ថ្នាក់ដឹកនាំខេត្តព្រះវិហារ ចុះពិនិត្យតាមដានការងារនៅក្នុងមូលដ្ឋាន និងពិនិត្យផ្លូវលំគ្រួសក្រហមជាច្រើនខ្សែ ដើម្បីផ្តល់សេវាកាតព្វកិច្ច និងសេវាតម្រូវការ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់
ខេត្តព្រះវិហារ៖ អភិបាលរងខេត្តព្រះវិហារ លោក សុខ សាន្តតារា បានដឹកនាំក្រុមការងារ ចុះទៅកាន់ស្រុកឆែប ដើម្បីពិនិត្យតាមដាននៅក្នុងមូលដ្ឋាន អំពីការផ្តល់សេវាកាតព្វកិច្ច និងសេវាតំរូវការ ជួនបងប្អូនប្រជាពលរដ្ឋ ពេលមានបញ្ហាប្រឈមកើតឡើង និងការចុះពិនិត្យផ្លូវក្រាលគ្រួសក្រហម ១ខ្សែ តភ្ជាប់ពីផ្លូវលេខ៩៤ ដែលរងការខូចខាតជាច្រើនកន្លែង ដោយសារទឹកជំនន់នាពេលកន្លងមក ចាប់ពីចំណុចផ្លូវលេខ៩៤ ដល់ភូមិណារ៉ុង ស្ថិតក្នុងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ។
អភិបាលរងខេត្តព្រះវិហារ លោក សុខ សាន្តតារា បានឲ្យដឹងថា ក្រុមការងារដែលចុះពិនិត្យតាមដាន និងពិនិត្យផ្លូវខូចខាត នៅក្នុងមូលដ្ឋាននោះ ក៏មានការចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុកឆែប ,អភិបាលរងស្រុកឆែប ,មេឃុំ ,ក្រុមប្រឹក្សាឃុំ ,មន្ត្រីប៉ុស្តិ៍នគរបាលឃុំ មន្ត្រីបរិស្ថាន និងមន្ត្រីសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ ផងដែរ។
លោក សុខ សាន្តតារា បានបន្តឲ្យដឹងទៀតថា ដោយមានការសហការពី លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជួយជួសជុលផ្លូវដែលរងការខូចខាត ១ខ្សែនេះ ស្របពេលដែលក្រុមការងារថែទាំផ្លូវជាតិលេខ៩៤ កំពុងដំណើរការជួសជុលផ្លូវ ពីទីរួមស្រុកឆែប ទៅកាន់តំបន់ព្រំដែន ស្ថិតនៅក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ដើម្បីសម្រួលដល់ភ្លៀវទេសចរណ៍ មកកំសាន្តរមណីយដ្ឋាននានា នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។
លោក សុខ សាន្តតារា បានបញ្ជាក់ថា ក្នុងនាមអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី លោកសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះមន្ទីរ មន្ត្រីជំនាញ និងក្រុមការងារថែទាំផ្លូវ ដែលតែងបានជួយសំរួល និងជួសជុលផ្លូវលំ១ខ្សែនេះ ក៏ដូចផ្លូវជាច្រើនខ្សែទៀត នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងន័យ បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ជាពិសេស សេវាកាតព្វកិច្ច និងសេវាតំរូវការ នៅថ្នាក់មូលដ្ឋាន៕ ដោយ៖ឡុង សំបូរ



