សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជំហរការទូតម៉ឺងម៉ាត់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលកម្ពុជាឈរខាងអ៊ុយក្រែន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កម្ពុជាបង្ហាញជំហរការទូតម៉ឺងម៉ាត់របស់ខ្លួនក្នុងកិច្ចគាំទ្រអ៊ុយក្រែនក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ទាំងការទូតទ្វេភាគីនិងក្នុងនាមជាប្រធានអាស៊ានតាមរយៈកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទរវាងប្រធា​នាធិបតីអ៊ុយក្រែន ដែលកម្ពុជាឈរនៅជាមួយភាគីអ៊ុយក្រែន ។

នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី(Volodymyr Zelensky) ដូចការគ្រោងទុក។ភាគីទាំងពីរបានពិភាក្សាគ្នាជុំវិញឥទ្ធផលអាក្រក់ដែលបង្កឡើងពីវិបត្តិសង្គ្រាមរុស្ស៊ីឈ្លានពានលើអ៊ុយក្រែនទាំងសម្រាប់អ៊ុយក្រែននិងពិភពលោកទាំងមូលជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខថាមពល និងស្បៀងអាហារ ជាពិសេសបញ្ហាអតិផណាជាសាកល ជាដើម។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជាបានឱ្យដឹងថាក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញក្តីបារម្ភចំពោះការវាយប្រហារថ្មីៗពីសំណាក់រុស្ស៊ីលើអ៊ុយក្រែនដែលបណ្តាលឱ្យប្រជាជនជាច្រើនបាត់បង់ជីវិតនិងរងរបួស ខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា និងបង្កឱ្យកើតមានវិបត្តិថាមពល ស្បៀង និងអតិផរណាជាសាកល។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីគោលជំហរកម្ពុជាដូច្នេះថា« កម្ពុជាចំពោះសង្គ្រាមអ៊ុយក្រែន កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬការប្រើប្រាស់កម្លាំងលើអធិបតេយ្យ បូរណភាពដែនដីរបស់រដ្ឋឯករាជ្យនិងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ​ »។

ភាគីប្រធានាធិបតីអ៊ុយក្រែនលោក ហ្ស៊ែលឡិនស្គី វិញ លោកបានសម្តែងការអរគុណដល់កម្ពុជាយ៉ាងជ្រាលជ្រៅ ដែលកម្ពុជាបានគាំទ្រនិងចូលជាសហស្ថាបតិកសេចក្តីសម្រេចចិត្តរបស់មហាសន្និ​បាតអង្គការសហប្រជាជាតិក្នុងការដាក់បន្ទុកដល់រុស្ស៊ីពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

នៅក្រោយជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន,  លោកប្រធានាធិបតីអ៊ុយក្រែនបានសរសេរនៅលើបណ្តាញសង្គមធ្វីតធ័រ(Twitter)របស់លោកថា៖ «សូមថ្លែងអំណករគុណដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានដែលគាំទ្រដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែនក្នុងមហាសន្និ​បាតអង្គការសហប្រជាជាតិ។ធានាថា យើងនឹងនៅជាអ្នកធានាដល់សន្តិសុខស្បៀងសម្រាប់ប្រទេសក្នុងតំបន់អាស៊ាន »។

អ្នកជំនាញនយោយអន្តរជាតិលោកបណ្ឌិត គិន ភា លើកឡើងថា ជំនួបតាមទូរស័ព្ទរវាងមេដឹកនាំកម្ពុជា និងអ៊ុយក្រែននៅពេលនេះ វាជាការសបញ្ជាក់កាន់តែច្បាស់ពីភាពប្រាកប្រជារបស់កម្ពុជាក្នុងជំហរគាំទ្រអ៊ុយក្រែន ចំពោះសំណុំរឿងរុស្ស៊ី-អ៊ុយក្រែន ចំពេលដែលសោកនាដកម្មកំពុងកើតមានឡើងពីសង្គ្រាមដែល រុស្ស៊ីឈ្លានពានអ៊ុយក្រែន។

លោក គិន ភា៖ «កម្ពុជាបង្ហាញជំហរប្រឆាំងដាច់ខាតចំពោះការឈ្លានពានដោយប្រើប្រាស់កម្លាំងបាយពីសំណាក់ប្រទេសមួយទៅលើប្រទេសមួយទៀត។ កម្ពុជាគាំទ្រការដោះស្រាយដោយសន្តិវិធី តាមរយៈការចរចា ដោយយកទស្សនៈថា គេមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបាននោះទេ» ។

សម្រាប់កិច្ចការដែលអ៊ុយក្រែនចង់ចូលជាសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) នោះ លោក គិន ភា គូសបញ្ជាក់ថា នេះជាលិខិតូបករណ៍អន្តរជាតិដ៏មានសារៈសំខាន់មួយសម្រាប់ភាគីជាសមាជិកអាស៊ាននិងសមាជិករដ្ឋជាដៃគូនេះអាចជជែកគ្នា។ លោកថា  កិច្ចសហប្រតិបត្តិការគ្នានេះឈរលើមូលដ្ឋានសន្តិភាព ការមិនជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមា​ជិក ព្រមទាំងគោរពដែនអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពគ្នា ក្នុងសន្តិសហវិជ្ជមាន ដើម្បីស្ថេរភាពក្នុងតំបន់ និងពិភពលោក។

លោក គិន ភា បន្ថែមថា ជំនួបតាមទូរស័ព្ទនេះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី ឡើយ ប៉ុន្តែលោកសង្កត់ធ្ងន់ថា វាអាចឱ្យភាគីរុស្ស៊ីអាក់អន់ស្រពន់ចិត្តខ្លះៗបាន។

ក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-អ៊ុយក្រែន ភាគីទាំងពីរបានសម្រេចឯកភាពគ្នាលើការតែងតាំងនិងផ្លាស់ប្តូរឯកអគ្គរាជទូត/អគ្គរដ្ឋទូត គ្នាទៅវិញទៅមក និងកម្ពុជាសន្យាបញ្ជូនអ្នកជំនាញការដោះមីនរបស់កម្ពុជាសហការជាមួយជប៉ុនទៅកាន់អ៊ុយក្រែននៅពេលវេលាសមស្របមួយ។ ប្រធានាធិបតីអ៊ុយក្រែន អញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអ៊ុយក្រែនផង ដែលសម្តេចតេជោសន្យាថានឹងធ្វើដំណើរទៅអ៊ុយក្រែនក្នុងពេលវេលាសមស្របណាមួយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានទៅបំពេញទស្សនកិច្ចម្តងកាលពីឆ្នាំ ១៩៨១ ក្នុងនាមជារដ្ឋមន្ត្រីការបរទេសនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលកាលណោះអ៊ុយក្រែនជាផ្នែកមួយនៃសហភាពសូវៀត។

កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានចូលរូមបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាទអង្គការសហប្រជាជាតិជាមួយបណ្តាប្រទេសនានាផ្សេងទៀតក្នុងសំឡេង១៤១ ក្នុងចំណោម ១៩៣ ប្រទេសដែលជាការគាំទ្រ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន ហើយ​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញ​ពី​អ៊ុយក្រែន​ជាបន្ទាន់ និង​ដោយគ្មាន​លក្ខខណ្ឌ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏បានចូលជាសមាជិកសហស្ថាបនិកផ្តួចផ្តើម ឬ Co-Sponsor យល់ព្រមឱ្យគេកត់ត្រាថាជាប្រទេសចូលរួមផ្តួចផ្តើមសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិផង ក្នុងចំណោម ៩៤ប្រទេស ក្នុងអនុម័ត​នូវ​សេចក្តី​សម្រេច​ជា​ដំណោះស្រាយ​ ដែល​ទាម​ទារ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើប្រាស់​កម្លាំង​ប្រឆាំង​នឹង​អ៊ុយក្រែន៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner