ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ចុះអនុស្សារណៈជាមួយក្លិបបាល់ទាត់នគរបាលជាតិ ដើម្បីក្លាយជាដៃគូយុទ្ធសាស្រ្តក្នុងការលើកស្ទួយវិស័យកីឡា
ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានចុះអនុស្សារណៈជាមួយក្លិបបាល់ទាត់នគរបាលជាតិលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះ ធ្វើឡើងនៅទីលានបាល់ទាត់នៃរោងចក្រផលិតភេសជ្ជៈកម្ពុជា (កូកា-កូឡា) នាថ្ងៃទី១១ ខែសីហាម្សិលមិញនេះ ក្នុងគោលដៅក្លាយជាដៃគូយុទ្ធសាស្រ្តក្នុងការលើកស្ទួយវិស័យកីឡា ក៏ដូចជាគាំទ្រវិស័យកីឡាបាល់ទាត់លីគកំពូលកម្ពុជា។
ពិធីចុះអនុស្សារណៈនេះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានព្រមព្រៀងឧបត្ថម្ភធំនូវសម្ភាររួមមាន៖ ផ្គត់ផ្គង់ភេសជ្ជៈបង្កើនជាតិទឹកអាឃ្វ័ររៀស (Aquarius) ទឹកបរិសុទ្ធដាសានី Dasani និងសម្ភារកីឡាផ្សេងៗទៀត សម្រាប់ការប្រើប្រាស់ជាប្រចាំទៅដល់ក្លិបបាល់ទាត់នគរបាលជាតិក្នុងរយៈពេល១៦ខែ។ អាឃ្វ័ររៀស គឺជាពាណិជ្ជសញ្ញាដ៏ល្បីមួយរបស់ក្រុមហ៊ុនកូកា-កូឡា ហើយបានក្លាយជាពាណិជ្ជសញ្ញាដែលឈានមុខគេចំណាត់ថ្នាក់លេខ១ ផ្នែកភេសជ្ជៈបំពេញជាតិទឹក នៅក្នុងប្រទេសជប៉ុន។ រីឯនៅប្រទេសកម្ពុជាវិញ អាឃ្វ័ររៀស ត្រូវបានទទួលស្គាល់ថា ជាពាណិជ្ជសញ្ញាដ៏មានប្រជាប្រិយភាព និង លេចធ្លោ ក្នុងចំណោមប្រភេទផលិតផលដែលមានការប្រកួតប្រជែងខ្ពស់។ អាឃ្វ័ររៀស តែងតែយកចិត្តទុកដាក់ និងលើកស្ទួយដល់សកម្មភាពកីឡាស្ទើរគ្រប់ប្រភេទ ចាប់តាំងពីកីឡាកម្រិតមូលដ្ឋាន ស្រុក-ខណ្ឌ ខេត្ត-រាជធានី រហូតដល់ថ្នាក់ជាតិ។ តួយ៉ាង អាឃ្វ័ររៀសបានឧបត្ថម្ភធំដល់កម្មវិធី “កីឡាសិស្សថ្នាក់ជាតិ”កាលពីខែមិថុនា ដែលនោះជាការប្រកួតប្រជែងថ្នាក់ជាតិលើកដំបូងសម្រាប់សិស្សកម្រិត ចំណេះទូទៅ និងមានការចូលរួមពីកីឡាករ កីឡាការិនី ជាសិស្សានុសិស្សរហូតដល់ទៅជាង៣,០០០នាក់លើ១១ វិញ្ញាសាផ្សេងៗគ្នា។ លើសពីនេះទៀត ថ្មីៗនេះ ក្រុមហ៊ុនរៀបចំការប្រកួតបាល់ទាត់មួយមានឈ្មោះថា “ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀសខណ្ឌកំបូល” ដែលមានសមាសភាពចូលរួមពីយុវជនមកពីសង្កាត់ទាំង៧ ក្នុងខណ្ឌកំបូល។
ដោយឡែកការចុះអនុស្សារណៈជាមួយក្លិបបាល់ទាត់នគរបាលជាតិនៅថ្ងៃនេះ គឺជាសញ្ញាណថ្មីមួយទៀត ដែលបង្ហាញថា អាឃ្វ័ររៀស មិនត្រឹមតែធ្វើការឧបត្ថម្ភដល់កម្មវិធីរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនបន្តគាំទ្រដល់កីឡាករក្នុងរយៈពេលច្រើនជាង១ឆ្នាំ ដើម្បីប្រាកដថាពួកគាត់ទទួលបានភេសជ្ជៈដែលមាន គុណភាពក៏ដូចជាសម្ពារកីឡាប្រើប្រាស់គ្រប់គ្រាន់នៅរៀងរាល់ការប្រកួត។
ក្នុងឱកាសនោះដែរ លោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) មានប្រសាសន៍ថា “យើងពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានក្លាយខ្លួនជាដៃគូសហការឧបត្ថម្ភដល់ក្លិបបាល់ទាត់នគរបាលជាតិ ដែលជាក្លិបអាជីពក្នុងលីគកំពូលកម្ពុជាមួយនេះ។ យើងសង្ឃឹមយ៉ាងមុតមាំថា កីឡាករទាំងអស់នឹងយកអស់កម្លាំងកាយចិត្ត ធ្វើឱ្យបានល្អសម្រាប់ការប្រកួតនាពេលខាងមុខ ហើយរាល់ពេលដែលនឿយហត់ អាចចាប់យកអាឃ្វ័ររៀសត្រជាក់មកពិសាបានដើម្បីបំពេញជាតិទឹកដល់ រាងកាយវិញបានឆាប់រហ័ស។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីកម្មវិធីចុះហត្ថលេខាបានចប់ជាស្ថាពរ ក៏មានការប្រកួតទាត់បាល់មិត្តភាពរវាងបុគ្គលិកកូកា-កូឡា ជាមួយនឹងក្រុមគ្រូបង្វឹកនៃក្លិបបាល់ទាត់នគរបាលជាតិផងដែរ៕ម.ន