លោក ង៉ែត ពិសិត ប្រឹងរៀនកែវាសនាពីអ្នករើសសំរាម ក្លាយជាអ្នកនិពន្ធនិងពាណិជ្ជករ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ជីវិតជាការតស៊ូ ! ពាក្យស្លោកមួយឃ្លានេះបានធ្វើឱ្យលោក ង៉ែត ពិសិត តស៊ូពីក្មេងរើសអេតចាយនិងដើររែក បន្តោងសោលក់រហូតក្លាយទៅជាអ្នកនិពន្ធ និងអ្នកជំនួញផ្នែកបច្ចេកវិទ្យាមួយរូប។

លោកបានប្រាប់ថា ខិតខំប្រឹងប្រែងជម្នះភាពក្រដែលជារនាំងរបស់មនុស្សគ្រប់រូបខ្លាចរអា។ លោករំលឹកថា ក្រោយពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ លោកបានចាកចេញពីផ្ទះមកទីក្រុងភ្នំពេញដែលជារាជធានីនៃសេដ្ឋកិច្ចនិងភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។

លោក ពិសិត បញ្ជាក់ថា៖«កាលពីខ្ញុំឡើងមករៀននៅទីក្រុងភ្នំពេញដំបូងនៅក្នុងឆ្នាំ ២០១២ របស់ដែលមាននៅជាប់នឹងខ្លួនខ្ញុំនៅពេលនោះ គឺមានត្រឹមសម្លៀកបំពាក់ចាស់ៗពីរបីសម្រាប់ និងលុយ ពីរម៉ឺនរៀលប៉ុណ្ណោះ បន្ទាប់ពីឱ្យលុយថ្លៃឡានឈ្នួលរួច។ កាលណោះកង់ចាស់មួយគ្រឿងក៏គ្មាន ទូរសព្ទចាស់មួយគ្រឿងជាប់ខ្លួនក៏គ្មាន ហើយអ្វីដែលសំខាន់គឺខ្ញុំមិនទាន់ដឹងថាគួរទៅបន្តការសិក្សានៅទីណានោះទេ»។

ទម្រាំតែរកបានកន្លែងសិក្សា លោកបានជួបឧបសគ្គការងារជាច្រើន ប៉ុន្តែកិច្ចការដែលលោកនៅតែបន្តធ្វើយ៉ាងសកម្មនៅការស្វែងរកទីសំណាក់ និងសាលារៀន លោកបានឱ្យដឹងថា ៖«ពេលដែលចូលរៀនដំបូងៗនោះគឺដើររែកបន្តោងសោលក់ជុំវិញទីក្រុងភ្នំពេញ។ថ្ងៃខ្លះខ្ញុំរកលុយទិញបាយហូបគ្មានផង។ ផឹកតែទឹកទុយោជំនួសបាយប៉ុណ្ណោះ។ ដោយសារការខ្វះខាតសម្ភារៈសិក្សាខ្លាំងបែបនេះ។ខ្ញុំក៏មានការតាំងចិត្តថាខ្ញុំនឹងធ្វើអ្វីមួយដើម្បីជួយដល់និស្សិតក្រីក្រឱ្យមានឯកសាររៀនសូត្រ កុំឱ្យលំបាកដូចជំនាន់ខ្ញុំខ្លាំងពេក»។

ការព្យាយាមពិតជាមិនបានធ្វើឱ្យលោកជួបការលំបាករហូតនោះទេ។ រហូតមកដល់បច្ចុប្បន្ន លោកបាននិពន្ធសៀវភៅជាច្រើនចំណងជើងនិងបានបង្កើតApp អានសៀវភៅមួយមានឈ្មោះថា WHY READ ដែលសិស្សនិស្សិតទាំងឡាយទូទាំងពិភពលោកសុទ្ធតែអាចក្រេបជញ្ជក់ចំណេះដឹងពីក្នុងនោះបានគ្រប់ៗគ្នា។ លោកបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការបង្កើតស្នាដៃនោះយ៉ាងដូច្នោះថា៖«នៅក្នុងនោះមានឯកសារឥតគិតថ្លៃជាច្រើនដែលសិស្សនិស្សិតអាចស្រាវជ្រាវបានគ្រប់ពេល មិនត្រឹមតែប៉ុណ្ណឹង ចំពោះសិស្សនិស្សិតណាខ្វះលទ្ធភាព ឱ្យតែប្រាប់ខ្ញុំខ្ញុំនឹងបើកគណនីមួយឱ្យគាត់អាចអានឯកសារទាំងអស់នៅក្នុងនោះដោយឥតគិតថ្លៃ។ ថ្វីដ្បិតខ្ញុំមិនទាន់អាចជួយអ្វីច្រើនដល់សង្គម ប៉ុន្តែកិច្ចការនេះ ខ្ញុំនឹងខំរួមចំណែកជួយបណ្ដុះធនធានមនុស្សរបស់ប្រទេសយើងឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន»។

ជាកូនទី៣ ក្នុងចំណោមបងប្អូនបួននាក់ លោក ង៉ែត ពិសិត មានស្រុកកំណើតនៅភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្ត តាកែវ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកបង្រៀនអក្សរសាស្រ្តអង់គ្លេស (TESOL) ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ បច្ចុប្បន្នលោកជាអ្នកនិពន្ធ ជានាយកក្រុមហ៊ុន Why Read Co., Ltd. និងនាយកគ្រឹះស្ថាន Prince Book ព្រីនស៍ប៊ុកស្នាដៃសំខាន់សៀវភៅដែលលោកបាននិពន្ធនិងបោះពុម្ពផ្សាយ ហើយបានដាក់នៅតាមបណ្ណាល័យសម្រាប់សិស្ស និស្សិត អាន ក៏ដូចជាបានដាក់ក្នុងទីផ្សារសៀវភៅរួមមាន៖ សៀវភៅ “រឹងមាំ” សៀវភៅនេះមានខ្លឹមសារសំខាន់បង្ហាញសារទាំង ១៨ដែលអ្នកអានមិនគួររំលង ជាការលើកទឹកចិត្តសម្រាប់ការបាក់ទឹកចិត្តខ្លាំងហើយខ្វះការពិភាក្សា។ បង្ហាញគោលដៅរឹងមាំ ជាវិធីសាស្ត្រច្នៃខ្លួនឱ្យទៅជាមនុស្សរឹងមាំ ជាក្បួនដោះស្រាយវិបត្តិបង្កប់ការអត់ធ្មត់ដោយប្រើបញ្ញា ជាចិត្តសាស្រ្តមើលមនុស្ស និងចងមិត្ត។

សៀវភៅ “បេសកកម្មជីវិត” សៀវភៅនេះបានបង្ហាញប្រវត្តិដ៏ជូរចត់របស់អ្នកនិពន្ធសម្រាប់ជាគ្រឿងប្រៀបធៀបដ៏មានតម្លៃសម្រាប់យុវជនខ្មែរទាំងអស់។ ក្រៅពីនេះសៀវភៅ “បេសកកម្មជីវិត” ជាយុទ្ធវិធីជាក់ស្តែងក្នុងការជម្នះការលំបាកពិតៗនៅក្នុងសង្គមខ្មែរយើង ជាដំណោះស្រាយដ៏ក្ដៅគគុកចំពោះបងប្អូនកំពុងជួបឧបសគ្គជីវិត ជាប្រភពនៃមូលហេតុក្នុងការបរាជ័យ និងការជោគជ័យ។ ពិសេសបំផុត គឺជាយុទ្ធសាស្ត្រជាក់ស្តែងក្នុងការរលាស់ខ្លួនពីផ្លូវមច្ចុរាជទាំងឡាយ រហូតទទួលបានជោគជ័យដ៏មិនគួរឱ្យជឿ និងស្ញប់ស្ញែងបំផុត។

សៀវភៅ “ប្រាជ្ញាអាថ៌កំបាំង”  ជាសៀវភៅវិធីសាស្រ្តដោះស្រាយប្រស្នាដោយប្រើប្រាជ្ញា បង្ហាញ​​ដំណោះស្រាយបញ្ហាជីវិត ជាការពង្រីកគំនិតច្នៃប្រតិដ្ឋ និងការបង្កើតថ្មីៗ ហើយក៏ជាសៀវភៅមួយក្បាលលាក់កំបាំងទៅដោយបណ្ដុំនៃប្រាជ្ញាដែលអ្នកមិនធ្លាប់គិតដល់។

សៀវភៅ “ចាំបាច់ត្រូវដឹង” សៀវភៅនេះលាតត្រដាងអ្វីដែលអ្នកមានដឹង ប៉ុន្តែអ្នកក្រមិនទាន់ដឹង អ្វីដែលអ្នកមានធ្វើ ប៉ុន្តែអ្នកខ្សោយលទ្ធភាពមិនទាន់ដឹងថាត្រូវធ្វើយ៉ាងម៉េច។  ជាវិធីសាស្ត្រមួយប្រើលុយ ប៉ុន្តែមិនបម្រើលុយ និងជាសៀវភៅអភិវឌ្ឍន៍ខ្លួនទៅរកសេរីភាពខាងផ្នែកហិរញ្ញវត្ថុផងដែរ។

  ​សៀវភៅ “ជោគជ័យមិនមែនជាសុបិន” ជាសៀវភៅបង្ហាញគោលគំនិត២៩ ក្ដោបក្ដាប់ភាពជោគជ័យ ពង្រីកគំនិត យុទ្ធសាស្រ្តបង្កើតគ្រោងការជីវិត វិធីសាស្រ្តចងមិត្ត ចិត្តសាស្រ្តយកឈ្នះចិត្តមនុស្ស និងប្រាប់វិធីដែលត្រូវក្នុងការដើរលើវិថីជីវិតដ៏វែងឆ្ងាយ។ស្នាដៃផ្សេងទៀតរួមមាន សៀវភៅ “Single Life”  ​សៀវភៅ “Smart Guy” ​សៀវភៅ “អារម្មណ៍ពិត”  ​សៀវភៅ “លើសពីអ្នកនិពន្ធ” ជាដើម៕

ដោយ៖ហ៊ួន ស៊ីឡូន

ads banner