សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីឡាវ ព្រមទាំងចុះហត្ថលេខាលើឯកសារមួយចំនួន ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា របស់នាយករដ្ឋមន្ត្រីឡាវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលបដិណ្ឋាកិច្ចស្វាគមន៍ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព ក្នុងឱកាសដែល ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ អញ្ជើញមកបំពេទស្សនកិច្ចផ្លូវការនៅព្រះរាជាណាច្រកម្ពុជារយៈ២ថ្ងៃ ចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីបានទទួលបដិណ្ឋាកិច្ចស្វាគមន៍ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព ហើយបន្ទាប់ពីនោះ ភាគីទាំងពីរ បានអញ្ជើញហត្ថលេខា និងធ្វើជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ផងដែរ ។ ឯកសារ ដែលត្រូវចុះហត្ថលេខា រួមមាន៖
១)អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ហត្ថលេខាដោយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ខាំផែង សាយ សំផេង រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម)។
២)កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យថាមពល រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ចុះហត្ថលេខាដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ខាំម៉ានី  អ៊ីនធីរ៉ាត់ រដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែ)។
៣)កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គសនីឡាវ សម្រាប់ការនាំចូលអគ្គិសនីអនុភាព ៥០០មេហ្គាវ៉ាត់ ពីវារីអគ្គិសនីអាត់តាពើ ប្រទេសឡាវ (ភាគីកម្ពុជាចុះហត្ថលេខាដោយឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងកំពុងរង់ចាំសមាភាពពីភាគីឡាវ)។
៤)កិច្ចព្រមព្រៀទិញ-លក់អគ្គិសនី រវាងអគ្គសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព៦00 មេហ្គាវ៉ាត់ នៅខេត្តសេកុង ប្រទេសឡាវ។
៥)កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវងអគ្គិសនីកម្ពុជា និងក្រុមហ៊ុម XEKONG THERMAL POWER PLANT COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព១៨០០មេហ្កាវ៉ាត់ នៅខេត្តសេកុង។

ក្រោយបញ្ចប់ពិធីចុះហត្ថលេខា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញធ្វើសន្និសីទរួមគ្នា ដោយបានបញ្ជាក់ថា ភាគីទាំង២ បានពិភាក្សាគ្នាដោយត្រង់ៗ ក្នុងបរិយាកាសកក់ក្តៅ និងយោគយល់គ្នា អំពីបញ្ហាជាច្រើនដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ភាគីទាំងពីរ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដល់កំរិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែងក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាពស្មារតីសាមគ្គីភាពជាភាតរៈ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ ភាគីទាំងពីរ នឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស គោលការណ៍ដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មី
ពីការទុកចិត្តនិងការជឿជាក់គ្នាទៅវិញទៅមកនិងការគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមកការមិនប្រើប្រាស់កម្លាំង ឬការគំរាមប្រើកម្លាំងការដោះស្រាយទំនាស់ដោយសន្តិវិធីព្រមទាំងមិនអនុញ្ញាតឱ្យក្រុមអ្នកនយោបាយឬកម្លាំងប្រដាប់អាវុធបរទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។

ភាគីទាំងពីរនឹងបន្តរក្សាការជួបប្រជុំកម្រិតខ្ពស់ឱ្យបានទៀងទាត់រវាងតំណាងរដ្ឋាភិបាល និងស្ថាប័នរដ្ឋផ្សេងទៀតរបស់ប្រទេសទាំងពីរដើម្បីពង្រឹងនិងពង្រីកកិច្ចសម្របសម្រួល និងរួមគ្នាដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់ការជឿទុកចិត្តគ្នារវាងប្រជាជាតិទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេស ទំាងពីរ ដើម្បីរួមគ្នាព្រាងឱ្យបានឆាប់បំផុតនូវសន្ធិសញ្ញាសី្តពីការខណ្ឌសីមាព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវពាក់ព័ន្ធកំណាត់ព្រំដែនដែលភាគីទាំងពីរបានកំណត់ខណ្ឌសីមារួចរាល់ហើយចំនួន៨៦%នៃខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ ចំពោះកំណាត់ព្រំដែនដែលនៅសេសសល់មិនទាន់ខណ្ឌសីមាភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងបន្តពិភាក្សារិះរកផ្លូវដោះស្រាយបញ្ហាដោយសនិ្តវិធីឱ្យបានឆាប់បំផុត។ ភាគីទាំងពីរក៏បានឯកភាពប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរឱ្យពិភាក្សាគ្នាអំពីការដាំបង្គោលព្រំដែនបន្ថែមនៅលើកំណាត់ព្រំដែនចំនួន៨៦% និងផលិតផែនទីព្រំដែនដោយបង្ហាញពីខ្សែព្រំដែនដែលភាគីទាំងពីរ បានទទួលយកសម្រាប់ភ្ជាប់ជាឧបសម្ព័ន្ធនៃសន្ធិសញ្ញាដូចពោលខាងលើ។

លើសពីនេះទៀតភាគីទាំងពីរបានឯកភាពគ្នាលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ឱ្យអនុវត្តន៍នូវតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីធានានូវសន្តិភាពនិងស្ថិរភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងដើម្បីធ្វើឱ្យព្រំដែនកម្ពុជា-ឡាវ ក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជានិរន្តរ៍។ ភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើការសម្របសម្រួល និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្ដិសុខសាធារណៈ ជាពិសេសតាមរយៈការពិគ្រោះយោបល់ជាទៀងទាត់ និងការផ្លាស់ប្តូរទស្សនកិច្ចគ្រប់ជាន់ថ្នាក់កម្មវិធីផ្លាស់ប្តូរនិស្សិត កិច្ចសហប្រតិបត្ដិការកុងស៊ុលនិងច្បាប់ រួមទាំងក្នុងការងារផ្ទេរទណ្ឌិត និងកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ព្រមទាំងបទល្មើសឆ្លងដែនដទៃទៀត ដោះស្រាយបញ្ហាឆ្លងដែនដែលមានដូចជា ជំងឺឆ្លង និងគ្រោះមហន្តរាយផ្សេងៗ។ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីអំពីសារសំខាន់នៃការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី តាមរយៈកិច្ចប្រឹងប្រែងរួមដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ហើយព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជាវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហិរញ្ញវត្ថុ ការដឹកជញ្ជូនទូរគមនាគមន៍ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជលូតុវិទ្យា និងបរិស្ថាន។ ភាគីទាំងពីរយល់ស្របគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្ដិការផ្នែកសង្គម-វប្បធម៌ដែលរួមមានសុខុមាលភាពសង្គម អប់រំ និងកីឡា ព័ត៌មាន វប្បធម៌ និងទេសចរណ៍ការថែរក្សាសុខភាព និងយុវជនមិនត្រឹមតែជួយគាំទ្រដល់ទំនាក់ទំនងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ស្មារតីមិត្តភាពរវាងប្រជាជាតិទាំងពីរផងដែរ។

ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេសតាមរយៈការបង្កើនពាណិជ្ជកម្មទ្វេភាគីផ្នែកថាមពលអគ្គិសនីផលិតពីប្រភពវារីអគ្គិសនីរោងចក្រដើរដោយធ្យូងថ្ម និងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀត រវាងប្រទេសទាំងពីរនៅក្នុងបណ្តាឆ្នាំខាងមុខ ផ្អែកតាមសមត្ថភាពផងខ្លួន។ក្នុងន័យនេះភាគីទាំងពីរបានឯកភាពគ្នាជំរុញលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធទាំងសងខាង ធានាថាការសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ រវាងកម្ពុជា និងឡាវនឹងត្រូវបានរួចរាល់តាមការព្រមព្រៀងគ្នា និងស្របតាមផែនការ។ ភាគីទាំងពីរបានបង្ហាញនូវបំណងរួមក្នុងការជំរុញពាណិជ្ជកម្មថាមពលថ្នាក់តំបន់ហើយយល់ស្របគ្នាថាពាណិជ្ជកម្មថាមពលរវាងកម្ពុជាឡាវ និងវៀតណាមអាចនឹងជំរុញបានតាមរយៈការបង្កើតនូវបណ្តាញបញ្ជូនអគ្គិសនីរួមនៃប្រទេសទាំងបី។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រី រវាងរាជធានីភ្នំពេញ និងវៀងចន្ទន៍ និងរវាងខេត្តសៀមរាប និងខេត្តចំប៉ាសាក់។ លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពជំរុញមន្រ្តីរៀងៗខ្លួននៅតាមបណ្តាខេត្តជាប់ព្រំដែនឱ្យធ្វើការជួបប្រជុំ និងពិគ្រោះយោបល់គ្នាជាប្រចាំ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក លើគ្រប់វិស័យ ដែលបម្រើផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរបានឯកភាពបន្ដបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអនុតំបន់ និងយន្ដការតំបន់ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាព តាមរយៈការអនុវត្ដនូវកិច្ចព្រមព្រៀងដែលមានស្រាប់ពិសេសនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាម ។


សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងនាមជាមេដឹកនាំកំពូល និងជាអ្នកទទួលខុសត្រូវលើជោគវាសនាជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គេនឹងចាត់ទុកថា ក្រុមនោះ (ទណ្ឌិតសម រង្ស៊ី) នឹងអាចប្រើប្រាស់ដីឡាវ ដើម្បីចូលមកកម្ពុជា ខ្ញុំចង់ឲ្យឯកឧត្តមនាយករដ្ឋមន្ដ្រី បញ្ជាក់ទៅពួកគេអំពីគោលការណ៍អាស៊ាន អំពីគោលការណ៍របស់ឡាវ ដែលមិនផ្ដល់ មិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងប្រទេសកម្ពុជា ឬប្រឆាំងជាមួយប្រទេសជិតខាង»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែម ថា មិនមែនគ្រាន់តែឡាវទេ ទាំងថៃ រដ្ឋាភិបាលថៃ បានទទួលរួចមកហើយនូវសាលដីកាតុលាការ ដើម្បីចាប់ខ្លួនជនណា ដែលមានសាលដីកាតុលាការ។ យើងក៏នឹងបញ្ជូនសាលដីកាតុលាការនោះ ទៅកាន់ប្រទេសទាំងអស់នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង។ អ៊ីចឹង សូមអញ្ជើញធ្វើតាមចំណង់របស់ខ្លួនទៅចុះ»។

នៅចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទសទាំងពីរ ឯកឧត្តម ថង លូន ស៊ីស៊ីលីត ក៏បានប្រកាសជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលខ្លួនថា ប្រទេសឡាវដែលជាភូមិផងរបងដ៏ល្អ របស់កម្ពុជា នោះ មិនអនុញ្ញាតដាច់ខាតឲ្យទណ្ឌិត សម រង្ស៊ី ឆ្លងកាត់ប្រទេសឡាវ ចូលមកបំផ្លិចបំផ្លាញប្រទេសកម្ពុជានោះឡើយ ហើយរដ្ឋាភិបាលក្រុងវៀងចន្ទន៍ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត។ ឯកឧត្តម ថងលូន ស៊ីស៊ូលីត បានប្រកាសពីជំហររដ្ឋាភិបាលរបស់ខ្លួនដូច្នេះថា ខ្ញុំទើបបានព័ត៌មានពីសម្ដេចតេជោ ហ៊ុន សែន មុននេះ។ ខ្ញុំសូមបញ្ជាក់ថា បុគ្គលណាដែល មានទោសមកឆ្លងប្រទេសឡាវ សញ្ជាតិណាក៏ដោយ ដើម្បីយកឡាវជាកន្លែងឆ្លងកាត់ដើម្បីទៅបំផ្លាញប្រទេសផ្សេងនោះ យើងនឹងដំណើរការយ៉ាងម្មត់ចត់ យើងនឹងធ្វើការយ៉ាងហ្មត់ចត់ មិនឲ្យកើតបញ្ហានេះឡើយ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner