ហុងកុងស្នើឱ្យមានការអនុញ្ញាតជួញដូរលក់រាយចំពោះការវិនិយោគរូបិយវត្ថុគ្រីបតូ
ហុងកុង៖ រដ្ឋាភិបាលក្រុងហុងកុងបានស្នើឱ្យមានការអនុញ្ញាតដល់អ្នកវិនិយោគធ្វើការជួញដូរខ្នាតតូច ឬលក់រាយតាមរយៈរូបិយវត្ថុគ្រីបតូ(Crytocurrencies) និងប្រព័ន្ធគ្រីបតូ ETF(Exchange-traded funds) ដែលជាការផ្លាស់ប្តូរមួយក្នុងគោលបំណងធ្វើវិវចនា និងអភិវឌ្ឍវិស័យ FinTech របស់ខ្លួន។
កាលពីមុន ទីក្រុងហុងកុងបានស្នើឱ្យមានការកម្រិតនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធគ្រីបតូនេះសម្រាប់អ្នកវិនិយោគដែលមានជំនាញវិជ្ជាជីវៈ ជានិន្នការដែលបានគ្រោងទុកក្នុងការកំហិតលើទ្រព្យសម្បត្តិឌីជីថល ។ ការកំហិតទាំងនេះបានញ៉ាំងឱ្យមានមតិរិះគន់យ៉ាងខ្លាំង ជាការរារាំងដល់ការរីកចម្រើនខាងផ្នែកច្នៃប្រឌិត នវានុវត្តន៍ភាព ដែលជំរុញឲ្យអ្នក Start-ups មួយចំនួនធ្វើការចាកចេញពីហុងកុង ទៅកាន់ទីផ្សារផ្សេងៗវិញតួយ៉ាងសិង្ហបុរី និងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម ជាដើម។
តាមរយៈសន្និសីទស្តីពី បច្ចេកវិទ្យា FinTech របស់ហុងកុង(Hong Kong Fintech Week) លោក Paul Chan លេខាធិការផ្នែកហិរញ្ញវត្ថុរបស់ហុងកុង បានថ្លែងសុន្ទរកថាកន្លឹះថា អាជ្ញាធរនឹងចាប់ផ្តើមដំណើរការពិគ្រោះយោបល់សម្រាប់ការផ្តល់ឲ្យអ្នកវិនិយោគនូវឱកាសធ្វើការជួញដូរខ្នាតតូច ឬលក់រាយក្នុងកម្រិតសមរម្យមួយចំពោះការចូលប្រើប្រាស់ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិឌីជីថល ឬកម្មសិទ្ធឌីជីថលក្នុងពិភពនិម្មិត។
លោកបន្តថា៖« យើងចង់ឲ្យគោលជំហរនៃគោលនយោបាយរបស់ពួកយើងមានភាពច្បាស់លាស់ចំពោះទីផ្សារពិភពលោក ដើម្បីបង្ហាញភាពប្តេជ្ញាចិត្តរបស់យើងក្នុងកិច្ចការរុករកអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ(FinTech) ជាមួយនឹងក្រុមសហគមន៍ជាសាកលនៃអ្នកទ្រព្យសម្បត្តិក្នុងពិភពនិម្មិតកម្មនិយម »។
រដ្ឋាភិបាលនឹងធ្វើការពិនិត្យឡើងវិញនូវកម្មសិទ្ធិនៃអចលនទ្រព្យនូវទ្រព្យសម្បត្តិដែលបានកំណត់អត្តសញ្ញាណរួចរាល់ និងខិតខំស្វែងរកយ៉ាងណា ធ្វើឲ្យស្របច្បាប់ចំពោះអ្វីដែលគេបានហៅថាជា កិច្ចសន្យាឆ្លាវៃ(smart contracts) និងប្រព័ន្ធប្រតិបត្តិការស្វ័យប្រវត្តិកម្ម(self-executing transactions) ដែលលទ្ធផលរបស់វា អាស្រ័យលើធាតុផ្សំដែលបានដាក់បញ្ចូលក្នុងកម្មវិធី។
ចរន្តនៃការផ្លាស់ប្តូរទាំងនេះ ទំនងជាត្រូវបានត្រួសត្រាយផ្លូវដល់ការសម្រាប់ប្រព័ន្ធ STOs ដែលសំដៅដល់ប្រព័ន្ធទុកដាក់សុវត្ថិភាពអចលនទ្រព្យ គាំទ្រដោយប្លុកឆេន ដែលក្រុមអ្នកជំនាញសកម្មផ្នែកពិភពនិម្មិតកម្មបានលើកឡើង។ STOs ជាប្រព័ន្ធដែលគាំទ្រដោយបច្ចេកវិទ្យាប្លុកឆេន(Blockchain) ដើម្បីបញ្ជាក់ពីផលប្រយោជន៍កម្មសិទ្ធិ ឬបញ្ជាក់ពីអត្តសញ្ញាណម្ចាស់កម្មសិទ្ធិចំពោះប្រាក់ចំណូល ឬបែងចែកភាគលាភចេញពីទ្រព្យនៃពិភពពិត។
សម្រាប់លោក Andy Mehan ប្រធានផ្នែកការិយាល័យ APAC ក្រុមហ៊ុនរូបិយវត្ថុគ្រីបតូនៅសហរដ្ឋអាមេរិក US Crypto Exchange Gemini មានប្រសាសន៍ថា ការប្រកាសដំណឹងចុងក្រោយបំផុតនេះ អាចនឹងបញ្ជ្រាបក្នុងការបញ្ចូលច្បាប់ទាក់ទងវិស័យគ្រីបតូទៅក្នុងផ្លូវច្បាប់ដូចគ្នាទៅនឹងប្រទេសសិង្ហបុរីដែរ។
លោកបន្ថែមថា៖ «អ្នកប្រើប្រាស់នៃឧស្សាហកម្មនេះ [អ្នកចូលរួមក្នុងវិស័យគ្រីបតូ] ចង់ឃើញភាពស៊ីសង្វាក់គ្នាចំពោះដំណើរការនៃនិត័តកម្មជាសាកល បើពុំដូចនោះទេ វានឹងហុចឱកាសដល់ជនទុច្ចរិតក្នុងការទាញយកផលប្រយោជន៍ចេញពីភាពចន្លោះប្រហោងនៅក្នុងយុត្តាធិការគ្របដណ្តប់ទៅដោយប្រព័ន្ធច្បាប់មិនសូវតឹងរឹងខ្លាំង »។
ការដាក់ឱ្យដំណើរនូវការវិនិយោគដោះដូរខ្នាតតូចក្នុងវិស័យពាណិជ្ជកម្មគ្រីបតូដោយស្របច្បាប់នឹងញ៉ាំងឱ្យទីក្រុងហុងកុងនៅដាច់ដោយឡែកឆ្លាយពីរដ្ឋបាលទីក្រុងប៉េកាំង ឬពីចិនដីគោក ដែលបានកំហិតមិនឲ្យមានការជួញដូររូបិយវត្ថុគ្រីបតូ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Adrian Wang នាយកប្រតិបត្តិរបស់ក្រុមហ៊ុនឈ្មួញសារជីវកម្មជើងសាផ្នែកគ្រីបតូ គឺក្រុមហ៊ុន Crypto Metapha បានគូសបញ្ជាក់ថា៖ «នេះជាគឺជាសញ្ញាណវិជ្ជមានមួយ ខណៈជាសារដ៏រឹងមាំមួយបញ្ជាក់ថា ទីក្រុងហុងកុងកំពុងប្រើវិធីសាស្ត្រផ្សេង ក្នុងកិច្ចការគ្រប់គ្រងទីផ្សារមូលធនរបស់ខ្លួន ។ ការលើកឡើងនេះទំនងលោកចង់ប្រៀបធៀបទីក្រុងហុង និងចិនដីគោក» ៕ ដោយ:សំបាន ច័ន្ទដារ៉ា