អាជ្ញាធរខេត្តសៀមរាប បានចែកស្បៀង ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួនជាង ១ពាន់គ្រួសារ
សៀមរាប៖ អាជ្ញាធរខេត្តបានចែកស្បៀងគឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ១,០៥៣គ្រួសារ ក្នុងឃុំស្វាយសចំនួន ២៥៣គ្រួសារ ឃុំប្រាសាទចំនួន ៤០០គ្រួសារ និងឃុំវ៉រិនចំនួន ៤០០គ្រួសារ នៅសាលាស្រុកវ៉ារិន ខេត្តសៀមរាប ដែលរងផលប៉ះពាល់ពីទឹកជំនន់កន្លងមកបានទទូលស្បៀងពីរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ការផ្ដល់ជូនស្បៀងនេះ ជាការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក ប្រមុខរាជរដ្ឋាភិបាលតែងតែបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗជាដើម។
បើយោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្ដសៀមរាប បានបង្ហាញថា គិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ការបែងចែកស្បៀង និងគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋមានផលប៉ះពាល់ដោយគ្រោះមហន្ដរាយពីគណៈកម្មការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាមានចំនួនជាង ៦ពាន់គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១ម៉ឺន៤៥០គ្រួសារ ក្នុងស្រុកចំនួន ៨ស្រុកនៃខេត្ដសៀមរាប ៕ ដោយ ស៊ាន សុផាត



