ព្រឹត្តិការណ៍ពិព័រណ៍ក្នុងវិស័យទេសចរណ៍ គ្រោងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែតុលានៅកោះពេជ្រ ដើម្បីជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងពីកម្ពុជា
ភ្នំពេញ៖ តំណាងអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍តាំងពិព័រណ៍ផ្នែកសេវាកម្ម ការបង្ហាញរបៀបរស់នៅដ៏មានកិត្យានុភាព និងវិស័យម្ហូបអាហារ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមលើក និងការទាក់ទាញដល់ភ្ញៀវទេសចរឲ្យបានកាន់តែខ្លាំងឡើងៗក្នុងការជួយផ្សព្វផ្សាយ អំពីតំបន់ទេសចរណ៍ និងពីកម្ពុជា។
លោក ច្រឡឹង សុមេធា អគ្គនាយករងនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១១ ខែកញ្ញានេះ ស្តីពីការរៀបចំព្រឹត្តិការពិព័រណ៍ “WONDERFUL 28 – LIFESTYLE, WINE & DINE EXPO” ថា ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា អ្វីដែលធ្វើឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិមានការចាប់អារម្មណ៍ និងមានការកើនឡើងនោះ គឺកម្ពុជាមានតំបន់ទេសចរណ៍ជាច្រើន ក្រៅពីតំបន់ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តបន្ថែមទៀត ដែលសុទ្ធសឹងជាកន្លែងទាក់ទាញ និងបានកំពុងជំរុញឲ្យភ្ញៀវទេសចរ ដែលមានជនជាតិផ្សេងៗគ្នាចូលមកទស្សនាជាហូរហែ។
លោក សុមេធា បន្តថា ក្រៅពីតំបន់ទេសចរណ៍ដែលកំពុងទាក់ទាញ ការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍វិស័យម្ហូបអាហារនៅពេលខាងមុខនេះ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់វិស័យម្ហូបអាហារប្រកបដោយអនាម័យ និងគុណភាពល្អ និងជាផ្នែកមួយក្នុងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរណ៍យុវវ័យឲ្យបានកាន់តែច្រើន និងជាផ្នែកមួយក្នុងការជួយផ្សព្វផ្សាយ អំពីតំបន់ទេសចរណ៍ និងពីកម្ពុជា ឲ្យពិភពលោកស្គាល់កាន់តែច្បាស់ ដើម្បីជំរុញការទាក់ទាញកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍តាំងពិព័រណ៍ដែលគ្រោងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៩ ខាងមុខនេះ គឺជាការបង្ហាញពីរបៀបរស់នៅដ៏មានកិត្យានុភាព ផលិតផលស្រា វិស័យអាហារ និងសេវាកម្មដ៏មានវិជ្ជាជីវៈ ការនាំមកនូវគំនិតថ្មីនៃស្តង់ដាររស់នៅក្នុងយុគសម័យថ្មី គឺជាពិព័រណ៍អាហារ និងភេសជ្ជៈដ៏ធំ និងពេញនិយមបំផុតឆ្លើយតបតាមតម្រូវបច្ចុប្បន្ន៕ម.ន