អាមេរិកគ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ភាគខាងជើងអូស្ត្រាលី
អូស្រ្តាលី៖ វិទ្យុអូស្រ្តាលី ABC បានរាយការណ៍កាលពីថ្ងៃចន្ទ ទី៣១ ខែតុលា នេះថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ដែលមានសមត្ថភាពនុយក្លេអ៊ែររហូតដល់ ៦ គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាស Tindal នៅភាគខាងជើងប្រទេសអូស្ត្រាលី។
ABC បានរាយការណ៍ដោយដកស្រង់ឯកសាររបស់សហរដ្ឋអាមេរិកថា គ្រឿងបរិក្ខារពិសេសសម្រាប់យន្តហោះទម្លាក់គ្រាប់បែក នឹងត្រូវបង្កើតឡើងនៅមូលដ្ឋាន Tindal ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Darwin ដែលជារដ្ឋធានីនៃតំបន់ភាគខាងជើងរបស់អូស្ត្រាលី។
ខាងក្រសួងការពារជាតិអូស្ត្រាលី មិនទាន់ធ្វើការអត្ថាធិប្បាយនៅឡើយទេ ខណៈដែលសកម្មភាពបែបនេះត្រូវបានគេរំពឹងថាអាចបង្កភាពតានតឹងកាន់តែខ្លាំងរវាងចិន និងអាមេរិក ដែលជាសម្ព័ន្ធមិត្តអូស្រ្តាលី។
បើសេចក្ដីរាយការណ៍របស់ ABC សហរដ្ឋអាមេរិកបានរៀបចំផែនការលម្អិតអំពី «កន្លែងប្រតិបត្តិការកងអនុសេនាធំ» សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងនៅតំបន់ភាគខាងជើង ដើម្បីជាមជ្ឈមណ្ឌលថែទាំ និងកន្លែងចតយន្តហោះ B-52s ។
កងទ័ពអាកាសអាមេរិក អះអាងថា ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែបរយៈចម្ងាយក្នុងប្រទេសអូស្រ្តាលីនេះ គឺជាសារដ៏ខ្លាំងមួយសម្រាប់សត្រូវ ដែលនឹងបង្ហាញអំពីសមត្ថភាពរបស់ក្រុងវ៉ាស៊ីនតោនក្នុងគម្រោងកម្លាំងទ័ពអាកាសដ៍ខ្លាំង។ គួរបញ្ជាក់ថា តំបន់ភាគខាងជើងនៃប្រទេសអូស្ត្រាលី ត្រូវបានប្រើជាកន្លែងរៀបចំកិច្ចសហប្រតិបត្តិការយោធាជាញឹកញាប់ជាមួយសហរដ្ឋអាមេរិករួចហើយ នាពេលកន្លងមក។ កងម៉ារីនអាមេរិករាប់ពាន់នាក់ ដាក់ពង្រាយចុះឡើងលើតំបន់នេះជារៀងរាល់ឆ្នាំសម្រាប់ការហ្វឹកហ្វឺន និងសមយុទ្ធរួមគ្នា ដែលបានចាប់ផ្តើមដំបូងក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា។
នៅដើមឆ្នាំនេះ សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ៤ គ្រឿងទៅកាន់មូលដ្ឋានទ័ពអាកាស Andersen លើកោះហ្គាំ។
ហើយកាលពីឆ្នាំមុន សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បានបង្កើតកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី ដែលគេហៅថា AUKUS ដើម្បីផ្តល់ឱ្យអូស្ត្រាលីនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយធ្វើឱ្យចិនប្រតិកម្មជំទាស់កាន់តែខ្លាំង។ នៅពេលនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា កិច្ចព្រមព្រៀង AUKUS ប្រថុយនឹងការបំផ្លាញសន្តិភាពក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ និងបង្កើនការប្រណាំងប្រជែងគ្នាផ្នែកសព្វាវុធ។
មន្ត្រីជាន់ខ្ពស់នៅមជ្ឈមណ្ឌលសន្តិសុខអាមេរិកថ្មី ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី លោក ស្រី Becca Wasser បានថ្លែងប្រាប់ ABC ថា ការដាក់ពង្រាយយន្តហោះ B-52 នៅអូស្ត្រាលី ដែលអាចទៅដល់ និងអាចវាយប្រហារចិនដីគោក នឹងក្លាយជាការព្រមានដល់ទីក្រុងប៉េកាំង ស្របពេលដែលមានការភ័យខ្លាចថាចិនអាចនឹងវាយប្រហារកោះតៃវ៉ាន់៕
ដោយ៖ហួន ឌីណា
ប្រភព៖ US plans to deploy B-52 bombers to Australia’s north: Report