ក្រុមហ៊ុន 7NG នាំយកថវិកាដែលទទួលបានពីពិព័រណ៍ដេញថ្លៃគោ ជូនមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីរួមចំណែកកិច្ចការសប្បុរសធម៌

ក្រុមហ៊ុន 7NG (Cambodia) នាំយកថវិកាចំនួន ៥៧លាន៥សែនរៀល ស្មើនឹង ១ម៉ឺន៤៣៧៥ ដុល្លារសហរដ្ឋអាម៉េរិក ប្រគល់ជូនដល់ដល់មន្ទីរពេទ្យគន្ធបុប្ជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលទឹកប្រាក់ប្រមាណ៥០ភាគរយនេះ បានមកពីកម្មវិធីតាំងពិព័រណ៍គោ ការដេញថ្លៃគោ និងផ្សារសត្វកម្ពុជាលើកទី៣នៅ “ភូមិវិហារសួគ៌” ក្នុងតំបន់អភិវឌ្ឍន៍ 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ដើម្បីរួមចំណែកដល់កិច្ចការសង្គម និងសប្បុរសធម៌។

លោកស្រី ស្រី សុធាឫទ្ធិ តំណាងលោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយរងក្រុមហ៊ុន 7NG ថ្លែងថា មូលហេតុចម្បងនៃការផ្តល់ថវិកាសប្បុរសធម៌នេះ គឺកើតចេញពីបេះដូង និងឆន្ទៈ ក្នុងការរួមចំណែកជួយដល់កិច្ចការសង្គម និងសប្បុរសធម៌ ជាពិសេសគឺមន្ទីរពេទ្យគន្ធបុប្ជា ដោយមន្ទីរពេទ្យមួយនេះកំពុងបំពេញបេសកកម្មជួយសង្គ្រោះអាយុជីវិតទារក និងកុមារកម្ពុជាយ៉ាងសកម្ម ជារៀងរាល់ថ្ងៃដោយឥតគិតថ្លៃ។ ដោយសារមន្ទីរពេទ្យនេះ កំពុងត្រូវការចំបាច់នូវសម្ភារ ថវិកា ដើម្បីបន្តការជួយសង្គ្រោះដល់ទារក និងកុមារកម្ពុជាពីបណ្តាសប្បុរសជនជាតិ និងអន្តរជាតិ ដូច្នេះហើយ ក្នុងនាមលោកឧកញ៉ា ស្រី ចន្ធូ ជាពលរដ្ឋខ្មែរម្នាក់ បានបរិច្ចាគនូវផលចំណេញរបស់ខ្លួនសម្រួលដល់ការលំបាកជូនសង្គមជាតិរបស់ខ្លួនតាមរយៈការបរិច្ចាគថវិកានេះ។

សូមរំឭកថា ការបង្កើតឲ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍គោកម្ពុជាកន្លងទៅថ្មីៗនេះ គឺដើម្បីចូលរួមចំណែកជាមួយក្រសួងកសិកម្ម និងរាជរដ្ឋាភិបាល គឺក្នុងគោលបំណងលើកស្ទួយ ប្រជាកសិករ និងអ្នកចិញ្ចឹមសត្វ និងការបង្កបង្កើនផលកសិកម្ម ដែលមានតាំងពីបុរាណរៀងមក ឲ្យមានតម្លៃបង្ហាញនូវពូជគោសាច់ (Brahman, Beef master Brangus) និងពូជគោ ទឹកដោះ (Hostein) ដែលនាំចូលពីបរទេស។ ក្នុងន័យនេះដែរ ក៏បានបញ្ជ្រៀបនូវបច្ចេកទេស និងវិធីសាស្រ្តថ្មីៗ នៃការចិញ្ចឹមគោឲ្យទទួលបានជោគជ័យ ព្រមទាំងស្តា និងលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ដែលប្រកបរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារឲ្យមានជីវភាពធូរធារ ជាពិសេសគឺផ្តោតលើសុខភាពក្នុងការប្រើប្រាស់កសិផលកសិកម្មទៀតផង។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងទិសដៅប្រមូលផ្តុំអ្នកស្រឡាញ់សត្វចិញ្ចឹម និងបន្លែ ផ្លែឈើ សុវត្ថិភាព ទាំងអស់មកបង្ហាញ-ដេញថ្លៃ និងចែករំលែកបទពិសោធន៍បច្ចេកទេសផ្សេងៗ ក្នុងវិស័យកសិកម្ម ដើម្បីឲ្យជឿនលឿនដូចប្រទេសជិតខាង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner