សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ដោយសារតែយើងមានសន្តិភាព ទើបយើងមានឱកាសប្រារព្ធពិធីប្រណាំងទូក ដោយគ្មានខ្លាចគ្រាប់កាំភ្លើង ឬ ការវាយប្រហារភេរវកម្មណាមួយដែលអាចកើតឡើងនោះទេ
កណ្ដាល៖ ក្នុងឱកាសអញ្ជើញទស្សនាការប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដោយសារតែយើងមានសន្តិភាព ទើបយើងមានឱកាស ដើម្បីប្រារព្ធ ពិធីប្រណាំងទូកនេះ ដោយគ្មានខ្លាចគ្រាប់កាំភ្លើង ឬការវាយប្រហារភេរវកម្មណា មួយ ដែលអាចកើតឡើងនោះទេ ដូច្នេះទោះបង់ថ្លៃដោយតម្លៃណាក៏ដោយ ត្រូវតែរក្សាសន្តិ ភាពឱ្យបាន ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោត សរសើរចំពោះ អាជ្ញាធរខេត្តកណ្ដាល ដែលបានរៀបចំពីធីប្រណាំងទូកក្នុងរយៈពេលពីរថ្ងៃ ដែលក្នុងគោលដៅគឺ ទី១ ដើម្បីអបអរសាទរខួបលើកទី១៨ នៃការឡើងគ្រងរាជ្យសម្បត្តិ របស់ព្រះករុណាព្រះមហាក្សត្រ ជាទីសក្ការៈនៃយើង។ ទី២ គឺដើម្បីអបអរសាទរ ចំពោះ បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទី៣ គឺដើម្បី អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។
សម្ដេចតេជោបានមានប្រសាសន៍បន្តថា ឆ្នាំនេះ រាជរដ្ឋាភិបាល មិនបានធ្វើនោះទេ ដោយសារតែយើងជាប់ជំពាក់ជាមួយនឹងការប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែល យើងត្រូវធ្វើជាម្ចាស់ផ្ទះ ហើយរៀបចំ ឱ្យបានសព្វគ្រប់ នូវទិដ្ឋភាពទាំងឡាយដែល ពាក់ ព័ន្ធ ជាមួយ សន្តិសុខ សណ្ដាប់ធ្នាប់នៅឯទីក្រុងភ្នំពេញ។ សម្ដេចតេជោក៏បាន សម្ដែង នូវ ការអបអរសាទរចំពោះទូកទាំងអស់ មិនថាចាញ់ ឬឈ្នះ ដែលបាន មកចូលរួម ការប្រកួតនៅទីក្រុងតាខ្មៅនេះ និងបានធ្វើការកត់សម្គាល់ ក្នុងពិធីប្រណាំងទូកនោះថា ប្រជា ពលរដ្ឋរបស់យើង បើទោះបីជាមាននិន្នាការខុសៗគ្នាក៏ដោយចុះ ក៏ប៉ុន្តែ ប្រជា ពលរដ្ឋរបស់យើងនូវតែមានការសាមគ្គីគ្នា។
សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ដោយសារតែយើងមានសន្តិភាព ទើបយើង មានឱកាសដើម្បីប្រារព្ធពិធីប្រណាំងទូកនេះ ដោយគ្មានខ្លាចគ្រាប់កាំភ្លើង ឬការវាយ ប្រហារភេរវ កម្មណាមួយដែលអាចកើតឡើងនោះទេ។ ដោយសារតែយើងមានសន្តិភាព ទើបយើងមានការអភិវឌ្ឍដូចថ្ងៃនេះ។ ដូច្នេះអ្វីដែលយើងត្រូវខិតខំ មិនមែន គ្រាន់ តែរាជរដ្ឋាភិបាលទេ តែប្រជាជនទាំងអស់ត្រូវតែខិតខំរក្សាសន្តិភាព ដែលយើងរក បានដោយការលំបាកនេះ ទោះបង់ថ្លៃដោយតម្លៃណាក៏ដោយ ត្រូវតែរក្សាសន្តិភាពឱ្យបាន៕ ដោយ វណ្ណលុក




