ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ សន្និបាតក្រសួងជាឱកាសដ៏មានសារៈសំខាន់ក្នុងការពិនិត្យលើសមិទ្ធិផលការងារ បញ្ហាប្រឈម និងដាក់ចុះដំណោះស្រាយដើម្បីបម្រើឧត្តមប្រយោជន៍ប្រជាជនក្នុងបុព្វហេតុបរិស្ថាន​ និងធនធានធម្មជាតិ

ភ្នំពេញ ៖ សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធាន គណៈកម្មការផែនការ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា ឯកឧត្តម ជា អឿង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាតំណាងគណៈកម្មការទី៣ នៃរដ្ឋសភា ដោយមានការចូលរួមពីតំណាងអន្តរក្រសួង ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះក្រសួងបរិស្ថាន សរុបជាង៥០០នាក់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ សនិ្នបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងបរិស្ថានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០២២។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ការជួបជុំគ្នានេះ គឺជាឱកាសដ៏មានសារសំខាន់សម្រាប់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីធ្វើការពិនិត្យវាយតម្លៃលើលទ្ធផលការងារបរិស្ថាន បញ្ហាប្រឈម និងកាលា នុវត្តភាព ក៏ដូចជាចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់ ចែករំលែក បទពិសោធន៍ និងចំណេះដឹងថ្មី សម្រាប់ឈានទៅរៀបចំសម្រិតសម្រាំងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងទិសដៅការងារ បន្ត ឱ្យកាន់តែមានភាពសមស្រប ស៊ីសង្វាក់ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង នៃ សង្គម ជាតិ និងពិភពលោក សំដៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងខិតខំជំរុញការអនុវត្តបេសកកម្មរបស់ខ្លួន ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកពង្រឹងនិងពង្រីកសមិទ្ធផលសង្គម សេដ្ឋកិច្ច វប្បធម៌ សន្តិសុខនយោបាយ និងបរិស្ថានកម្ពុជា ដែលខ្ញុំសូមធ្វើការគូសបញ្ជាក់ដោយសង្ខេប ដូចខាងក្រោម៖ ទីមួយ៖ ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយជារដ្ឋបាលទំនើប ព្រមទាំងទំនាក់ទំនងល្អជាមួយអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យបរិស្ថាន ធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល នៃប្រតិបត្តិការការងារជាសារវន្តរបស់ស្ថាប័ន ក៏ដូចជាការអនុវត្តគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ និងផែនទីឯកភាពការងាររបស់ក្រសួងបានជោគជ័យជាអតិបរមា។ ទីពីរ៖ គោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ គឺជាមូលដ្ឋានគ្រឹះជំរុញការកសាងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយជាមួយការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងបរិស្ថានបានផ្តល់ការគាំទ្រទាំងបច្ចេកទេស សម្ភារ និងថវិកា ដើម្បីសម្រេចបាននូវគោលបំណងភូមិឋានស្អាត និងការរស់នៅស្អាត ហើយ «គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»ថ្មី គឺជាយន្តការអនុវត្តជាក់ស្ដែង ដែលបានពង្រឹងភាពជាម្ចាស់របស់អាជ្ញាធរមូលដ្ឋានលើកិច្ចការអនាម័យ និងបរិស្ថាន។ ទីបី៖ កិច្ចគាំពារបរិស្ថាន និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម ត្រូវបានពង្រឹង កែលម្អ និងសម្រួចជាបន្តបន្ទាប់ ហើយក្លាយជាយន្តការដ៏សំខាន់ដែលត្រូវបានទទួលយកយ៉ាងទូលំទូលាយ ដើម្បីរួមចំណែកដល់កិច្ចគាំពារសុខភាពសាធារណ: ការលើកកម្ពស់សុខុមាលភាពសង្គម និងធានាបានការអភិវឌ្បប្រកបដោយចីរភាព។ ជាក់ស្តែង ជាលើកទីមួយ ដែលសមាគមរោងចក្រកាត់ដេរសំលៀកបំពាក់និងស្បែកជើង (GMAC) បានស្នើសុំឱ្យក្រសួងបរិស្ថានចុះធ្វើអធិការកិច្ចតាមរោងចក្ររបស់ខ្លួននៅទូទាំងប្រទេស សំដៅរួមចំណែកលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងសុខុមាលភាពកម្មករ-និយោជិត ក៏ដូចជា ឆ្លើយតបនឹងលក្ខខណ្ឌតម្រូវនៃការបញ្ជាទិញ ។

«ទីបួន៖ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វ ផ្សាយ តាមគ្រប់មធ្យោបាយប្រកបដោយប្រសិទ្ធភាព និងការបំផុសស្មារតី «កម្ពុជា មាតុភូមិខ្ញុំ» បានប្រែក្លាយវិស័យបរិស្ថានទៅជា «ក្រវ៉ាត់បៃតង» ដើម្បីធានានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមយូរអង្វែង។ ទីប្រាំ៖ កម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្ត និងគំនិត ផ្តួចផ្តើមសំខាន់ៗលើវិស័យបរិស្ថានបានល្អប្រសើរ ហើយក្រសួងបរិស្ថានបាននិងកំពុងពិនិត្យធ្វើបច្ចុប្បន្នភាពនិងសម្រួចបន្ថែម ដោយបានបញ្ចប់ការកែសម្រួលសេចក្តីព្រាងក្រមបរិស្ថាន និងសៀវភៅសស្តីពីគោលនយោបាយបរិស្ថាន ដើម្បីជាមូលដ្នានឯកភាព សម្រាប់តម្រង់ទិសវិស័យនេះឱ្យឆ្លើយតបនឹងការ វិវឌ្ឍរបស់មនុស្សលោក និងធានាបានឧត្តមប្រយោជន៍ជូនជាតិមាតុភូមិជាអតិបរមា។ទីប្រាំមួយ៖ កិច្ចសហប្រត្តិការ និងការទូតបរិស្ថានប្រកបដោយភាពជាក់ស្តែងនិយម បានប្រែក្លាយកម្ពុជា មកឈរនៅលំដាប់ឈានមុខ ទាំងនៅក្នុងតំបន់ និងពិភពលោក សម្រាប់ភាពជា ដៃគូក្នុងការងារបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ ខណៈដែលវេទិកាប្រែប្រួលអាកាសធាតុបានក្លាយជាវេទិកា សកល លក្ខណៈ ពហុវិស័យ និងជាច្រកទៅរកប្រភពហិរញ្ញប្បទានអន្តរជាតិធំៗសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងផ្ដល់លទ្ធភាពឱ្យកម្ពុជាអាចកាច់ចង្កូតតម្រង់ទិសហិរញ្ញប្បទានបរទេស និងកម្មវិធីរបស់ដៃគូអភិវឌ្ឍន៍ ក្នុងភាពជាម្ចាស់យ៉ាងពេញលេញ។ ជាក់ស្តែង កិច្ចព្រមព្រៀងបៃតង (ASEAN Green Deal) ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងដោយចីរភាព គឺជាសក្ខីភាពមួយយ៉ាងប្រត្យក្ស ដែលនឹងក្លាយជាក្របខ័ណ្ឌដ៏ទូលំទូលាយបន្ថែមទៀតសម្រាប់វិស័យបរិស្ថានកម្ពុជា។ និង ទីប្រាំពីរ៖ បញ្ហាសន្តិសុខនយោបាយ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ។

ឯគឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីជាយើងសម្រេចបានសមិទ្ធផលល្អប្រសើរយ៉ាងនេះក្ដី ក៏នៅមានបញ្ហាប្រឈម ដែលនឹងត្រូវរួមគ្នាពិភាក្សារកដំណោះស្រាយឱ្យបានសមស្រប ដើម្បីកាត់បន្ថយចំណុចខ្វះចន្លោះនានា ហើយបង្កើតនូវកាលានុវត្តភាពថ្មីៗ សម្រាប់ការបោះជំហានទៅមុខ បន្តទៀត។

គួរបញ្ជាក់ថាសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន អង្គសន្និបាតនឹងធ្វើការពិនិត្យ និងពិភាក្សាលើរបាយការណ៍របស់បណ្តាអគ្គនាយកដ្ឋានចំណុះក្រសួង ដែលនឹងធ្វើបទបង្ហាញទាក់ទងនឹងសមិទ្ធិផលការងារ បញ្ហាប្រឈម និងដំណោះស្រាយ៕ ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner