ប្រវត្តិរូប៖ អតីតប្រធានាធិបតីប្រេស៊ីល លោក លូឡា ជាប់ឆ្នោតជាប្រធានាធិបតីជាថ្មី

ប្រេស៊ីល៖ អតីតប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva នៃគណបក្សកម្មករ (PT) បានឈ្នះជុំទីពីរនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ ហើយគ្រោងនឹងបម្រើការអាណត្តិទី៣ រយៈពេល ៤ឆ្នាំចាប់ពីខែមករា ឆ្នាំ២០២៣។

លោកបានផ្តួលប្រធានាធិបតីបច្ចុប្បន្ន លោក Jair Bolsonaro នៃគណបក្សសេរីនិយមដោយរឹមបន្តិច នេះបើយោងតាមតួលេខដែលចេញផ្សាយដោយតុលាការការបោះឆ្នោតជាន់ខ្ពស់។
ដោយត្រូវបានគេស្គាល់យ៉ាងទូលំទូលាយឈ្មោះថា លោក “Lula” ជាកូនប្រុសនៃគ្រួសារកសិករក្រីក្រ កើតនៅខែតុលា ឆ្នាំ ១៩៤៥។ លោកបានធ្វើជាសហស្ថាបនិកគណបក្សកម្មករ (PT)ឆ្វេងនិយម នៅឆ្នាំ ១៩៨០ រួមជាមួយបញ្ញវន្តនិងមេដឹកនាំសហជីព។

លោក Lula ត្រូវបានជ្រើសរើសជាប្រធានាធិបតី ជាបេក្ខជនសម្រាប់បក្ស PT នៅខែតុលាឆ្នាំ ២០០២ ដោយបានក្លាយជាកម្មករដំបូងគេប្រែក្លាយខ្លួនទៅជាប្រធានាធិបតី នៅក្នុងប្រទេសប្រេស៊ីល។ លោកបានចូលកាន់តំណែងនៅខែមករា ឆ្នាំ ២០០៣។ នៅខែតុលាឆ្នាំ ២០០៦ លោកបានបន្តអាណត្តិទីពីរ រហូតដល់ ខែមករា ២០១១។

ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់ Lula ប្រទេសប្រេស៊ីលបានឃើញអត្រាកំណើនប្រចាំឆ្នាំ ៤.៣ភាគរយ ហើយបានត្រលប់ទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ១០ របស់ពិភពលោក។ លោកក៏ត្រូវបានស្គាល់តាមរយៈ កម្មវិធីសុខុមាលភាព Fome Zero (“Zero Hunger” និង Bolsa Familia ឬ “ប្រាក់ឧបត្ថម្ភគ្រួសារ” ដែលបានលើកប្រជាជនប្រេស៊ីលរាប់លាននាក់ចេញពីភាពក្រីក្រ។

លោក Lula ត្រូវបានចាប់ខ្លួននៅក្នុងការស៊ើបអង្កេតអំពើពុករលួយដ៏ធំរបស់ប្រេស៊ីលដែលមានឈ្មោះកូដថា Operation Car Wash ក្នុងឆ្នាំ ២០១៤ ដែលនាំឲ្យគាត់ជាប់ពន្ធនាគារ ក្នុងខែមេសា ឆ្នាំ ២០១៨។ នៅខែមីនា ឆ្នាំ២០២១ តុលាការសហព័ន្ធកំពូលរបស់ប្រទេសប្រេស៊ីលបានលុបចោលការផ្តន្ទាទោសទាំងអស់លើការចោទប្រកាន់ពីបទពុករលួយប្រឆាំងនឹងរូបលោក៕ ប្រភពពីស៊ីនហួរ, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner