គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចាត់វិធានការក្ដៅដកហូតសម្ភារល្មើសលើចិញ្ចើមផ្លូវ មករក្សាទុក ខណៈអាជីវករភាគច្រើនស្ដាប់ការណែនាំ

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បន្តចាត់វិធានការក្ដៅដកហូតយកសម្ភារដាក់តាំងលក់ទាំងឡាយមករក្សាទុក ដែលល្មើសរំលោភលើចំណីចិញ្ចើមផ្លូវសាធារណៈ សម្រាប់អ្នកថ្មើរជើងធ្វើដំណើរ ខណៈប្រជាពលរដ្ឋភាគច្រើនសហការធ្វើកិច្ចសន្យាតាមការណែនាំរបស់រដ្ឋបាលខណ្ឌ ដើម្បីរុះរើដោយខ្លួនឯង។

វិធានការក្ដៅក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ ហើយឈានដល់ការដកហូតសម្ភារល្មើសមួយចំនួន ពីក្រុមអាជីវករលក់ដូរគ្រប់ប្រភេទមករក្សាទុក តាមផែនការរបស់លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ខាងលើនេះ បានអនុវត្តឡើងដោយមានចូលរួមពីកម្លាំងអាវុធខណ្ឌ នគរបាលខណ្ឌ-ប៉ុស្តិ៍ មន្ត្រីសង្កាត់-មេភូមិ  និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ ដោយបែងចែកជា៣ក្រុម ដឹកនាំផ្ទាល់ពីអភិបាលរងខណ្ឌ គឺលោក ស៊ូ សោគន្ធ នាយករដ្ឋបាលខណ្ឌ តំណាងលោក ប្រាជ្ញ សីហា និងលោក លីន ញ៉ក់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញ។

បើតាមការបញ្ជាក់ពីលោក ជា ពិសី ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ពោលគឺរំដោះចំណីចិញ្ចើមផ្លូវនេះ គឺក្រុមទី១ ដឹកនាំដោយ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់នៅអមសងខាងផ្លូវលេខ៥៩៨ ចាប់ពីចំណុចមុខហាងបញ្ចាំលីហួរ រហូតមកដល់ស្ថានីយប្រេងឥន្ទនៈ PTT ក្នុងសង្កាត់ទួលសង្កែទី២ សង្កាត់គីឡូម៉ែត្រលេខ៦ ដែលជាលទ្ធផល សម្រេចរុះរើ និងដកហូតយកសម្ភារល្មើសមួយចំនួនមករក្សាទុក ក្នុងនោះអាជីវករលក់ផ្ការុក្ខជាតិចំនួន២ទីតាំង បានស្នើសុំ ធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង។

លោក ជា ពិសី បញ្ជាក់ទៀតថា ក្រុមទី២ ដឹកនាំដោយនាយករដ្ឋបាលសាលាខណ្ឌ តំណាង លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ចាប់ពីចំណុចផ្លូវជុំវិញផ្សារធំទួលសង្កែ (ផ្សារស៊ាំហាន់) ដោយធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរ និងចតយានជំនិះតាមដងផ្លូវ ដាច់ខាតត្រូវថយពីចិញ្ចើមផ្លូវតាមគំនូស ដែលអាជ្ញាធរបានបាញ់ជូន ព្រមទាំងតម្រូវឲ្យពួកគាត់រុះរើសំយ៉ាបដែលសង់លើចិញ្ចើមចេញ។ ដោយឡែកមួយក្រុមទៀត រដ្ឋបាលសង្កាត់ទួលសង្កែទី១ បានចុះពិនិត្យតាមសងខាងផ្លូវជាតិលេខ៥ ចាប់ពីចំណុចព្រំប្រទល់ខណ្ឌដូនពេញ ដល់ព្រំប្រទល់សង្កាត់ឫស្សីកែវ និងផ្លូវមុខសាលាបឋមសិក្សាពញាក្រែក ប្រសិនបើមានការតាំងលក់ ឬចតយានជំនិះលើចិញ្ចើមផ្លូវ នឹងប្រឈាមចំពោះការលើកយកមករក្សាទុកនៅរដ្ឋបាលខណ្ឌមិនខានឡើយ។

ប្រធានគណៈបញ្ជាការឯកភាពខណ្ឌរូបនេះបានឲ្យដឹងផងដែរថា សម្រាប់ក្រុមទី៣ ដឹកនាំដោយ លោក លីន ញ៉ក់ អភិបាលរងខណ្ឌ ក៏មិនខុសគ្នាដែរ និងគ្មានអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយចាប់ផ្ដើមចុះរៀបសណ្ដាប់ធ្នាប់ចាប់ពីចំណុចកំពង់ដរ គីឡូម៉ែត្រលេខ៧ រហូតដល់សាលារៀន  គីឡូម៉ែត្រលេខ៧ និងក្នុងផ្សារគីឡូម៉ែត្រលេខ៧៕ម.ន ដោយៈ ហាស់ កំសាន្ដ

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner