ដែលពិធីនេះរៀបចំធ្វើឡើងនៅទីតាំងផ្ទាល់របស់សាលា ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ។
តាមរយៈកិច្ចសហការនេះ សិស្សានុសិស្សនៃសាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ នឹងមានឱកាសទទួលបានសញ្ញាបត្របាក់ឌុបអន្តរជាតិពីរក្នុងពេលតែមួយ នៅពេលដែលពួកគេបញ្ចប់ការសិក្សា រួមមានសញ្ញាបត្របាក់ឌុបសាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ ដែលទទួលស្គាល់ដោយគណៈកម្មការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំអន្តរជាតិ ដែលហៅកាត់ថា WASC និងសញ្ញាបត្របាក់ឌុបដែលចេញដោយសាលានៅសហរដ្ឋអាម៉េរិក។ ថ្លែងនាឱកាសចុះអនុស្សរណៈយោគយល់គ្នានេះ លោកឧកញ៉ាបណ្ឌិត ត្រាំង លី សាកលវិទ្យាធិការនៃសាលាអន្ដរជាតិ CIA First បានមានប្រសាសន៍ថា កិច្ចសហការកម្រិតអន្តរជាតិផ្នែកកម្មវិធីសិក្សា ដែលផ្តល់ជូនសញ្ញាបត្រពីរក្នុងពេលតែមួយ ថ្នាក់មធ្យមសិក្សាទុតិយភូមិ នឹងធ្វើឲ្យសាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ ក្លាយជាសាលាអន្តរជាតិចំណេះទូទៅទីមួយដែលផ្តល់ជូនកម្មវិធីសិក្សាបែបនេះ ហើយវាក៏ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការប្រកួតប្រជែងដាក់ពាក្យចូលសិក្សានៅសាកលវិទ្យាល័យធំៗនាំមុខគេនៅសហរដ្ឋអាម៉េរិក។
លោកឧកញ៉ាបណ្ឌិតបន្ថែមថា តាមរយៈកិច្ចសហការនេះ សិស្សានុសិស្សនឹងទទួលបានលិខិតទទួលឲ្យចូលរៀននៅសាកលវិទ្យាល័យនាំមុខគេនៅសហរដ្ឋអាម៉េរិក ដែលជាធម្មតាការដាក់ពាក្យដើម្បីទទួលបានលិខិតនេះ គឺជាដំណើរការដែលមានលក្ខណៈពិបាក។ សាក លវិទ្យាល័យទាំងនោះរួមមាន៖ Adelphi University, Auburn University, Florida International University, Louisiana State University, University of Dayton, University of Central Florida, University of Illinois,Chicago, The University of Kansas, University of South Carolina, University of the Pacific, University of Maine, and Husson University។
ជាមួយគ្នានេះ លោក ហ្វីលីប ម៉ាស្កុត ដែលជានាយកទទួលបន្ទុកកម្មវិធីសិក្សាអន្តរជាតិនៃសាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ បានបញ្ជាក់ថា នាយកសាលា Maine Central Institute គឺលោក Christopher McDonald និងខ្លួនលោកផ្ទាល់មានចក្ខុវិស័យរួមគ្នា គឺយើងអប់រំ សិស្សានុសិស្សឲ្យមានសមត្ថភាព និងភាពជាពលរដ្ឋសកល ព្រមទាំងភាពជឿជាក់ថា ប្រសិនបើសិស្សានុសិស្សផ្តល់សិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង ដោយមានការផ្តល់ប្រឹក្សាពីអ្នកដែលមានសមត្ថភាព ពួកគេនឹងទទួលបានជោគជ័យ។ ទស្សនៈស្របគ្នានេះ បានត្រួសត្រាយផ្លូវរហូតដល់មានការព្រមព្រៀងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីផ្តល់ឱកាសកាន់តែច្រើនថែមទៀតដល់សិស្សានុសិស្ស ក្នុងការចូលរៀននៅសាកលវិទ្យាល័យធំៗនាំមុខគេនៅសហរដ្ឋអាម៉េរិក៕ម.ន