ម្ចាស់បំណុលរងរបួស ចំណែកកូនបំណុលជាប់ខ្នោះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា (ប្រើដៃវាយឲ្យរបួស) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងបរិវេណផ្ទះលេខ២៤៥ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លី សូម៉ានេថ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ទាខ្វៃ ស្នាក់នៅផ្ទះលេខ២៤៥ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ ហ្វុង វ៉ាងគឹម ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរលក់ទា ស្នាក់នៅភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា (របួសហើមជាំភ្នែកខាងឆ្វេង០១កន្លែង)។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានទំនាក់ទំនងទិញទាពីជនរងគ្រោះ យកទៅខ្វៃលក់ និងបានទូទាត់លុយឲ្យជនរងគ្រោះ នៅខ្វះលុយមិនទាន់ទូរទាត់ចំនួន៣,៨៥២ដុល្លារ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤និង០០នាទី ជនរងគ្រោះបានមកទារលុយជនសង្ស័យ ដែលនៅជំពាក់៣,៨៥២ដុល្លារ នៅចំណុចកើតហេតុខាងលើ។ ជនសង្ស័យបានស្ទុះចេញពីក្នុងផ្ទះធាក់ និងវាយជនរងគ្រោះឲ្យរបួស។

បន្ទាប់មកកកម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញហេតុការណ៍ ក៏បានឃាត់នាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner