ក្រសួងការបរទេសបង្ហាញលទ្ធផលនៃជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីអ៊ុយក្រែន
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦ (ម៉ោង នៅកម្ពុជា) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធ ទូរស័ព្ទជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែេលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបង្ហាញលទ្ធផលនៃជំនួបសន្ទនាថា ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានាធិបតី បាន សម្តែងការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្តី សម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាតិ និងជំហរជាក់ លាក់របស់កម្ពុជាពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន ។
សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន មានសេចក្តីរីករាយ ដែលបានជួបតាមប្រព័ន្ធទូរស័ព្ទជាមួយ ឯកឧត្តមប្រធានាធិបតី និងបានសម្តែងនូវការសោកស្តាយចំពោះសោកនាដកម្មដែលបាននិងកំពុងកើតឡើងនៅអ៊ុយក្រែន។ សម្តេចតេជោនាយកដ្ឋមន្ត្រី ក៏បានសម្តែងក្តីបារម្ភចំពោះការវាយប្រហារថ្មីៗទៅលើទីក្រុងកៀវ និងទីក្រុងផ្សេងៗក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមានការ បាត់ បង់ជីវិតប្រជាជន ការរងរបួសជាច្រើន និងខូចខាតដល់ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដាច់ចរន្តអគ្គិសនី និងទឹកស្អាតយ៉ាង ធ្ងន់ធ្ងរ ហើយបណ្តាលឱ្យមានវិបត្តិឋាមពល និងស្បៀងអាហារ ធ្ងន់ធ្ងរ ព្រមទាំងអតិផរណាកើនឡើងនៅទូទាំងសកលលោក។
សម្តេចតេជោនាយកដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ ដែល កម្ពុជាបានឆ្លងកាត់ និងបានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ដែល កម្ពុជា បានឆ្លងកាត់ និងការស្វែងយល់របស់ សម្តេច ផ្ទាល់បាន បង្ហាញ ថា គ្មានសង្គ្រាមណាមួយអាចបញ្ចប់បានដោយប្រើប្រាស់ សង្គ្រាមនោះទេ។
សម្តេចតេជោនាយកដ្ឋមន្ត្រី បញ្ជាក់ថាកម្ពុជាផ្តល់សារសំខាន់ ដល់ការចរចា និងដំណោះស្រាយដោយសន្តិវិធី និងសង្ឃឹមថា ភាគីពាក់ពន្ធ័ទាំងអស់ នឹងខិតខំរកដំដោះស្រាយគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ចប់សង្រ្គាមនៅ អ៊ុយក្រែន ដើម្បីអ៊ុយក្រែនទទួលបាន មក វិញនូវសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និង ការអភិវឌ្ឍ។
ជាមួយគ្នានេះដែរ សម្តេចតេជោនាយកដ្ឋមន្ត្រី បានបញ្ជាក់អំពី ជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែនថា កម្ពុជា ប្រកាន់ ខ្ជាប់នូវការគោរពគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការ គំរាម ឬ ការប្រើប្រាស់កម្លាំងលើអធិបតេយ្យភាព បូរណភាព ដែន ដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រាន យកទឹកដីពីប្រទេសដទៃឡើយ។
សម្តេចតេជោ បានលើកឡើងថា ដោយសហការជាមួយ ប្រទេស ជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់ កម្ពុជាទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប។
ពាក់ពន្ធ័និងទំនាក់ទំនងទ្វេភាគី សម្តេចតេជោនាយកដ្ឋមន្ត្រី បាន ថ្លែងអំណរគុណអ៊ុយក្រែនដែលបានជួយគាំទ្រ និងឧបត្ថម្ភទទួល យកនិស្សិតកម្ពុជាក្នុងកំឡុងទស្សវត្សរ៍៨០ ។ សម្តេចតេជោនាយកដ្ឋមន្ត្រី ក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅ អ៊ុយក្រែនកាលពីឆ្នាំ១៩៨១ ផងដែរ។
ពាក់ពន្ធ័និងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សម្តេចតេជោ នាយកដ្ឋមន្ត្រី បានស្នើឱ្យប្រទេសទាំងពីរតែងតាំង និងផ្លាស់ប្តូរឯក អគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។
ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះកម្ពុជាដែលមានបំណងផ្តល់ជំនួយខាងដោះមីននេះ។ ឯកឧត្តមប្រធានាធិបតី បានឯកភាពចំពោះការតែងតាំង ឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។ ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី ក៏បានអញ្ជើញ សម្តេចតេជោនាយកដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលសមស្រប។
ពាក់ពន្ធ័នឹងកិច្ចការអាស៊ាន ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី បានកត់សម្គាល់ដោយការពេញចិត្តនិងបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីថ្លែងការណ៍ទាំងបីរបស់ អាស៊ាន គាំទ្រ ដល់ អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះ សំណើអ៊ុយក្រែនសុំចូលជាភាគីនៃសន្ធិសញ្ញា មិត្តភាព និងកិច្ច សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ។
ឯកឧត្តមប្រធានាធិបតី បានស្នើសុំថ្លែងសន្ទកថាតាមប្រព័ន្ធ វីដេអូ ក្នុងពេលកិច្ចប្រជុំអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុង ការចូលជា ដៃគូរសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ បានជម្រាបជូនថា កម្ពុជា នឹង បន្តធ្វើការងារជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បី ឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែនក្នុងការចូលជា ដៃគូសន្ទនា តាមវិស័យរបស់អាស៊ាននេះ។
នៅចុងបញ្ចប់កិច្ចសន្ទនា សម្តេចតេជោនាយកដ្ឋមន្ត្រី បានទទួល យកសេចក្តីអញ្ជើញ សម្តេច ទៅទស្សនកិច្ចនៅអ៊ុយក្រែន តាមពេល វេលាសមស្រប។ ឯកឧត្តមប្រធានាធិបតី បាន ថ្លែងអំណរគុណ សម្តេចតេជោនាយកដ្ឋមន្ត្រី ចំពោះជំនួប ហើយក៏បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័កាលពីខែសីហា កន្លងទៅ និងបានជូនពរកម្ពុជាទទួលបានជោគជ័យដ៏ត្រចះ ត្រចង់ បន្ថែមទៀត ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាខែវិច្ឆិកា ឆ្នាំ២០២២ ៕
ដោយ៖ វណ្ណលុក-ពិសិដ្ឋ





