ការបិទស្ថានីយចាក់ប្រេងនៅវៀតណាម បង្កក្តីបារម្ភអំពីបញ្ហាផ្គត់ផ្គង់ប្រេងឥន្ធនៈ
វៀតណាម៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍នៅថ្ងៃអង្គារទី ០១ ខែវិច្ឆិកានេះថា ស្ថានីយចាក់សាំងមួយចំនួននៅទីក្រុងចំនួនពីរត្រូវបានបិទ ឬកំណត់ការលក់របស់ខ្លួនក្នុងសប្ដាហ៍នេះ ចំពេលមានការព្រួយបារម្ភអំពីបញ្ហានៃការផ្គត់ផ្គង់ប្រេងរបស់ប្រទេស។
សេចក្ដីរាយការណ៍នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានអះអាងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ប្រទេសវៀតណាមមិនប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈនោះទេ ទោះបីជាស្ថានីយចាក់ប្រេងមួយចំនួននៅក្នុងទីក្រុងភាគខាងត្បូងកាត់បន្ថយ ឬការលក់ប្រេងក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមរាយការណ៍នៅថ្ងៃអង្គារនេះថា ស្ថានីយចាក់សាំងមួយចំនួននៅក្នុងទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មហូជីមិញបានបិទ ឬបញ្ឈប់ការលក់ប្រេងសាំង ប៉ុន្តែនៅតែបន្តលក់ប្រេងម៉ាស៊ូត។ ទន្ទឹមនឹងនោះ វិទ្យុសំឡេងជាតិវៀតណាម បានរាយការណ៍ថា ស្ថានីយចាក់សាំងជាច្រើននៅក្នុងរដ្ឋធានីហាណូយ ក៏បានបិទទ្វារផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ក៏មានការចែកចាយរូបភាពនៅលើបណ្ដាញសង្គម ដែលបង្ហាញពីមនុស្សម្នាតម្រង់ជួរគ្នាចាំចូលចាក់សាំងម៉ូតូនៅតាមស្ថានីយផ្សេងៗក្នុងទីក្រុងធំៗទាំងពីរ។ ទោះយ៉ាងណាក៏ដោយ គេមិនច្បាស់ថា មានស្ថានីយចាក់សាំងប៉ុន្មាន និងនៅតំបន់ណាខ្លះ ដែលកំពុងជួបបញ្ហានេះនោះទេ។
បើតាមការរាយការណ៍របស់ទីភ្នាក់ងាររ៉យទ័រ ស្ថានីយចាក់សាំងចំនួនពីរនៅលើបណ្ដោយផ្លូវហាយវ៉េដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុង ហាយហ្វុង(Haiphong )សបានកំណត់ការលក់សាំងត្រឹមតែ ១៧ លីត្រប៉ុណ្ណោះ ក្នុងឡានមួយគ្រឿង។
ជុំវិញបញ្ហានេះ ក្រសួងពាណិជ្ជកម្មមិនបានឆ្លើយតបយ៉ាងណាទេ គិតត្រឹមល្ងាចថ្ងៃអង្គារ ប៉ុន្តែលោករដ្ឋមន្ត្រី Dien កាលពីថ្ងៃសុក្រ បានស្តីបន្ទោសបញ្ហានេះ ទៅលើការប្រែប្រួលនៃអត្រាប្តូរប្រាក់បរទេស និងការលំបាក ដែលក្រុមហ៊ុននាំចូលប្រេងឥន្ធនៈមួយចំនួនប្រឈមមុខ ក្នុងការទទួលបានឥណទានពីធនាគារផ្សេងដើម្បីសម្របសម្រួលលើស្ថានភាពនេះ។ ប៉ុន្តែលោក Dien បាននិយាយទៀតថា រោងចក្រចម្រាញ់ប្រេងក្នុងស្រុកដែលផ្គត់ផ្គង់ពី៧០-៨០ភាគរយនៃតម្រូវការប្រេង កំពុងដំណើរការពេញសមត្ថភាព។
ពាណិជ្ជករថាមពលនៅទីក្រុងហាណូយម្នាក់ អះអាងប្រាប់រ៉យទ័រដោយមិនបញ្ចេញឈ្មោះថា ប្រាក់ចំណេញទាប ហាក់កំពុងបង្អាក់អ្នកលក់រាយមិនឱ្យបើកស្ថានីយ៍ចាក់សាំង ដោយសារតែអាជ្ញាធរមានកម្រិតលើតម្លៃលក់រាយ។
យោងតាមទិន្នន័យផ្លូវការពីរដ្ឋាភិបាលវៀតណាម ការនាំចូលប្រេងឥន្ធនៈចម្រាញ់របស់វៀតណាមក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២២ បានកើនឡើង ២២,៨ ភាគរយ ធៀបនឹងឆ្នាំមុន ឬស្មើនឹង ៧,១៣ លានតោន ប៉ុន្តែទន្ទឹមនឹងនោះ ការចំណាយបានកើនឡើងរហូតដល់ ១២៣,៨ ភាគរយ ឬស្មើនឹង ៧,៣៧ ប៊ីលានដុល្លារអាមេរិក៕
ដោយ៖ហួន ឌីណា
ប្រភព៖ Vietnam gas station closures raise concerns of fuel supply crunch