អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សង្កាត់ជាប្រចាំ សំដៅរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សង្កាត់ជាប្រចាំរាល់ខែ ដោយដាក់ទិសដៅអោយបានច្បាស់លាស់ បញ្ហាប្រឈមនានា សំដៅធ្វើយ៉ាងណាឲ្យការងាររបស់ខ្លួនដំណើរការទៅដោយរលូន រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់និងបរិស្ថានល្អ។
ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះនៅរសៀលថ្ងៃទី០១ ខែវិច្ជិកា ឆ្នាំ២០២២ ក្នុងពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិជូនរដ្ឋបាលខណ្ឌ សង្កាត់ ប្រចាំឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាព ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្តមឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា៖ ក្នុងនាម
អាជ្ញាធរខណ្ឌ សង្កាត់ត្រូវរួមគ្នាសហការគ្នាដើម្បីធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញរបស់យើងមានទាំងសន្តិសុខសណ្ដាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានល្អពិសេស ការពិនិត្យទៅលើមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងសំរាម ធូលីជាដើម ដោយធ្វើការរាយការណ៍ក៏ដូចជាអន្តរាគមន៍ដើម្បីយកសំរាមនិងធូលីចេញពីដងផ្លូវ
នានានៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់។
ឯកឧត្តម ឃួង ស្រេង ក៏បានជម្រុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ បន្តបម្រើប្រជាពលរដ្ឋបន្ថែមទៀតពិសេស ការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋ ដើម្បីទទួលបានការគោរពស្រលាញ់និងជឿទុកចិត្តពីប្រជាពលរដ្ឋ រហូតដល់ពួកគាត់បោះឆ្នោតអោយយើងនៅឆ្នាំ២០២៣ខាងមុខ។
គួរបញ្ជាក់ថា៖ ចំពោះលទ្ធផលនៃការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែកតាមលទ្ធផលដែលក្រសួងមហាផ្ទៃ បានធ្វើការពិនិត្យវាយតម្លៃ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២០-២០២១ គឺរាជធានីភ្នំពេញ ទទួលបានពាន់រង្វានជើងឯកចំនួន ២ខណ្ឌ និង២សង្កាត់ រួមមាន រដ្ឋបាលខណ្ឌមានជ័យ ទទួលបានជ័យលាភីជើងឯកលេខ២។ រដ្ឋបាលខណ្ឌកំបូល ទទួលបានជ័យលាភីជើងឯកលេខ៣ រដ្ឋបាលសង្កាត់បឹងកេងកងទី១ ទទួលបានជ័យលាភីជើងឯកលខ១ រដ្ឋបាលសង្កាត់បឹងកេងកងទី២ ទទួលបានជ័យលាភីជើងឯកលេខ៤ (បានប្រគល់ជូនរួចដោយក្រសួងមហាផ្ទៃកាលពី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ) ។ ចំពោះពានរង្វាន់ផ្កាយសេវាសង្គមដែលត្រូវធ្វើពីធីប្រគល់ជូននេះ រួមមាន៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ផ្កាយ៣ រដ្ឋបាលខណ្ឌចំនួន៩ ទទួលបានផ្កាយ៣ រដ្ឋបាលខណ្ឌចំនួន៣ ទទួលបានផ្កាយ២ ។ ចំណែករដ្ឋបាលសង្កាត់ចំនួន២៨ទទួលបានផ្កាយ៣ រដ្ឋបាលសង្កាត់ចំនួន១៥ទទួលបានផ្កាយ២និងរដ្ឋបាលសង្កាត់ចំនួន៨ទៀតទទួលបានផ្កាយ១៕ ហេង សម្បត្តិ





