មេបញ្ជាការកងទ័ពជើងគោក ផ្តល់គ្រឿងបរិក្ខាប្រើប្រាស់ជាច្រើនមុខ ជូនដល់ អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ
ខេត្តព្រះវិហារ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមទាំងភរិយា បានឧបត្ថម្ភសម្ភារៈ បរិក្ខាជាច្រើនប្រភេទ ជូនដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ទុកសម្រាប់ចាត់ចែងប្រើប្រាស់ទៅតាមមុខជំនាញ និងទៅតាមតម្រូវការ នៅក្នុងអង្គភាព ។

ការផ្តល់ជូននូវអំណោយសម្ភារៈប្រើប្រាស់ជាច្រើនប្រភេទទាំងនេះ បានធ្វើឡើងតាមរយៈក្រុមការងាររបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងឲ្យដឹងថា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមទាំង លោកជំទាវ ពេជ្រ ចន្ទមុន្នី បានឧបត្ថម្ភសម្ភារៈប្រើប្រាស់ជាច្រើនប្រភេទ ជូនដល់អង្គភាពសឹករងខេត្ត ទុកប្រើប្រាស់ទៅតាមតម្រូវការចាំបាច់ ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា សម្ភារៈប្រើប្រាស់ដែលអង្គភាពសឹករងខេត្ត ទទួលបាននៅពេលនោះ រួមមាន ៖ គោយន្តកន្ត្រៃ និងរ៉ឺម៉ក ១០គ្រឿង ,ម៉ូតូវ៉េវ ១១០cc ចំនួន ២២គ្រឿង ,ស៊ីទែនទឹកចំណុះ ២០០លីត្រ ១៥ធុង ,ស៊ីម៉ង់តិ៍ ម៉ាកខន ១៤០តោន ,ម៉ាស៊ីនភ្លើង ៥kw ចំនួន ១គ្រឿង ,ផ្ទាំងសូឡាsolar ២០០w ចំនួន ៩ផ្ទាំង ,ដែកស័ង្គសី ១០០សន្លឹក ,ដែក ១២លី ៥០តោន ,ដែក ១៤លី ៥០តោន ,Kenwood ១៧ឈុត និងវិទ្យុទាក់ទងដៃ Megaband BK 800v ចំនួន ៩៥គ្រឿង ផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃទី៣០តុលា ម្សិលមិញនោះដែរ ក្រុមការងាររបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បាននាំយកសម្ភារៈប្រើប្រាស់ជាច្រើនមុខ ជូនដល់ អង្គភាពវរសេនាតូចកាំភ្លើងធំ លេខ៨៧ ប្រចាំទិសព្រះវិហារ ថែមទៀតផង។

សម្ភារៈដែលត្រូវទទួលបាននាពេលនោះ រួមមាន ៖ គោយន្ត និងរ៉ឺម៉ក ១គ្រឿង ,ម៉ូតូវ៉េវ ១១០cc ២គ្រឿង ,ម៉ាស៊ីនPrinter ១គ្រឿង ,ម៉ាស៊ីន Photo copy ១គ្រឿង ,ម៉ាស៊ីន GPS ៣គ្រឿង ,ដែកស័ង្គសី ៤៥សន្លឹក ,អណ្តូងទឹក ៣កន្លែង ,ក្តាជញ្ជាំង ៣ម៉ែត្រ ចំនួន ៣ម៉ែត្រគូប ,វិទ្យុទាក់ទងដៃ Professional FM ១៥គ្រឿង ,Computer លើតុ ១គ្រឿង និង Computer យួរដៃ ២គ្រឿងផងដែរ ៕ ដោយ៖ឡុង សំបូរ