រុស្ស៊ីបញ្ជាឱ្យប្រជាជនរាប់ម៉ឺននាក់ ផ្លាស់ទីចេញពីតំបន់ភាគខាងត្បូងអ៊ុយក្រែន
រុស្ស៊ី៖អាជ្ញាធររុស្ស៊ីបានបញ្ជាឱ្យជនស៊ីវិលអ៊ុយក្រែនរាប់ម៉ឺននាក់ ដែលរស់នៅក្បែរច្រាំងខាងកើតនៃទន្លេនីប៉ឺ ផ្លាស់ទីចេញ ក្រោមបញ្ជាដែលអ៊ុយក្រែនហៅថាស្មើនឹង «ការផ្លាស់ទីដោយបង្ខំ»។
មន្រ្តីតំបន់ឃឺរសុន ដែលរុស្ស៊ីគាំទ្រ បានរាយការណ៍ថា ប្រជាជនចំនួន ៧០ ០០០ នាក់ត្រូវបានបម្លាស់ទីលំនៅ ដោយតែការបារម្ភដែលថាអ៊ុយក្រែននឹងធ្វើការវាយប្រហារទ្រង់ទ្រាយធំ ហើយវាជាការពង្រីកការជម្លៀសប្រជាជនចេញពីតំបន់ឃឺរសុន ដែលគ្រោងនឹងបញ្ចប់ក្នុងសប្ដាហ៍នេះ។
កាលពីជាងមួយសប្តាហ៍មុន លោក Vladimir Saldo អភិបាលក្រុងឃឺរសុន ដែលរុស្ស៊ីតែងតាំង បានបញ្ជាឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីរដ្ឋធានីក្នុងតំបន់ ហើយថាអ្នកដែលមិនស្តាប់បង្គាប់ ប្រថុយនឹងការចាត់ទុកជាអរិភាព។
ប្រមុខរដ្ឋបាលយោធាតំបន់អ៊ុយក្រែន ប្រចាំក្រុង Mykolaiv ដែលកំពុងប្រយុទ្ធគ្នា លោក Vitaly Kim បានថ្លែងថា រុស្ស៊ីកំពុងបោសសម្អាតជនស៊ីវិល ដើម្បីផ្តល់កន្លែងសម្រាប់កងទ័ពកំណែនថ្មី ដោយសង្ឃឹមថា ពួកគេនឹងមានកន្លែងសម្រាប់រស់នៅដោយមានកំដៅ ទឹក និងថាមពល។
គួរបញ្ជាក់ថា សកម្មភាពបម្លាស់ទីរបស់រុស្ស៊ី ធ្វើឡើងក្រោយពេលដែលរុស្ស៊ី ដែលកំពុងចាញ់ប្រៀបនៅសមរភូមិប្រយុទ្ធ កាត់ទឹកដីតំបន់ភាគខាងកើត និងខាងត្បូងចំនួនបួនថាជារបស់ខ្លួន ហើយរុស្ស៊ីប្រកាសច្បាប់អាជ្ញាសឹកនៅទីនោះ។ សកម្មភាពនេះក៏ធ្វើឡើងផងដែរ ខណៈពេលរុស្ស៊ីបង្កើនការវាយប្រហារដោយមីស៊ីលលើហេដ្ឋរចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន ដែលធ្វើឱ្យមានការថ្កោលទោសផ្សេងៗពីសហគមន៍អន្តរជាតិ ជាពិសេសលោកខាងលិច ដែលផ្ដល់ជំនួយសព្វាវុធឱ្យអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីតែងតែបដិសេធថាខ្លួនមិនកំណត់គោលដៅជនស៊ីវិលនោះទេ ហើយជុំវិញការវាយប្រហារដោយមីស៊ីលប៉ុន្មានថ្ងៃចុងក្រោយនេះ លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហៅវាថាជាការសងសឹកចំពោះអ៊ុយក្រែន ដែលវាយប្រហារកងនាវាចរសមុទ្រខ្មៅរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន។
អ៊ុយក្រែនមិនបានបញ្ជាក់ ឬបដិសេធការវាយប្រហារកងនាវារុស្ស៊ីនោះទេ ហើយអំពាវនាវឱ្យមានការដាក់រុស្ស៊ីឱ្យនៅឯកោក្នុងស្ថាប័នអន្តរជាតិ បន្ទាប់ពីកងកម្លាំងរបស់ប្រទេសនេះ បានវាយប្រហារគោលដៅជនស៊ីវិលនៅក្នុងទីក្រុងជាច្រើនរបស់អ៊ុយក្រែន៕
ដោយ៖ហួន ឌីណា ប្រភព៖ Russia Orders Tens of Thousands of Southern Ukrainians to Relocate