មន្ត្រីលោកខាងលិចថា អ៊ីរ៉ង់កំពុងត្រៀមបញ្ជូនអាវុធបន្ថែមមានទាំងមីស៊ីលបាលីស្ទិកទៅឱ្យរុស្ស៊ី
អ៊ុយក្រែន៖អ៊ីរ៉ង់ កំពុងរៀបចំបញ្ជូនអាវុធបន្ថែមប្រមាណ ១ ០០០គ្រឿង រួមមានទាំងមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី និងយន្តដ្រូនជាច្រើនទៀតទៅឱ្យរុស្ស៊ី ដើម្បីប្រើក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។ នេះបើយោងតាមសម្តីរបស់មន្ត្រីប្រទេសលោកខាងលិចជាច្រើនរូបដែលជាអ្នកតាមដានយ៉ាងដិតដល់នូវកម្មវិធីអាវុធរបស់អ៊ីរ៉ង់ប្រាប់សារព័ត៌មាន CNN ។
ការដឹកបញ្ជូនអាវុធរបស់អ៊ីរ៉ងនេះ កំពុងត្រូវគេតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ព្រោះវានឹងក្លាយជាករណីដំបូងដែលអ៊ីរ៉ង់ បញ្ជូនមីស៊ីលដែលរចនាឡើងដើម្បីវាយប្រហារគោលដៅនៅលើដីឬសមុទ្រទៅឱ្យរុស្ស៊ី។ អាវុធប្រភេទនេះ នឹងជួយឱ្យវិមានក្រឹមឡាំងអាចបង្កើនការវាយប្រហាររបស់ខ្លួនយ៉ាងសន្ធាប់នៅឯសមរភូមិ។
មន្ត្រីមកពីបស្ចិមលោកមួយចំនួន និយាយថា ការដឹកបញ្ជូនអាវុធចុងក្រោយពីអ៊ីរ៉ង់ទៅរុស្ស៊ី រួមមានយន្តដ្រូនគ្មានមនុស្សបើកប្រមាណ៤៥០ គ្រឿងដែលរុស្ស៊ីបានប្រើរួចមកហើយដើម្បីបង្កជាការបំផ្លិច បំផ្លាញធ្ងន់ធ្ងរលើអ៊ុយក្រែន។ កាលពីសប្តាហ៍មុន មន្ត្រីក្រុងកៀវបាននិយាយថា ពួកគេបានបាញ់ទម្លាក់យន្តដ្រូនរបស់អ៊ីរ៉ង់ជាង ៣០០គ្រឿង។
ការដឹកបញ្ជូនអាវុធរបស់អ៊ីរ៉ង់ជាថ្មីដែលត្រូវបានគេរំពឹងនេះ នឹងបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នូវការគាំទ្ររបស់របបក្រុងតេហេរ៉ង់ចំពោះកិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់រុស្ស៊ី។ មកទល់ពេល នេះ គេនៅមិនទាន់ដឹងនៅឡើយទេថាតើអាវុធរបស់អ៊ីរ៉ង់ នឹងដឹកជញ្ជូនដល់ប្រទេសរុស្ស៊ីនាវេលាណាឱ្យប្រាកដនោះ តែក្រុមមន្ត្រីរបស់បណ្តាប្រទេសលោកខាងលិច ជឿជាក់ថាសព្វាវុធទាំងនោះនឹងពិតជាចែកចាយដល់ដៃរុស្ស៊ីមុនដំណាច់ឆ្នាំ២០២២នេះ។
ការបញ្ជូនសព្វាវុធបន្ថែមរបស់អ៊ីរ៉ង់ទៅកាន់រុស្ស៊ី គឺជាទង្វើដែលទំនងជានឹងធ្វើឱ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកកាន់តែដុនដាបខ្លាំង។ កាលពីថ្ងៃចន្ទ បេសកជនអាមេរិកប្រចាំប្រទេសអ៊ីរ៉ង់លោក រ៉ប់ ម៉ាលី (Rob Malley) បានលើកឡើងថា រដ្ឋបាលលោក ចូ បៃដិន នឹងមិនខ្ជះខ្ជាយពេលវេលាលើកិច្ចពិភាក្សាដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញឡើយ ប្រសិនបើគ្មានលទ្ធផលអ្វីថ្មីលេចចេញជារូបរាងនោះ។
ដោយឡែក បេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ មិនបានឆ្លើយតបអ្វីនឹងសំណើសុំការអត្ថាធិប្បាយជុំវិញព័ត៌មានដែលថាក្រុងតេហេរ៉ង់ កំពុងរៀបចំបញ្ជូនអាវុធបន្ថែមទៅឲ្យក្រុងមូស្គូឡើយ។ តែកន្លងមក អ៊ីរ៉ង់ធ្លាប់បដិសេធហើយថាមិនបានផ្គត់ផ្គង់សព្វាវុធឱ្យរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែនឡើយ និងបានសង្កត់ធ្ងន់ដែរថាខ្លួនមិនដែល ហើយក៏នឹងមិនធ្វើរឿងដូច្នេះឡើយ។
គួរជ្រាបថា ការគាំទ្ររបស់ក្រុងតេហេរ៉ង់ចំពោះរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន និងការបង្ក្រាបលើចលនាតវ៉ាទូទាំងប្រទេសដែលបណ្តាលមកពីការស្លាប់របស់នារីវ័យក្មេងឈ្មោះ ម៉ាសា អាមីនី កាលពីខែកញ្ញា បានជំរុញឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបន្ថែមទៀតលើអ៊ីរ៉ង់។
ជាក់ស្តែង កាលពីខែមុន ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនផ្លូវអាកាសមួយដែលវ៉ាស៊ីនតោនថាបានរួមដៃជួយដឹកជញ្ជូនយន្តដ្រូនស៊ើបការណ៍របស់អ៊ីរ៉ង់ (UAVs) ទៅឲ្យរុស្ស៊ី៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖