ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ២.៥១៧គ្រួសារក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បានទទួលស្រូវពូជពីរាជរដ្ឋាភិបាល

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងទន្លេមេគង្គចំនួន ២.៥១៧ គ្រួសារ មកពី៩ឃុំ នៃស្រុកបាធាយ ខេត្តកំពង់ចាម បានទទួលស្រូវពូជពីរាជរដ្ឋាបាល កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដែលពិធីនេះធ្វើនៅក្នុងបរិវេណសាលាស្រុកបាធាយ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, សមាជិករដ្ឋសភា សមាជិកព្រឹទ្ឋសភា, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, រួមនឹងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត និងក្រុមការងារចុះមូលដ្ឋានស្រុកបាយជាច្រើនរូបទៀត។

លោក ផេន សុផល អភិបាលស្រុកបាធាយ បានឲ្យដឹងថា ស្រុកបាធាយ បានរងផលប៉ះពាល់ដោយសារទឹកជំនន់មានចំនួន៩ឃុំ លើផ្ទៃដី ៣.១៣៩ ហិចតា ស្មើនឹង ២.៥១៧គ្រួសារ។ តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានផ្តល់ពូជស្រូវជូនប្រជាកសិករដែលរងផលប៉ះពាល់ទាំង ២.៥១៧គ្រួសារ ដោយក្នុង ១គ្រួសារទទួលបាន ១០០គីឡូក្រាម។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រសាសន៍ថា ពូជស្រូវដែលផ្តល់ជូននេះ ជាប្រភេទ OM5451 ដែលជាពូជល្អ ផ្តល់ទិន្នផលខ្ពស់ ដោយក្នុងពូជ ៥០គីឡូក្រាម ផ្តល់ទិន្នផល ៧៥០គីឡូក្រាម។ ឯកឧត្តមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការផលិតពូជស្រូវប្រភេទនេះឲ្យបានច្រើន ដើម្បីផ្តល់ជូនកសិករ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី មានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំគ្រប់លទ្ធភាព និងកៀរគរធនធានគ្រប់បែបយ៉ាងដើម្បីជួយដោះស្រាយជីវភាពរស់នៅ និងថែរក្សាសុខភាពជូនដល់ប្រជាពលរដ្ឋយើងនៅគ្រប់ទីកន្លែងទាំងអស់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តថា នឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារឡើយ ៕ ប្រភព ៖ គណៈរដ្ឋមន្ត្រី ដោយ ៖ ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner