កិច្ចប្រជុំរៀបចំពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ទិវាកំណើតកងយោធពលខេមរភូមិន្ទ ខួបលើកទី៦៩ និងពិធីអុំទូក បណ្ដែតប្រទីបខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំប្រគល់ភារកិច្ច ជូនថ្នាក់ដឹកនាំ និងនាយទាហាន ដែលមានភារកិច្ចពាក់ព័ន្ធ ដើម្បីប្រុងប្រៀបរៀបចំ និងចូលរួមក្នុងកម្មវិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងពិធីប្រណាំងទូក បណ្ដែតប្រទីប នៅខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅនៅពេលដ៏ខ្លីខាងមុខនេះ នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រណាំងទូកបណ្ដែតប្រទីប នៅថ្ងៃទី៤ និងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ហើយជាមួយនេះផងដែរ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងមានរៀបចំប្រារព្ធពិធីមិទិញមហាជន ដើម្បីអបអរសាទរខួបលើកទី៦៩ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិនិងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យរបស់ខេត្តកំពង់ធំ ផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច និងបែងចែកមុខសញ្ញាទទួលខុសត្រូវ ជូនថ្នាក់ដឹកនាំនីមួយៗ ដើម្បីចាត់ចែងរៀបចំ និងចូលរួមក្នុងកម្មវិធីខាងលើនេះ មានជាអាទិ៍ ទី១. ការរៀបចំផែនការសហការ ការពារសន្តិសុខ សុវត្ថិភាព ទី២.ការរៀបចំកងកម្លាំងចូលរួមក្នុងពិធី និងទី៣. ការចាត់តាំងកងកម្លាំងធ្វើពលកម្មអនាម័យ ទាំងមុន និងក្រោយពេលប្រារព្ធពិធី ផងដែរ ។
ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានប្តេជ្ញាចិត្តអនុវត្តន៍តាមផែនការ ដែលឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមរយៈមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ឲ្យទទួលបានជោគជ័យ ៕ ដោយ ៖ ប៊ុន រដ្ឋា


