ភ្នាក់ងារអ.ស.ប ចុះត្រួតពិនិត្យកន្លែងផ្ទុះគ្រាប់បែកវិទ្យុសកម្មនៅអ៊ុយក្រែន

អ៊ុយក្រែន៖​ ក្រុមអ្នកជំនាញមកពីទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ(អ.ស.ប) បានចុះត្រួតពិនិត្យទីតាំងចំនួនពីរក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ។ខណៈដែលរុស្ស៊ីបានចោទប្រកាន់ថា អាជ្ញាធរអ៊ុយក្រែនបានរៀបចំផែនការប្រើប្រាស់គ្រាប់បែកវិទ្យុសកម្មនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីទម្លាក់កំហុសទៅលើរុស្ស៊ី។

ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានធ្វើការរាយការណ៍ថា ការវាយប្រហាររបស់រុស្សីសំដៅទៅលើតំបន់ចំនួនប្រាំបី ស្ថិតនៅភូមិភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន បានសម្លាប់ជនស៊ីវិលបួននាក់ និងរងរបួស ៤ នាក់ផ្សេងទៀតក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង។ ក្រៅពីនេះ មនុស្សរាប់ម៉ឺននាក់បានប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនី និងការខ្វះខាតទឹកប្រើប្រាស់ បន្ទាប់ពីការបាញ់ផ្លោងគ្រាប់មីស៊ីលរបស់រុស្ស៊ីសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ចំនួន ១០ កាលពីថ្ងៃចន្ទ។

អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi បានលើកឡើងថា៖ «បេសកកម្មត្រួតពិនិត្យរកភស្តុតាងនៃគ្រាប់បែកវិទ្យុសកម្ម ដែលស្នើដោយទីក្រុងកៀវ បន្ទាប់ពីមានការចោទប្រកាន់ដោយគ្មានមូលដ្ឋានជាក់លាក់ពីសំណាក់រុស្ស៊ី នឹងត្រូវបិទបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ»។

យោងតាមការចុះផ្សាយរបស់អេភី ញូវ( AP News) កាលពីថ្ងៃអង្គារ បានឱ្យដឹងថា បន្ទាប់ពីការបរាជ័យនៅសមរភូមិ ជាច្រើន មន្ត្រីកំពូលៗរបស់រុស្ស៊ី រួមទាំងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានធ្វើការចោទប្រកាន់ដោយគ្មានហេតុផលដដែលៗថាអ៊ុយក្រែនបានផលិតគ្រាប់បែកដែលបណ្ដាលឱ្យខ្ចាត់ខ្ចាយកាកសំណល់វិទ្យុសកម្ម។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ.ស.ប លោក Vassily Nebenzia បានចោទប្រកាន់នៅក្នុងលិខិតមួយទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខ កាលពីសប្តាហ៍មុនថា កន្លែងស្រាវជ្រាវនុយក្លេអ៊ែរ និងក្រុមហ៊ុនរុករករ៉ែរបស់អ៊ុយក្រែន បានទទួលបញ្ជាដោយផ្ទាល់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដើម្បីធ្វើការអភិវឌ្ឍគ្រាប់បែកវិទ្យុសកម្មនេះ។

ជាការឆ្លើយតប ប្រទេសលោកខាងលិចបានហៅការអះអាងរបស់ទីក្រុងម៉ូស្គូថា «ជារឿងមិនពិតយ៉ាងច្បាស់ក្រឡែត»។ អាជ្ញាធរអ៊ុយក្រែនវិញ បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ី ដោយបានលើកឡើងថា វាគឺជាការប៉ុនប៉ងដើម្បីបង្វែរការចាប់អារម្មណ៍លើគម្រោងការរបស់ទីក្រុងមូស្គូក្នុងការបំផ្ទុះគ្រាប់បែកវិទ្យុសកម្ម ដែលនេះជាមធ្យោបាយមួយដើម្បីបង្ហាញពិភពលោកថា ទង្វើរបស់រុស្ស៊ីគឺជារឿងត្រឹមត្រូវ។

គួរដឹងដែរថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ឬហៅកាត់ថា IAEA បានលើកឡើងថា ទីតាំងស៊ើបអង្កេតដែលស្ថិតនៅក្រោមការការពាររបស់ខ្លួន ត្រូវបានចុះទៅត្រួតពិនិត្យយ៉ាងទៀងទាត់ដោយអធិការរបស់ IAEA ដែលបេសកកម្មរបស់ពួកគេគឺការស្វែងរកសកម្មភាពផលិតនុយក្លេអ៊ែរ និងឧបករណ៍ដែលលាក់ទុកមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍគ្រាប់បែកវិទ្យុសកម្ម។

ទីភ្នាក់ងារដដែលនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា «IAEA ធ្លាប់បានចុះត្រួតពិនិត្យទីតាំងមួយក្នុងចំណោមទីតាំងទាំងពីរកាលពីមួយខែមុនហើយបានរកឃើញថាគ្មានសកម្មភាព ឬសម្ភារនុយក្លេអ៊ែរដែលត្រូវបានគេលាក់ទុកនៅទីនោះទេ»។

ក្រុមអ្នកឃ្លាំមើលថាមពលបរមាណូរបស់អ.ស.ប ក៏មានអ្នកត្រួតពិនិត្យនៅនឹងកន្លែងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកាន់កាប់ដោយរុស្ស៊ីផងដែរ។ ការប្រយុទ្ធគ្នានៅជុំវិញស្ថានីយ៍ថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបនេះ បានបង្កើនការព្រួយបារម្ភអំពីការលេចធ្លាយដ៏មហន្តរាយ ដែលអាចនឹងកើតមានឡើងនៅទីនោះ។

កាលពីថ្ងៃអង្គារ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ទីក្រុង និងទីប្រជុំជនជុំវិញរោងចក្របានជួបប្រទះនឹងការបាញ់ផ្លោងកាន់តែធ្ងន់ធ្ងរទៅៗ នៅចន្លោះថ្ងៃចន្ទដល់ថ្ងៃអង្គារ។ ទីក្រុង Nikopol ជាទីក្រុងដែលប្រឈមមុខជាងគេជាមួយនឹងការលេចធ្លាយរោងចក្រដែលអាចហូរតាមទន្លេ Dnieper ដ៏ធំមួយ ហើយអគារផ្ទះល្វែងជាច្រើន សាលាមត្តេយ្យ និងអាជីវកម្មផ្សេងៗជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។

គួរបញ្ជាក់ផងដែរថា ការបាញ់ផ្លោងរបស់រុស្ស៊ីបានកម្ទេចទីក្រុង និងភូមិចំនួន ១៤ នៅក្នុងតំបន់ Donetsk ភាគខាងកើតកាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ ដោយបានបំផ្លាញមួយផ្នែកធំនៃផ្លូវរថភ្លើង ធ្វើឱ្យខូចខាតខ្សែថាមពល និងបំផ្លាញប្រព័ន្ធទំនាក់ទំនងចល័តនៅក្នុងតំបន់មួយចំនួនទៀត។ លើសពីនេះ មីស៊ីលមួយគ្រាប់ក៏បានបាញ់ប្រហារទៅលើទីក្រុង Kramatorsk ដែលជាទីស្នាក់ការកណ្តាលរបស់កងទ័ពអ៊ុយក្រែនផងដែរ។

លោក Pavlo Kyrylenko អភិបាលនៃតំបន់ខូចខាតខាងលើបាននិយាយថា «ការបាញ់ផ្លោងមីស៊ីលរុស្ស៊ី បានសម្លាប់ជនស៊ីវិលបីនាក់ និងរបួសបីនាក់ផ្សេងទៀត»។
គួររម្លឹកផងដែរថា Donetsk គឺជាតំបន់មួយក្នុងចំណោមតំបន់ចំនួនបួនដែលត្រូវបានទីក្រុងមូស្គូដាក់បញ្ជូលជាតំបន់ឧបសម្ព័ន្ធកាលពីខែមុន។

ដោយឡែក ស្ត្រីម្នាក់ត្រូវបានស្លាប់ បន្ទាប់ពីគ្រាប់រ៉ុក្កែតរបស់រុស្សីបានបាញ់ប្រហារទៅលើអគារផ្ទះល្វែង និងសាលារៀនមួយកន្លែងក្នុងទីក្រុង Mykolayiv ភាគខាងត្បូងនៃប្រទេស។ នេះបើតាមអភិបាលក្រុងតំបន់នោះបានធ្វើការរាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញ។ មិនត្រឹមតែប៉ុណ្ណោះ អ៊ុយក្រែនកំពុងជួបប្រទះនឹងផលវិបាកពីការវាយប្រហារដ៏ធំរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ ដែលបានរំខានដល់ការផ្គត់ផ្គង់ថាមពល និងទឹកក្នុងទីក្រុង និងនៅតាមភូមិជាច្រើនទៀត ។

អភិបាលក្រុងកៀវ លោក Vitali Klitschko បាននិយាយថា៖ «អាជ្ញាធរបានព្យាយាមជួសជុលចរន្តអគ្គិសនី និងទឹកប្រើប្រាស់ឡើងវិញនៅក្នុងអគារលំនៅឋាននានាក្នុងរដ្ឋធានី ប៉ុន្តែការដាច់ចរន្តអគ្គិសនីនឹងបន្តនៅក្នុងទីក្រុង ដោយសារតែកង្វះថាមពលផ្គត់ផ្គង់ច្រើន»។ ដោយឡែក អភិបាលតំបន់មួយនៃទីក្រុងគៀវ លោក Oleksiy Kuleba បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ផ្ទះល្វែងចំនួន ២០.០០០ ខ្នងនៅតែគ្មានថាមពលប្រើប្រាស់នៅឡើយទេ។

លោកអភិបាលរូបនេះ ក៏បាននិយាយនៅលើកញ្ចក់ទូរទស្សន៍អ៊ុយក្រែនផងដែរថា៖ «រុស្ស៊ីបានបើកការវាយប្រហារលើតំបន់ផលិតថាមពលអគ្គិសនី ហើយរុស្ស៊ីកំពុងបំផ្លាញថាមពលដើម្បីធ្វើការយាយីទៅកាន់ប្រជាជនស៊ីវិល ដោយបង្កឱ្យមានភាពអត់ឃ្លាន និងអាកាសធាតុត្រជាក់នៅក្នុងប្រទេសអ៊ុយក្រែន»។

ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលរដ្ឋរបស់អ៊ុយក្រែនដែលមានឈ្មោះថា Ukrenergo បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖ «តំបន់ចំនួនប្រាំពីនឹងជួបប្រទះនឹងការដាច់ចរន្តអគ្គិសនី ដើម្បីកាត់បន្ថយចំនួនប្រើប្រាស់ និងដើម្បីរក្សាតុល្យភាព និងស្ថិរភាពនៅក្នុងប្រព័ន្ធ ដោយធ្វើយ៉ាងណា ជៀសវាងការបរាជ័យប្រព័ន្ធផ្គត់ផ្គង់ម្តងហើយម្តងទៀត»។

នៅទីក្រុង ខាកីវ(Kharkiv) ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន សេវារថភ្លើងក្រោមដីត្រូវបានផ្អាកម្តងទៀតកាលពីថ្ងៃអង្គារ ដោយមិនបានបញ្ជាក់ហេតុផលនោះទេ។ នេះបើយោងតាមទំព័រ Telegram របស់រថភ្លើងក្រោមដីមួយនេះ។

នៅក្នុងតំបន់ Kherson ដែលជាតំបន់កាន់កាប់ដោយរុស្ស៊ីឯនោះវិញ អាជ្ញាធររុស្ស៊ីបានជម្លៀសប្រជាជនរហូតដល់ទៅប្រមាណ ៧ ម៉ឺននាក់ដែលរស់នៅចម្ងាយ ១៥ គីឡូម៉ែត្រក្បែរទន្លេ Dnieper ដោយសារតែការប្រមើលមើលឃើញថា ការវាយលុករបស់អ៊ុយក្រែនចូលទៅក្នុងតំបន់នេះ អាចនឹងកើតមានឡើងនាពេលឆាប់ៗខាងមុខ នេះបើយោងតាមអភិបាលតំបន់ដែលតែងតាំងដោយវិមានក្រឹមឡាំង លោក Vladimir Saldo។ យ៉ាងណាក៏ដោយ បុគ្គលិកទូទៅរបស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ បានពណ៌នាការជម្លៀសថ្មីនេះថាជាការផ្លាស់ទីលំនៅដោយបង្ខំ ព្រោះអ្នកដែលរស់នៅតាមច្រាំងទន្លេ Dnieper ត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេដោយបង្ខំ។

នៅក្នុងប្រទេសរុស្ស៊ីឯណោះវិញ កងទ័ពដែលទើបនឹងកែនបានសរុបចំនួន ១២ ម៉ឺននាក់ត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ជូនឱ្យទៅធ្វើជាទាហានក្នុងរយៈពេលពីរខែខាងមុខនេះ។ ទន្ទឹមនឹងនេះ មន្ត្រីយោធារុស្ស៊ីបានធានាថា ទាហានជើងគោកដែលទើបនឹងកែនបាននេះ នឹងមិនត្រូវបានបញ្ជូនទៅប្រយុទ្ធនៅសមរភូមិអ៊ុយក្រែន និងតំបន់ឧបសម្ព័ន្ធនោះទេ។

គួរដឹងដែរថា សេចក្តីព្រាងច្បាប់នៃការកែនទ័ពបន្ថែម គ្រោងនឹងចាប់ផ្តើមនៅខែតុលា ប៉ុន្តែត្រូវបានពន្យារពេលមួយខែ ដោយសារការចល័តផ្នែកខ្លះនៃទាហានចំនួនបីសែននាក់ ទើបនឹងបញ្ចប់កាលពីថ្ងៃចន្ទ។ អ្នករិះគន់វិមានក្រឹមឡាំងបានព្រមានថា ការអំពាវនាវឱ្យចូលធ្វើទាហានអាចបន្តអនុវត្តឡើងវិញ បន្ទាប់ពីសេចក្តីព្រាងច្បាប់កេណ្ឌទ័ពត្រូវបានបញ្ចប់។

រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu បាននិយាយកាលពីថ្ងៃអង្គារថា «ក្នុងចំណោមទាហានថ្មីៗទាំង ៣សែននាក់ មានមួយចំនួនបានចូលធ្វើទាហានតាមការប្រកាសដោយលោក ពូទីន កាលពីថ្ងៃទី ២១ ខែកញ្ញា។ ក្នុងនោះ ទាហានចំនួន ៨៧.០០០ នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ហើយគ្រូបង្ហាត់យោធាប្រហែលបីពាន់នាក់ដែលមានបទពិសោធន៍ប្រយុទ្ធ ក៏ត្រូវទទួលភារៈបណ្តុះបណ្តាលនៅទីនោះផងដែរ»។

សកម្មជន និងរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី រួមទាំងសារព័ត៌មាន The Associated Press បានឱ្យដឹងថា ទាហានបម្រុងជាច្រើននាក់ដែលគ្មានបទពិសោធន៍ធ្វើសង្គ្រាម ត្រូវបានគេបង្គាប់ឱ្យទិញសម្ភារមូលដ្ឋានដូចជា កញ្ចប់វេជ្ជសាស្ត្រ និងអាវធំដោយខ្លួនឯង និងមិនបានទទួលការបណ្តុះបណ្តាលមុនពេលពួកគេត្រូវបានបញ្ជូនទៅប្រយុទ្ធនោះឡើយ៕
ដោយ៖ធា សុខណា

ads banner