ប្រធានាធិបតីអ៊ុយក្រែនស្នើសុំថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) បានស្នើសុំពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានអាស៊ាន ដើម្បីទទួលបានឱកាស​ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលដ៏ខ្លីខាងមុខនេះ។

សំណើរបស់ប្រធានាធិបតីអ៊ុយក្រែន បានធ្វើឡើងនៅក្នុងជំនួបតាមទូរស័ព្ទលើកដំបូងជាមួយសម្តេចតេជោ ហ៊ុន សែន កាលពី រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើកឡើងថា លោក ហ្ស៊ែលឡិនស្គី បានកត់សម្គាល់ដោយការពេញចិត្ត និងបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីថ្លែងការណ៍របស់អាស៊ាន គាំទ្រដល់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះសំណើអ៊ុយក្រែនសុំចូលជាភាគីនៃសន្ធិសញ្ញា មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ទន្ទឹមនឹងនេះ លោកក៏បានស្នើសុំឡើងថ្លែងនៅក្នុងកិច្ចប្រជុំអាស៊ានផងដែរដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាសង្គ្រាមដែលរុស្ស៊ីកំពុងឈ្លានពានរបស់របស់លោក។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាលើកឡើងថា៖ «ឯកឧត្តមប្រធានាធិបតី បានស្នើសុំថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូរសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ផងដែរ»

លោកបានប្រើវេទិកាបណ្ដាញសង្គមនានានិង តាមទូរស័ព្ទផងដើម្បីថ្លែងអំណរគុណសម្តេចតេជោនាយកដ្ឋមន្ត្រីកម្ពុជា ចំពោះជំនួបនេះ។លោកសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីខែសីហាកន្លងទៅ និងបានជូនពរកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត។

ទោះជាយ៉ាងនេះក្តី លោកហ៊ុន សែនមិនទាន់អាចធនាថា ប្រធានាធិបតីអ៊ុយក្រែននឹងអាចឡើងថ្លែងក្នុងវេទិកាអាស៊ានបានឬអត់ឡើយ។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបញ្ជាក់ថា«ជាការឆ្លើយតប សម្តេចតេជោនាយកដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជានឹងបន្តធ្វើការងារជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននេះ»

ប្រធានាធិបតីអ៊ុយក្រែនធ្លាប់ថ្លែងសុន្ទរកថាជាអន្តរជាតិ តាមវីដេអូជាច្រើនវេទិកាមកហើយ។ លោកធ្លាប់ថ្លែងនៅសភាអឺរ៉ុប ថ្លែងនៅព្រឹទ្ធសភាអាមេរិក ថ្លែងនៅតាមបណ្ដាកិច្ចប្រជុំធំៗជាច្រើនទៀតរាប់តាំងពីកិច្ចប្រជុំថ្នាក់តំបន់ និងកិច្ចប្រជុំក្នុងក្របខណ្ឌអង្គការសហប្រជាជាតិជាដើម។ ខ្លឹមសារសំខាន់ៗដែលលោកធ្លាប់ថ្លែងកន្លងទៅ រួមមានការបង្ហាញពីវិនាសកម្មនៅអ៊ុយក្រែនដែលបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ី និងស្នើសុំអោយអន្តរជាតិដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីជាដើម។

ប្រទេសកម្ពុជាជាសមាជិកផ្ដួចផ្ដើមមួយនៅក្នុងចំណោមបណ្ដាសមាជិករបស់អង្គការសហប្រជាជាតិ ដែលចេញមុខប្រឆាំងការឈ្លានរបស់រុស្ស៊ីលើអ៊ុយក្រែន។ទោះជាយ៉ាងណាកម្ពុជាក្នុងនាមជាម្ចាស់អាស៊ាន ក៏បានផ្ញើលិខិតផ្លូវការអញ្ជើញលោកពូទីនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន រុស្ស៊ីនៅកម្ពុជាដែរ ប៉ុន្តែលោក ពូទីន មិនទាន់ឆ្លើយតបថានឹងមកឬអត់នៅឡើយ។ប្រទេសក្នុងតំបន់អាស៊ានភាគច្រើនមានជំហរនៅខាងអ៊ុយក្រែន ខណៈដែលមីយ៉ាន់ម៉ាដែលកំពុងកាន់កាប់ដោយយោធានោះនៅខាងរុស្ស៊ី៕ ដោយ៖វណ្ណស័ក្ដិ

ads banner