ទិញបណ្ដាញសង្គម ធ្វីតធ័រ បានភ្លាម លោក អេឡុន ម៉ាសបណ្ដេញក្រុមប្រឹក្សាភិបាលទាំងអស់ពីការងារ
អាមេរិក៖គ្រាន់តែទិញបណ្ដាញសង្គមធ្វីតធ័រ( Twitter) បានភ្លាមក្នុងតម្លៃ៤៤ប៊ីលានដុល្លារ លោកអេឡុន ម៉ាស( Elon Musk) បានបណ្ដេញសមាជិកទាំងអស់ចេញពីការងារ ដែលធ្វើឱ្យលោកក្លាយជានាយកតែម្នាក់គត់នៃក្រុមហ៊ុនបណ្ដាញសង្គមដ៏មានឥទ្ធិពលមួយនេះ។ ឯកសាររបស់ក្រុមហ៊ុន Twitter ដែលបានដាក់ទៅកាន់គណៈកម្មការ SEC របស់អាមេរិក នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។
លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla ដែរនោះ បានសរសេរបញ្ជាក់លើគណនីសង្គម Twitter របស់លោកនៅថ្ងៃចន្ទថា ការរៀបចំនានានៅក្នុងក្រុមហ៊ុន Twitter នាពេលនេះ មានលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះ ប៉ុន្តែលោកមិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។
សូមជម្រាបថា លោក Elon Musk ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន SpaceX និងជាអ្នកចាប់ផ្តើមបច្ចេកវិទ្យាប្រព័ន្ធប្រសាទ Neuralink បានចូលកាន់កាប់តំណែងរបស់លោកនៅក្រុមហ៊ុន Twitter កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ដោយបានបណ្តេញចេញអ្នកដឹកនាំកំពូលៗរបស់ក្រុមហ៊ុន Twitter ជាច្រើនរូប ក្នុងនោះរួមមានទាំងនាយកប្រតិបត្តិ លោក Parag Agrawal និងប្រធានផ្នែកហិរញ្ញវត្ថុ លោក Ned Segal។
ជាការកត់សម្គាល់ ការកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានឥទ្ធិពលរបស់លោក Elon Musk នាពេលនេះ បានធ្វើឱ្យមានការជជែកវែកញែកគ្នាយ៉ាងខ្លាំង អំពីតុល្យភាពរវាងសេរីភាពនៃការបញ្ចេញមតិ និងការការពារក្រុមជនដែលងាយរងគ្រោះពីគ្រោះថ្នាក់តាមប្រព័ន្ធអ៊ីនធឺណិត។
លោក Elon Musk ដែលតាំងខ្លួនជាអ្នកការពារសេរីភាពនៃការបញ្ចេញមតិ ធ្លាប់បានរិះគន់គោលនយោបាយសម្របសម្រួលរបស់ Twitter និងធ្លាប់បានចោទប្រកាន់ក្រុមហ៊ុនបណ្ដាញសង្គមនេះថាលម្អៀងទៅរកក្រុមឆ្វេងនិយម។ យ៉ាងណាក៏ដោយ ចាប់តាំងពីលោក Elon Musk ទិញយកក្រុមហ៊ុន Twitter កាលពីសប្ដាហ៍មុនរួចមក គេនៅពុំទាន់ឮលោកបង្ហើបឱ្យដឹងពីផែនការផ្លាស់ប្ដូរគោលនយោបាយរបស់បណ្ដាញសង្គម Twitter នៅឡើយទេ។ អ្វីដេលគេដឹងកន្លងមកនោះគឺថា លោក Elon Musk មិនសូវពេញចិត្តចំពោះការពឹងផ្អែករបស់បណ្ដាញសង្គម Twitter ទៅលើការផ្សាយពាណិជ្ជកម្ម។ ដើម្បីស្វែងរកចំណូល លោកធ្លាប់បានបង្ហាញពីបំណងរបស់ខ្លួន ដែលចង់តម្រូវឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម Twitter បង់ប្រាក់ដើម្បីទទួលបាននូវការទទួលស្គាល់ដោយសញ្ញា «ធីកពណ៌ខៀវ» ជាដើម៕
ដោយ៖កែវ កិរិយា