អ្នកអភិរក្ស៖ ផ្សោតមេគង្គកំពុងរងការគំរាមគំហែង ដោយការនេសាទខុសច្បាប់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រុមអ្នកអភិរក្សកំពុងព្រួយបារម្ភពីការបាត់បង់សត្វផ្សោតចេញពីប្រទេសកម្ពុជា ដោយសារសត្វផ្សោត កំពុងរងការគំរាមកំហែង ពីសកម្មភាពនេសាទខុសច្បាប់។

ប្រធាននាយកដ្ឋានអភិរក្សជលផលលោក អ៊ុន វិបុល បាននិយាយថា ផ្សោតនៅតាមដងទន្លេមេគង្គខាងក្រសួងកសិកម្មបានចេញអនុក្រឹត្យដើម្បីការពារកុំឲ្យមានការនេសាទខុសច្បាប់ដែលបណ្ដាលឱ្យផ្សោតងាប់ជាបន្តបន្ទាប់។ ដោយនៅឆ្នាំ ២០១៥ សត្វផ្សោតមេហ្នឹងមានចំនួន ៨០ទេហើយនៅឆ្នាំ ២០១៧ ផ្សោតមាន ៩២ក្បាល ។

លោក អ៊ុន វិបុលបញ្ជាក់ថា ៖ « និយាយទៅ ឆ្នាំ ២០២០យើងរកឃើញ ៨៩ក្បាល ជាទូទៅផ្សោតដែលយើងការពារកន្លងមកហ្នឹងពុំមានការប្រែប្រួលអីប៉ុន្មាននោះទេ ក្នុងមួយឆ្នាំៗស្លាប់កូនផ្សោត ១៥ ក្បាល ប៉ុន្តែមកទល់ឥឡូវមានការស្លាប់កូនផ្សោតត្រឹម ៥- ៦ ក្បាលនោះទេដោយក្នុងនោះ ផ្សោតកើត ៨ ទៅ ៩ ក្បាលក្នុងមួយឆ្នាំៗ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីក៏នៅតែមានការនេសាទខុសច្បាប់ដែរ នៅតាមអន្លង់ផ្សោត ជាពិសេសគឺការប្រើម្មងទាក់ផ្សោតស្លាប់និងឆក់ត្រីឆក់ផ្សោត»។

នាយខណ្ឌរដ្ឋបាលជលផលក្រចេះលោក ម៉ក់ ពន្លក បាននិយាយា៖ « សត្វផ្សោតដែលសរុបនៅមេគង្គកម្ពុជាមាន ៨៩ ក្បាលដោយឡែកនៅក្រចេះមានប្រហែល ៧០ភាគរយ។ ចំនួនសរុបផ្សោតនៅក្រចេះ ដែលយើងមានចន្លោះ ពី ៥០ ទៅ ៥៥ក្បាល។»
ទន្ទឹមគ្នានេះដែរលោក ម៉ែន គុង នាយករងរដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានប្រាប់ថា ៖ «សព្វថ្ងៃសត្វផ្សោតនៅខេត្តស្ទឹងត្រែងកំណត់នៅភូមិសាស្រ្តពីរ។ ទីមួយនៅផ្នែកខាងលើអន្លង់ឈើទាល ផ្នែកខាងក្រោមនៅក្បែរព្រំប្រទល់ក្រចេះ ឃុំអូម្រះ ស្រុកសៀមបូ ។ នៅផ្នែកខាងក្រោមជាប់ព្រំប្រទល់ក្រចេះ យើងនៅសេសសល់មួយចំនួន ។ចំណែកឯផ្នែកខាងលើគឺមិនមានទៀតនោះឡើយ » ។

ពលរដ្ឋម្នាក់ ធ្វើការនៅសណ្ឋាគារតាមបណ្ដោយដងទន្លេមេគង្គនៅ ក្រចេះបានប្រាប់ថា ៖ « ជួនកាលយើងឃើញផ្សោត ៤ -៥ ជួនកាលឃើញ ៣- ៤ ព្រោះវាជាប្រភេទសត្វកម្រ ហើយឥឡូវគេអភិរក្សហើយ ដើម្បីឱ្យភ្ញៀវមកលេងគេមើល ។តាមដឹងដោយសព្វថ្ងៃនៅសេសសល់ប្រហែល ៣០ -៤០ក្បាល» ។

លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) បានប្រាប់ថា លោកមានការសោកស្ដាយជាខ្លាំងចំពោះការថយចុះនៃសត្វផ្សោតក្នុងស្រុក ដែលសត្វផ្សោតនៅអន្លង់ឈើទាលដែលបានបាត់បង់កន្លងទៅវាជាសញ្ញាដែលគួរឲ្យព្រួយបារម្ភច្រើនមែនទែន។

លោកហេង គីមហុង៖ « ដែលផ្សោតទន្លេមេគង្គជាធនធានដ៏សំខាន់ អាជ្ញាធរគួរតែពិនិត្យមើលឲ្យបានត្រឹមត្រូវ គិតគូរឡើងវិញជាពិសេសនៅតំបន់ដែលមានសក្ដានុពលខ្ពស់តំបន់ដែលមានធនធានជីវជម្រុះមិនគួរណាមានការនេសាទខុសច្បាប់នោះទេ ហើយជនណាដែលនេសាទខុសច្បាប់នៅតំបន់ជីវជម្រុះទៅទៀតគួរណាត្រូវបានឃាត់ខ្លួន ហើយទទួលខុសត្រូវចំពោះមុខច្បាប់ដើម្បីកុំឲ្យមានបញ្ហានេះទៀត » ។
បន្ថែមពីនេះទៀត លោកថាអាជ្ញាធរគួរណាតែមើលការខុសត្រូវឲ្យបានម៉ត់ចត់និងជាចំណែកមួយក្នុងការទទួលខុសត្រូវដែរ។

លោកបាន និយាយថា ៖ «ការធ្វើឱ្យបាត់បង់ពូជសត្វផ្សោត ទាំងអស់នេះជាកត្តាដែលយើងទាំងអស់គ្នាត្រូវគិតគូរបានយ៉ាងសំខាន់ និងធនធានធម្មជាតិផ្សេងៗទៀត » ។

កញ្ញា ភួន កែវរស្មី សកម្មជនបរិស្ថាន បានសម្តែងការព្រួយបារម្ភចំពោះផ្សោតក្នុងស្រុកដោយកញ្ញាបាននិយាយថា សម្រាប់កញ្ញាជាប្រពលរដ្ឋខ្មែរមួយរូបមានការព្រួយបារម្ភខ្លាំងមែនទែនក្នុងការបាត់បង់ពូជសត្វផ្សោត។កញ្ញាបន្តថា ផ្សោតមេគង្គ គឺជារតនៈសម្បត្តិមួយដែលយើងគ្រប់គ្នាចូលរួមថែរក្សា ហើយជាពិសេសនោះគឺមិនមានគ្រប់ខេត្តនោះទេ ហើយមិនមែនគ្រប់ប្រទេសសុទ្ធតែមានទេគឺវារស់នៅតាមបណ្ដោយដងទន្លេមេគង្គ ហើយក្នុងប្រទេសកម្ពុជាគឺមានតែពីរខេត្តតែប៉ុណ្ណោះ ។យើងមើលឃើញថាផ្សោតចូលរួមលើកលើកស្ទួយសេដ្ឋកិច្ចជាតិតាមរយៈតំបន់ទេសចរណ៍ ពិសេសបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរក្នុងស្រុក។

កញ្ញា កែវរស្មី បានបន្ថែមថា៖ «ការប្រើប្រាស់ឧបករណ៍ដែលខុសនិងច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ផ្សោតទៀតហ្នឹង វារឹតតែគួរឱ្យសោកស្ដាយ។ ប្រសិនបើនៅបន្តបែបធូរលុងឬបងប្អូនប្រជាពលរដ្ឋមិនហ៊ានទៅធ្វើបាបផ្សោតដោយខ្លាចអាជ្ញាធរ ដោយមិនមែនចេញពីចិត្ត មិនមែនចេញពីការយល់ដឹងរបស់ពួកគាត់ គឺវាពិបាកក្នុងការទប់ស្កាត់មែនទែន » ។

កញ្ញាក៏បាននិយាយទៀតថា ដើម្បីឱ្យសត្វកម្រដែលជិតផុតពូជមួយនេះសេសសល់ដល់ក្មេងជំនាន់ក្រោយគួរតែមានក្រសួងដែលពាក់ព័ន្ធដែលគាត់គ្រប់គ្រងនិងអ្នកធ្វើគោលធ្វើនយោបាយគាត់មានគោលនយោបាយសម្រាប់គ្រប់គ្រងដើម្បីធានាបានថាសត្វផ្សោតនៅគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ។

ទាក់ទងនឹងវិធានការអនុវត្តច្បាប់ប្រធាននាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្ម លោក អ៊ុន វិបុល ប្រាប់ថាអាជ្ញាធរបានដាក់ឆ្មាំទន្លេចំនួន ៧២រូប ដើម្បីតាមចាប់ និងផ្តន្ទាទោសចំពោះអ្នកនេសាទខុសច្បាប់ ដែលនេសាទក្នុងតំបន់ផ្សោតរស់នៅ។
លោកអ៊ុន វិបុលបញ្ជាក់ថា៖ « យើងមានប៉ុស្ដិប្រចាំការចំនួន ១៦ បទល្មើសតូចយើងធ្វើការអប់រំ បទល្មើសធំយើងបញ្ជូនទៅតុលាការ»។

លោកបន្តថា រដ្ឋបាលជលផលជាអ្នកទទួលខុសត្រូវចំពោះបញ្ហានេះ ហើយក្រសួងទើបបង្កើតគណៈកម្មការមួយដែល រដ្ឋលេខាការម្នាក់ ទទួលបន្ទុកជាប្រធានគណៈកម្មការផ្សោត ហើយមានអភិបាលខេត្តទី២ ក្រចេះនិងស្ទឹងត្រែងជាអនុប្រធាន ហើយមានសមាជិកពាក់ព័ន្ធដែលតែងតែជួបពិភាក្សា ក្នុងការដាក់វិធានការនិងទប់ស្កាត់។

លោក វិបុល បន្ថែមថា៖ « ចំណុចទី ២ យើងយកលំនៅផ្សោតជាគោល។ ខ្ញុំឧទាហរណ៍ ដូចជាលំនៅកាំពី ដែលមានផ្សោតប្រហែលជា ៣៧ក្បាលគឺយើងដាក់វិធានការខ្លាំង។ បើលំនៅណាមានផ្សោតច្រើនយើងត្រូវមានសកម្មភាពកាន់តែខ្លាំង។ ជាពិសេសកាល្បាតនៅពេលយប់ត្រូវបង្កើន ពីព្រោះបទល្មើសកើននៅពេលយប់។ ដូច្នេះយើងពង្រឹងការល្បាតនៅពេលយប់ឱ្យបានច្រើន។ យើងធ្វើជាលក្ខណៈរាយខ្លះ និងប្រមូលផ្ដុំខ្លះ ដោយយើងធ្វើជាកម្លាំងសរុប និងមធ្យោបាយសរុប»។

ក្នុងនោះដែរលោកបានបន្ថែមថាក្រៅពីសកម្មភាពល្បាត ចាប់បទល្មើស យើងមានសកម្មភាពផ្សេងៗទៀតដូចជា ការអប់រំផ្សព្វផ្សាយ តាមសាលារៀនក្មេងៗ តាមវត្តអារាម ហើយយើងក៏មានសកម្មភាពប្រមូលសត្វជិតផុតពូជផ្សេងៗយកមករក្សាទុក។

សត្វផ្សោតនៅមេគង្គ រូបរាងដូចជាមានក្បាលមូល មាត់ទាប មានឆ្មេញប្រមាណ១២ ទៅ១៩ ដែលមានប្រវែងរហូតដល់ ២,៧៥ម៉ែត្រ និងទម្ងន់រហូតដល់ ២០០គីឡូក្រោម។ ជាពិសេសផ្សោតនេះ វាចេះបាញ់ទឹកពីមាត់ ហើយការបាញ់ទឹកនេះ ជាតិចនិចក្នុងការទាក់ទាញហ្វូងត្រី និងទាក់ទាញទេសចរ ដែលអាចផ្តល់ចំណូលដល់សហគមន៍ទេសចរណ៍ធម្មជាតិផងដែរ។

សត្វផ្សោត កំពុងរងការគំរាមកំហែង នៅតាមដងទន្លេមេគង្គ ខេត្តក្រចេះ រហូតដល់ព្រំដែនប្រទេសឡាវ។ ដោយឡែក សត្វផ្សោតទាំងនោះ ត្រូវបានទទួលការការពារ និងការអភិរក្ស ដោយអង្គការ WWF និងរដ្ឋបាលជនផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការជាមួយដៃគូពាក់ព័ន្ធផ្សេងទៀត។

បើតាមរបាយការណ៍របស់អង្គការ WWF មូលហេតុដែលធ្វើឲ្យសត្វផ្សោត ប្រឈមនឹងការគំរាមកំហែង ដោយសារតែមានសកម្មភាពខុសច្បាប់ និងការប្រើមងនេសាទដើម្បីទាក់យកសត្វផ្សោត។ លើសពីនេះ ការប្រើឧបករណ៍ឆក់ហួសកម្រិត ធ្វើឱ្យបាត់បង់ត្រីជាចំណីរបស់ផ្សោត និងបណ្តាមកពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពុងសាងសង់ដែលប៉ះពាល់ដល់ការផ្លាស់ទីរបស់ផ្សោត៕

ដោយ៖ហោ សុវិទ្យា

ads banner