សភាពពាណិជ្ជកម្មកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគ អាស៊ាននៅឆ្នាំនេះ

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជាសហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ នេះសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី៣០ ខែតុលា។

សេចក្តីប្រកាសព័ត៌មាននេះបន្តថា កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់ អាស៊ីអាគ្នេយ៍ ដែលមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ធុរជន អ្នកជំនាញ មកពីប្រទេសអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន។ កិច្ចប្រជុំនេះគឺជាវេទិកា ដ៏សំខាន់សម្រាប់សហគមន៍ ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន អំពីការដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រៅពីនេះក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអាស៊ាន ឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាននិងដៃគូអាស៊ាន ស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន ធុរជនជាតិនិងអន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណជាង ១.០០០ នាក់ នៅទីតាំងពិធី និងប្រព័ន្ធអនឡាញ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា កិច្ចប្រជុំធុរកិច្ច និងវិនិយោគអាស៊ាននេះ ត្រូវបាធ្វើឡើងវិលជុំប្រចាំឆ្នាំ ប៉ុន្តែជាអកុសល ក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ កិច្ចប្រជុំនេះមិនត្រូវបានរៀបចំធ្វើនោះទេ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ទោះជាយ៉ាងណា នៅឆ្នាំនេះ ពិតជាមានភព្វសំណាងសម្រាប់កម្ពុជា ដែលបានគ្រប់គ្រងនូវជំងឺនេះបានដោយជោគជ័យ និងរៀបចំកិច្ចប្រជុំដ៏សំខាន់នេះ និងកិច្ចប្រជុំកំពូលផ្សេងទៀតនៅក្នុងប្រទេស។

លោកបន្តថា កិច្ចប្រជុំកំពូលនេះ នឹងដឹកនាំដោយ អ្នកឧកញ៉ា គិត ប្រធានសភាពាណិជ្ជកម្ម និង ប្រធានដឹកនាំកិច្ចប្រជុំវិលជុំ ហើយក៏មានការចូលរួមពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ។លោកបន្ថែមថា កិច្ចប្រជុំនេះ ទៀត ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងបង្ហាញនូវសក្តានុពល និងកាលានុវត្តភាពទៅធុរជនមកពីតំបន់ និងពិភពលោក ដែលបានចូលអមដំណើរថ្នាក់ដឹកនាំកំពូលមកពីអាមេរិក ចិន កាណាដា កូរ៉េ និងរុស្ស៊ីជាដើម ។
លោកថ្លែងថា៖«ខ្ញុំគិតថា នេះ គឺជា ឱកាសសម្រាប់កម្ពុជាយើង ក្នុងការបង្ហាញពីកាលានុវត្តភាព និងទាក់ទាញវិនិយោគមកកាន់កម្ពុជាយើង តាមរយៈយើងមានសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ល្អ ធ្វើឱ្យមានជំនឿចិត្តក្នុងការវិនិយោគ ជាពិសេសយើងមានច្បាប់វិនិយោគថ្មី ដែលមានការលើកទឹកចិត្តច្រើន រួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសនានាដូចជាចិន កូរ៉េ ជាដើម »។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២នេះ ជាការពិភាក្សាអំពីមុខជំនួញដែលអាចផ្តល់ឱកាសឱ្យមានលំហូរវិនិយោគ ទៅវិញទៅមក ព្រមទាំងបង្ហាញពីតម្រូវការ និង ការឈានចូលទីផ្សារក្នុងនៃអាជីវកម្មផ្សេងៗ។លោកបន្តថា តាមរយៈបម្រែបម្រួល នៃខ្សែច្រវាក់ផលិតកម្មលើសកលលោក កម្ពុជាក៏ទទួលបាននូវ ទាក់ទាញវិនិយោគ។

បើតាមសេក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្ម កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកគន្លឹះដើម្បីបើក កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ៕
ដោយ៖យុទ្ធ វីរៈ

ads banner